ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ផ្តល់ថវិកាលើកទឹកចិត្តដល់កីឡាការិនីរត់ប្រណាំង ម៉ារ៉ាតុង ក្នុងព្រឹត្តការណ័នៃការប្រកួតកីឡាសុីហ្គេម ឆ្នាំ២០២៣

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ផ្តល់ថវិកាលើកទឹកចិត្តដល់កីឡាការិនីរត់ប្រណាំង ម៉ារ៉ាតុង ក្នុងព្រឹត្តការណ័នៃការប្រកួតកីឡាសុីហ្គេម ឆ្នាំ២០២៣
ជាការលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែងជំនះការលំបាក និងការបញ្ចេញអស់កំលាំងកាយចិត្ត ធ្វើការរត់ប្រណាំង ម៉ារ៉ាតុង ក្នុងព្រឹត្តការណ័នៃការប្រកួតកីឡាសុីហ្គេម កាលពីពេលកន្លងមកនេះ
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអនុប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (CAMSOC) លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម (CAMAPGOC) លើកទី១២ បានទទួលជួប និងផ្តល់ថវិកាជូនដល់ កីឡាការិនី អេង មុយងីម ជាអ្នករត់ប្រណាំង ម៉ារ៉ាតុង ចម្ងាយ ៤២ គីឡូម៉ែត្រ ។
ក្នុងឱកាសដែលបានទទួលការអនុញ្ញាត្តពី ឯកឧត្តម រដ្ឋមន្រ្តី ចូលជួបសំដែងការគួរសម នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ កីឡាការិនី អេង មុយងីម បានគោរពថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដែលបានផ្តល់ថវិកាលើកទឹកចិត្តដល់ក្មួយ ដើម្បីជាកំលាំងអោយបន្តប្រឹងប្រែងហ្វឹកហាត់ បំប៉នសុខភាពបានល្អ រាងកាយរឹងមាំ សម្រាប់ត្រៀមធ្វើការប្រកួតរត់ប្រណាំង ម៉ារ៉ាតុង លក្ខណៈជាតិ និងអន្តរជាតិ នាពេលបន្តបន្ទាប់ខាងមុខទៀត ។
កីឡាការិនី អេង មុយងីម មានការស្រលាញ់ចូលចិត្តវិស័យកីឡារត់ប្រណាំង ម៉ារ៉ាតុង តាំងពីនៅវ័យក្មេងមកម្ល៉េះ ហើយបើគិតមកដល់ពេលនេះ បានហ្វឹកហាត់អស់រយៈពេល១០ ឆ្នាំមកហើយ ដោយធ្លាប់បានចេញទៅធ្វើការប្រកួតនៅក្រៅប្រទេស ដូចជានៅប្រទេសថៃ ឡាវ វៀតណាម បារាំង អាឡឺម៉ង់ ជប៉ុន និងអាព្រិច ផងដែរ ហើយក៏បានពានរង្វាន់ជាបន្តបន្ទាប់ថែមទៀតផង ។
ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានសំដែងនូវការរីករាយ និងកោតសរសើរ ដោយបានឃើញកីឡាការិនីកម្ពុជា ១ រូប ដែលបានចូលរួមរត់ប្រណាំង ម៉ារ៉ាតុង ចម្ងាយ ៤២ គីឡូម៉ែត្រ នៅក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (CAMSOC) លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំបានយ៉ាងល្អ និងជោគជ័យ ។
គួរបញ្ជាក់ដែរដែរថា ក្រៅពីជាអ្នកកីឡារត់ប្រណាំង ម៉ារ៉ាតុង កីឡាការិនី អេង មុយងីម ជាអតីតនិសិ្សត ឱសថសាស្រ្ត នៅសកលវិទ្យាសាស្រ្តសុខាភិបាល ហើយបច្ចុប្បន្នធ្វើការនៅ សកលវិទ្យាល័យ ពុទ្ធិសាស្រ្ត ៕




