នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ រដ្ឋបាលខេត្តប៉ៃលិន បានប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ០១ ធ្នូ ឆ្នាំ២០២៣ (លើកទី៣០ នៅកម្ពុជា) ក្រោមប្រធានបទ «សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍» និងពិធីសំណេះសំណាល សួរសុខទុក្ខ ចែកអំណោយមនុស្សធម៌ជូនបងប្អូនប្រជាពលរដ្ឋរស់នៅជាមួយមេរោគអេដស៍ ជំងឺអេដស៍ជាច្រើននាក់ នៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ក្រោយអធិបតីភាព ឯកឧត្តម ហុក សុផល អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នឹងដោយមានការអញ្ជើញចូលរួមប្រធានមន្ទីរស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត យុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជាពលរដ្ឋចូលរួមជាង ៣០០នាក់ចូលរួមផងដែរ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ហុក សុផល ក្នុងនាមរដ្ឋបាលខេត្ត ក៏សូមធ្វើការអំពាវនាវដល់ស្ថាប័នជាតិ ស្ថាប័នឯកជន សង្គមស៊ីវិល ដៃគូ អភិវឌ្ឍន៍ បណ្តាញអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ បណ្តាញអ្នកប្រឈមខ្ពស់នឹងការចម្លងមេរោគអេដស៍និងបងប្អូនជនរួមជាតិទាំងអស់ ឱ្យបន្តការចូលរួមឱ្យបានតែសកម្មថែមទៀតទៅតាមលទ្ធភាពនិងជំនាញរបស់ខ្លួន។ ព្រោះថាមានតែការរួបរួមសាមគ្គីគ្នាជាធ្លុងមួយទេ ដែលអាចដឹកនាំឆ្ពោះទៅការលុបបំបាត់ការឆ្លងរីករាលដាល ជម្ងឺអេដស៍អោយអស់នៅឆ្នាំ២០២៥ខាងមុខនេះ ប្រកបដោយប្រសិទ្ធភាព។
លោកអភិបាលរងខេត្តក៏បានថ្លែងសារអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាអ្នករស់នៅជាមួយជំងឺអេដស៍ ជាពិសេសក្រុមបុរសស្រឡាញ់បុរស និងក្រុមស្ត្រីបម្រើសេវានៅតាមកន្លែងកម្សាន្តសប្បាយមនុស្សពេញវ័យ ត្រូវអនុវត្តវិធានការបង្ការ ការចម្លងឱ្យបានត្រឹមត្រូវដើម្បីសុខភាពផ្ទាល់ខ្លួន និងឈានទៅបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០២៥ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ។
ឯកឧត្តម ហុក សុផល បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាល និងបញ្ចប់ជំងឺអេដស៍ នៅឆ្នាំ២០២៥ ដោយប្រកាន់ខ្ជាប់គោលការណ៍សមភាព និងបរិយាបន្ន ក្នុងនោះត្រូវនាំគ្នាអនុវត្តវិធីសាស្ត្រ មិត្ត អប់រំមិត្ត ក្នុងការចាកឆ្ងាយពីគ្រឿងញៀន ភាពភ្លើតភ្លើនផ្លូវភេទ ដែលជាហានិភ័យខ្ពស់នៃការឆ្លងមេរោគអេដស៍ ជំងឺកាមរោគផ្សេងៗ និងត្រូវខិតខំរៀនសូត្រ ថែរក្សាសុខភាព បរិភោគអាហារូបត្ថម្ភល្អៗ និងចេះស្រឡាញ់ខ្លួនឯងនិងក្រុមគ្រួសារអោយបានច្រើន។
ក្នុងសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន បានលើកឡើងថា ៖ ប្រធានបទទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៣ «សហគមន៍តែមួយ ដឹកនាំឆ្ពោះទៅបញ្ចប់ជំងឺអេដស៍» បានគូសបញ្ជាក់យ៉ាងច្បាស់ថា ដើម្បីអាចបញ្ចប់ជំងឺអេដស៍បាន គឺទាមទារឱ្យមានការចូលរួមឱ្យបានពេញលេញ និងប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដូចដែលព្រះរាជាណាចក្រកម្ពុជាយើងធ្លាប់បាននិងកំពុងបន្តអនុវត្ត ក្នុងការឆ្លើយតបទូលំទូលាយ និងពហុវិស័យ ទៅនឹងមេរោគអេដស៍/ជំងឺអេដស៍ ដោយមិនទុកនរណាម្នាក់ឱ្យនៅឯកាឡើយ និងការបង្កើតឱ្យមានមធ្យោបាយអប់រំផ្សព្វផ្សាយថ្មីៗដែលមានលក្ខណៈឌីជីថលផងដែរ៕
ដោយ សេន ត














