(ព្រះវិហារ)៖ ឯកឧត្តម គីម រឹទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានថ្លែងអំពាវនាវដល់នាយទាហាន នាយទាហានរង និងពលទាហាន ទោះក្នុងកាលៈទេសៈណាក៏ដោយ ត្រូវតែស្មោះត្រង់ ឥតងាករេ ការពារ និងគោរពដាច់ខាតនូវបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
ការថ្លែងអំពាវនាវរបស់ឯកឧត្តមអភិបាលខេត្តព្រះវិហារ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញចូលរួមក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង នាយទាហាន នាយទាហានរង និងពលទាហាន តំបន់ប្រតិបត្តិ ការសឹងរងព្រះវិហារ ចំណុះយោធភូមិភាគទី៤ ឆ្នាំ២០២៣ នៅវរសេនាតូចលេខ១ ដោយមានការចូលរួមពីសំណាក់ឯកឧត្តមឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ព្រមទាំងលោក លោកស្រី ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ នាយរងសេនាធិការ គណៈកម្មការ យោធាចារ្យ កម្មសិក្សាការី នាយទាហាន នាយទាហានរង និងពលទាហានជា ច្រើនរូបទៀត នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣។
នៅក្នុងឱកាសនេះដែរ ឯកឧត្តមឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែងឲ្យដឹងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតែងបានយកចិត្តទុកដាក់ដោះស្រាយរាល់ការលំបាកខ្វះខាត ជូនដល់កងយោធពលខេមរភូមិន្ទ និងចាត់ទុកវិស័យការពារជាតិ ជាវិស័យមួយមានអាទិភាពខ្ពស់បំផុត ក្នុងការងារការពារសន្តិសុខ សុវត្ថិភាព ស្ថេរភាព ជូនប្រជាពលរដ្ឋ និងប្រទេសជាតិ។ ក្នុងនោះដើម្បីពង្រឹងលើវិស័យការពារជាតិ សម្តេចបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្លាបំផុត ដល់ការងារហ្វឹកហ្វឺនកងទ័ព គ្រប់លំដាប់ថ្នាក់ គ្រប់ជំនាញ ដើម្បីធានាបាននូវគុណភាព និងប្រសិទ្ធិភាព ក្នុងការប្រយុទ្ធការការពារបូរណៈ ភាពទឹកដី។
ដោយឡែក ឯកឧត្តម គីម រិទ្ធី បានថ្លែងថា វគ្គហ្វឹកហ្វឺនកន្លងមកនេះ ពិតជាបានផ្តល់នូវអត្ថប្រយោជន៍ និងគុណតម្លៃបំផុតដល់ខឿនរក្សាការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សាធារណៈ ទប់ស្កាត់រាល់បាតុភាពអនាធិបតេយ្យនានា។ ទន្ទឹមនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងកោតសសើរ និងវាយតម្លៃខ្ពស់ពីការខិតខំបំពេញភារកិច្ច របស់តំបន់ប្រតិបត្តិការសឹករងខេត្ត ដែលរក្សាបាននូវភាព សការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងភូមិសាស្ត្រខេត្តព្រះវិហារ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-ឡាវ មានសភាពស្ងប់ស្ងាត់ល្អប្រសើរ ដែលផ្ដើមចេញពី កិច្ចសហប្រតិបត្តិការល្អ រវាងកម្លាំងឈរជើងតាមបណ្តោយព្រំដែន និងកងកម្លាំងអាជ្ញាធរស្រុក និងស្រុក អាជ្ញាធរខេត្ត និងខេត្តជាប់ព្រំដែន។
ឯកឧត្តម គីម រិទ្ធី ក៏បានថ្លែងផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ក្រោយពីទទួលបានការសិក្សារៀនសូត្រ និងបទពិសោធន៍ថ្មីៗនាពេលនេះ សូមយកទៅបម្រើការងារនៅតាមអង្គភាព ឲ្យមានប្រសិទ្ឋភាព និងយកចិត្តទុកដាក់គោរពវិន័យកងទ័ព រក្សាសេចក្ដីថ្លៃថ្នូរ សីលធម៌ រស់នៅស្អាតស្អំ និងរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ហើយទោះក្នុងកាលៈទេសៈណាក៏ដោយនាយ និងពលទាហានទាំងអស់ ត្រូវតែស្មោះត្រង់ ឥតងាករេ ការពារ និងគោរពដាច់ខាតនូវបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសកងកម្លាំងកងយោធពលខេមរភូមិន្ទ ត្រូវការពារឲ្យបានបូរណភាពទឹកដី៕
ដោយ លឹម សាវុធ




