គ្រឿងញៀន១១៨៦គ្រាប់ រួមនិងមនុស្ស១១នាក់ ត្រូវបានបង្រ្កាប និងឃាត់ខ្លួន បញ្ជូនទៅតុលាការ
(ប៉ៃលិន)៖ ជនជាតិថៃនិងចិនចំនួន១១នាក់ រួមនិងគ្រឿងញៀនមួយចំនួនធំ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តប៉ៃលិន សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាលាក្រៅ ចុះបង្ក្រាប និងឃាត់ខ្លួនជាក់ស្ដែង ក្រោមការសម្របសម្រួលនីតិវិធី ដោយលោក ហេង ថៃផេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តប៉ៃលិន កាលពីវេលាម៉ោង៥និង៣០ល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
លោកវរសេនីយ៍ទោ ស្រី ម៉ន ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន បានឲ្យដឹងថា៖ ដោយមានការចង្អុលបង្ហាញផ្ទាល់ ពីលោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន និងមានការសម្របសម្រួលនីតិវិធីដោយលោក ហេង ថៃផេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តប៉ៃលិន នៅវេលាកើតហេតុខាងលើ លោកបានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាលាក្រៅ បានចុះបង្ក្រាបជាក់ស្ដែងក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ដោយប្រើវិធានញុះញង់) ព្រមទាំងឃាត់ខ្លួនជនសង្ស័យសរុប ១១នាក់ ស្រី២នាក់ ក្នុងនោះមានជនជាតិចិនម្នាក់ នៅចំណុចភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។ លោកវរសេនីយ៍ទោ ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានបន្តទៀតថា៖ ក្នុងបង្រ្កាបនេះដែរ កម្លាំងជំនាញកងអាវុធហត្ថ ក៍បានចាប់យកវត្ថុតាងពាក់ព័ន្ធបទល្មើសមួយចំនួនធំ រួមមាន៖ ទី១/ម្សៅក្រាមពណ៏សរចំនួន៨កញ្ចប់ ស្មើ៨.០ក្រាម ទាំងសំបក់,ទី២/ម្សៅក្រាម (k)១កញ្ចប់ធំ និង ១៨០កញ្ចប់តូច ស្មើនិង១៩៣ក្រាម ទាំងសំបក, ទី៣/យ៉ាម៉ា៥កញ្ចប់ ស្មើ១១៨៦គ្រាប់,ទី៤/ថ្នាំក្រវីពណ៏ផ្កាឈូក៩គ្រាប់, ទី៥/ថ្នាំបន្ទះគ្រាប់សំបកពណ៏ក្រហម សង្ស័យសារធាតុញៀនចំនួន៨បន្ទះ,ទី៦/កញ្ឆាក្រៀមចំនួនពីដុំ,ទី៧/ជញ្ជីថ្លឹងថ្នាំញៀនចំនួន៣, ទី៨/ទូដែកចំនួន២, ទី៩/កាំភ្លើងហ្គាស ចំនួន០១ដើម,ទី១០/ទឹកសេរូក្អក ផ្សំទឹកក្រធុម៥៧ដប,ទី១១/ម៉ាស៉ីនអ៊ុតថង ចំនួន០១,ទី១២/ម៉ាស៉ីនក្រឡុកកញ្ឆា ចំនួន០១,ទី១៣/បំពងជកកញ្ឆា ចំនួនមួយ,ទី១៤/បំពងស៉ីយូហិតkមួយដុំ,ទី១៥/ទឹកក្រធុម ចំនួន២ដប,ទី១៦/ថងសម្រាប់ច្រកមួយចំនួនធំ,ទី១៧/សៀវភៅកសិករថៃ ចំនួន១ក្បាល,ទី១៨/អត្តសញ្ញាតប័ណ្ណ១,ទី១៩/ជញ្ជៀន១វង្ស,ទី២០/ខ្សែក មួយខ្សែ,ទី២១/ខ្សែដៃចំនួន២ខ្សែ,ទី២២/ស៉ីញអាវរូបព្រះមួយ,ទី២៣/លិខិតឆ្លងដែនចំនួន៨,ទី២៤/ទូរស័ព្ទដៃចំនួន ៨គ្រឿង និងទី២៥/លុយបាតថៃចំនួន ៣៣២០បាត។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តប៉ៃលិន កសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្ត តាមនីតិវិធី៕

អត្ថបទ សេន ត



