(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម សុខ សាន្តតារ៉ា អភិបាលរងខេត្តព្រះវិហារ បានអំពាវនាវ ក្នុងឱកាសដែលលោក តំណាងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់បញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដល់កុមារីអាយុ៩ឆ្នាំ នៅទូទាំងខេត្ត ដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមាតា បិតា អាណាព្យាបាលជាច្រើនរូប ។
ឯកឧត្តម សុខ សាន្តតារ៉ា បានអបអរសាទរជាមួយមន្ត្រីបុគ្គលិកសុខាភិបាល បងប្អូនប្រជាពលរដ្ឋ និងមាតាបិតាទាំងអស់ ចំពោះមោទនភាពជាតិដ៏មហិមា ដែលកុមារីអាយុ៩ឆ្នាំ នៅទូទាំងប្រទេស បានទទួលថ្នាំបង្ការជំងឺមហារីកមាត់ ស្បូនដោយមិនគិតថ្លៃថ្មីមួយមុខទៀត បន្ថែមពីលើថ្នាំបង្ការជំងឺទាំង១១មុខ នាពេលកន្លងមក។
ឯកឧត្តម អភិបាលរងខេត្តព្រះវិហារ បានថ្លែងថា ក្រោមការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចាត់ទុកកម្មវិធីជាតិផ្តល់ថ្នាំបង្ការ ជាការវិនិយោគលើវិស័យ សុខភាពសាធារណៈរបស់កុមារដ៏មានប្រសិទ្ធិភាពមួយ ព្រមទាំងបានចូលរួមចំណែកដ៏សំខាន់ក្នុងការកាត់បន្ថយអត្រាឈឺ ពិការភាព និងស្លាប់របស់កុមារនៅទូទាំងប្រទេស។ លោកថា «លទ្ធផលអត្រាគ្របដណ្តប់ផ្តល់ ថ្នាំបង្ការនៅទូទាំងប្រទេសបានជាង៩០% ជារៀងរាល់ឆ្នាំស្ទើរតែគ្រប់មុខវ៉ាក់សាំងទាំងអស់»។
ឯកឧត្តម សុខ សាន្តតារ៉ា បានអំពាវនាវមាតាបិតាអាណាព្យាបាលនៃកុមារទាំងអស់ សូមនាំកូនមកទទួលវ៉ាក់សាំងរបស់កម្មវិធីជាតិផ្តល់ថ្នាំបង្ការ ឱ្យបានគ្រប់ៗគ្នានៅតាមសាលារៀន មណ្ឌុលសុខភាព ឬតាមរយៈបុគ្គលិកផ្តល់ថ្នាំបង្ការនៅតាមភូមិ ទៅតាមផែនការ និងការណាត់របស់បុគ្គលិកសុខាភិបាល។
ដោយឡែកលោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូននាថ្ងៃនេះជាដំណាក់កាលទី១ សម្រាប់កុមារីអាយុពី៩ទៅ១០ឆ្នាំ ហើយដំណាក់កាលទី២ នឹងចាក់ចាប់ពីអាយុ៩ឆ្នាំ ដល់១២ឆ្នាំ។
លោកថា ការចាក់វ៉ាក់ការពារជំងឺដល់កុមារចំនួន១២មុខ ពិតជាមានសារៈសំខាន់ណាស់ ព្រោះអាចការពារបានពីជំងឺផ្សេងៗ ប៉ុន្តែបើកុមារនោះមានជំងឺមែនក៏មិនធ្ងន់ធ្ងរដែរ ហើយក៏មិនប្រឈមនឹងការស្លាប់ ដោយជំងឺដែលបានចាក់វ៉ាក់សាំងរួចនោះទេ ពិសេសបានចូលរួមក្នុងកាត់បន្ថយការចំណាយនៅក្នុងគ្រួសារដែរ៕ ព័ត៌មាន ដោយ លឹម សាវុធ




