គ្រាប់កាំភ្លើងយន្ត១២,៧ត្រូវបានថៃប្រទះឃើញនៅក្បែរព្រំដែនកម្ពុជារាប់រយគ្រាប់ ប្រទេសថៃ
គ្រាប់កាំភ្លើងយន្តប្រភេទ១២,៧ ជាង ៥០០ គ្រាប់ ត្រូវបានភាគីថៃប្រទះឃើញនៅក្បែរព្រំដែនកម្ពុជា ដែលគ្រាប់ទាំងនោះត្រូវបានជនមិនស្គាល់មុខធ្វើការវេចខ្ចប់យ៉ាងស្អាត ខណៈដែលកម្លាំងយោធាឈុតខ្មៅថៃធ្វើការល្បាតតាមខ្សែបន្ទាត់ព្រំដែន។
កាលពីថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១ និង ៣០ នាទីរសៀល កម្លាំងយោធាថៃ លេខ៥២៣ បានធ្វើការល្បាតតាមខ្សែបន្ទាត់ព្រំដែន។ លុះដល់ចំណុចណងបន ស្ថិតក្នុងភូមិ ១៤ ឃុំធុងខ្នាន ស្រុកសយដាវ ខេត្តចាន់បូរី ដែលចំណុចនេះគឺប្រឈមជាមួយនឹងច្រកអន្តរជាតិដូងក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។នៅពេលនោះដែរកម្លាំងយោធាឈុតខ្មៅថៃបានប្រទះឃើញមានវត្ថុអ្វីម្យ៉ាងដែលត្រូវបានជនមិនស្គាល់មុខច្រកនៅក្នុងការ៉ុងជី ចំនួន ២ ការ៉ុង ហើយលាក់នៅក្នុងគុម្ពោធព្រៃ ទើបកម្លាំងបានចូលទៅត្រួតពិនិត្យក៏បានប្រទះឃើញកែសគ្រាប់ ធុន១២,៧ ចំនួន ៦ កែស។នៅពេលដែលសមត្ថកិច្ចថៃបើកកែសទាំងនោះឡើងគឺសង្កេតឃើញថាគ្រាប់កាំភ្លើងធុន១២,៧ ក្នុងមួយកែសមានចំនួន ៨៥ គ្រាប់ សរុបទាំងអស់គឺមានចំនួន ៥១០ គ្រាប់។គួរបញ្ជាក់ថាកាលពីអំឡុងដើមខែមករា ឆ្នាំ២០២៤ កន្លងទៅ កម្លាំងយោធាថៃក៏បានរកឃើញគ្រាប់ប្រភេទនេះចំនួន ០៤ ការ៉ុងផងដែរ ដែលគេបានយកមកលាក់ទុកនៅក្នុងតំបន់តែមួយ ដែលទីតាំងនេះមានចម្ងាយប្រមាណ ៥០០ ម៉ែត្រពីអូរព្រំដែនកម្ពុជាតែប៉ុណ្ណោះ ដែលបច្ចុប្បន្នកម្លាំងយោធាថៃកំពុងធ្វើការស្រាវជ្រាវទៅលើគ្រាប់រំសេវទាំងនេះដើម្បីស្វែងរកប្រភពឲ្យបានច្បាស់លាស់ ៕




