(ពោធិ៍សាត់)៖ នាល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ អភិបាលខេត្តពោធិ៍សាត់ឯកឧត្តម ខូយ រីដា បានបញ្ជាក់ជូនអំពីគុណប្រយោជន៍ នៃសមិទ្ធផលទំនប់ច្រាំងស្ទឹង ការពារទឹកជំនន់ និងទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់មួយ នៅពេលគម្រោងទាំងនេះស្ថាបនារួច នឹងអាចជួយកាត់បន្ថយហានិយភ័យនៃការហូរច្រោះ ពិសេសផ្តល់ជាថាមពលអគ្គិសនី ប្រើប្រាស់ក្នុងវិស័យកសិកម្ម វិស័យទេសចរណ៍ កសិទេសចរណ៍ និងកាត់បន្ថយការជន់លិច ក្នុងក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង។
ឯកឧត្តមអភិបាលខេត្ត បានលើកឡើងបែបនេះ ក្នុងឱកាសចុះពិនិត្យមើលទីតាំងសាងសង់ទំនប់ច្រាំងស្ទឹង ការពារទឹកជំនន់ ដែលស្ថិតក្នុងភូមិស្វាយចាន់ ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ខណៈពីអតីតកាល តំបន់នេះធ្លាប់បានបង្កមហន្តរាយ និងហានិភ័យយ៉ាងខ្លាំង ដល់សុខសុវត្ថិភាពប្រជាពលរដ្ឋ។
ឯកឧត្តម ខូយ រីដា បានបញ្ជាក់ទៀតថា ការដែលសាងសង់ច្រាំងស្ទឹងនេះឡើង គឺដោយសារប្រជាពលរដ្ឋនៅក្នុងទីប្រជុំជនតំបន់នេះ ជួបការលំបាកជារៀងរាល់ឆ្នាំ។ បើនិយាយទៅ ឲ្យតែដល់ខែទឹកជំនន់ គឺប្រជាពលរដ្ឋ នៅតាមដងស្ទឹងយើង តែងតែជួបការលំបាកជារៀងរហូត ដោយសារកន្លែងនេះ ស្ទឹងកាច់ខ្លាំង។ ពេលខ្លះទឹកបុកខ្លាំង គឺបាក់ហូរច្រោះ និងខូចខាតភូមិឋានដំណាំស្រែចង្ការ បាក់ធ្លាក់ជាបន្តបន្ទាប់។
ឯកឧត្តមបានបន្តថា តែមកដល់ពេលបច្ចុប្បន្ននេះ ដោយសារប្រទេសជាតិយើង មានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍន៍ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុន សែន និងក្នុងអាណត្តិទី៧ ថ្នាក់ដឹកនាំបន្តវេន គឺសម្ដេ បវរធិបតី ហ៊ុន ម៉ាណែត របស់យើង គឺលោកប្រឹងប្រែងស្ទុះស្ទារ ធ្វើយ៉ាងណាជំរុញការអភិវឌ្ឍន៍ ឆ្លើយតបទៅនឹងការគាំទ្រគោលនយោបាយ ពិសេសប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ និយាយជារួមនិងនិយាយដោយឡែក ប្រជាពលរដ្ឋក្នុងស្រុកកណ្តៀងយើង បានគាំទ្រគោលនយោបាយ លេខ១ ឈ្នះដាច់ ទូទាំងប្រទេស។
ទាំងនេះក៏អាចនិយាយបានថា គឺដោយសារតម្លៃនៃសុខសន្តិភាព ទើបរាជរដ្ឋាភិបាល ទម្លាក់ជូនថវិកា សម្រាប់ធ្វើច្រាំងស្ទឹង ទប់ទឹកជំនន់នេះឡើង ជូនពុកម៉ែបងប្អូនបានប្រើប្រាស់ លែងជួបការលំបាក និងលែងដាច់ងងុយ ភ័យខ្លាចបាក់ផ្ទះទៀតហើយ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា ដំណាក់កាលទីមួយ គឺក្នុងឆ្នាំ២០២៣ យើងបានកសាងទំនប់ច្រាំងស្ទឹង ចំនួន១៣កន្លែងរួចរាល់ហើយ ក្នុងស្រុកកណ្ដៀង និងក្រុងពោធិ៍សាត់។ បច្ចុប្បន្ននេះ ក្នុងដំណាក់កាលទី២ យើងក៏បានអភិវឌ្ឍន៍មួយកន្លែងទៀត ដែលមានប្រវែងរហូតទៅដល់ជាង៤០០ម៉ែត្រ។
ក្នុងនាមថ្នាក់ដឹកនាំខេត្ត ឯកឧត្តមក៏បានប្ដេជ្ញាចិត្តគ្រប់បែបយ៉ាង ដើម្បីរកដំណោះស្រាយ ជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់របស់យើងទាំងអស់ ជាស្តែងដូចជាការធ្វើស្រែប្រាំង ជំហ៊ាន២ មានប្រមាណជាង៥ម៉ឺនហិកតា ដែលផែនការ មានត្រឹមតែ២ម៉ឺនហិកតាតែប៉ុណ្ណោះ។ ទោះបីជាយ៉ាងនេះក្តី យើងបានបើកបំពង់ទ្វាទឹក ទំនប់ទី៣ និងទី៥ ដើម្បីជួយអន្តរាគមន៍សង្គ្រោះស្រូវប្រាំងប្រជាពលរដ្ឋ ដែលកំពុងខ្វះខាតទឹក។ បញ្ហាទឹកនេះ គឺយើងមិនតម្រូវតែប្រើប្រាស់ សម្រាប់តែកិច្ចការងារវិស័យកសិកម្មប៉ុណ្ណោះទេ គឺយើងទុកសម្រាប់ប្រើប្រាស់ សម្រាប់ជីវិតមនុស្ស សត្វ ក្នុងរយៈពេលរដូវប្រាំងប៉ុន្មានខែខាងមុខផងដែរ។
នៅពេលគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់មួយ (ទំនប់ទី១) ស្ថាបនារួច ទំនប់នេះអាចស្ទុកទឹកបានជាង១០០លានម៉ែត្រគូប ដែលអាចនិយាយបានថា យើងមានលទ្ធភាព បើកឱកាសដល់ប្រជាកសិករ ធ្វើស្រែគ្រប់រដូវកាល ដោយមិនបារម្មណ៍ខ្វះទឹកទៀតហើយ។ ជាមួយគ្នានោះ គុណប្រយោជន៍នៃទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់មួយ ក៏ជាក្តីសង្ឃឹមដ៏ខ្ពស់ ព្រោះថាទំនប់នេះ បានផ្តល់ជាថាមពលអគ្គិសនី ប្រើប្រាស់ក្នុងវិស័យកសិកម្ម វិស័យទេសចរណ៍ កសិទេសចរណ៍ និងកាត់បន្ថយការជន់លិច ក្នុងក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង។
ពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដែលទទួលប្រយោជន៍ពីគម្រោងអភិវឌ្ឍន៍នេះ ក៏សូមថ្លែងអំណរគុណ ជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ពិសេសសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ សូមមានអាយុយឺនយូរ ជាម្លប់ដល់កូនចៅប្រជាពលរដ្ឋតរៀងទៅ៕




