
ពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគារសិក្សា ១ខ្នង ២ជាន់ស្មើនឹង ៣០បន្ទប់ នៅសាលាបឋមសិក្សា កូវសាមុត កំពង់ចក ស្ថិតនៅឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង!
(ខេត្តស្វាយរៀង) : នាព្រឹកថ្ងៃចន្ទ ៩រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនិងថ្ងៃទី១២ ខែមិថុនាឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្តតំណាងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងលោកឧត្តមសេនីយ៍ត្រី ស្រុី លាភ ក្រុមការងារកងវិស្វកម្មសម្ដេចតេជោ តំណាងឯកឧត្តមនាយឧត្តមសេនីយ៍ ខេង សុមេធ បានអញ្ជេីញចូលរួមក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់អគារសិក្សា ១ខ្នង ២ជាន់ស្មើនឹង ៣០បន្ទប់ ទីចាត់ការ ១ខ្នង ក្លោងក្លោងទ្វារ ១ របងព័ទ្ធជុំវិញ បង្គន់អនាម័យ តារាងបាល់ទះ បាលទាត់ និងបាល់បោះ នៅសាលាបឋមសិក្សា កូវសាមុត កំពង់ចក ស្ថិតនៅឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន និងសម្ដេចគតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។
ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីលោក ធឹម ណាត ប្រធានក្រុមប្រឹក្សាស្រុក និងលោក ហែម សុីណា អភិបាលនៃគណ:អភិបាលស្រុករំដួល លោកនាយរងរដ្ឋបាលសាលាស្រុក លោកប្រធានការិយាល័យអប់រំស្រុក កងកម្លាំងទាំងបី និងលោកមេឃុំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្ត បានមានប្រសាសន៍សាកសួរសុខទុក្ខពីសំណាក់សម្ដេចគតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង ។
ឯកឧត្តមបណ្ឌិត តូច ប៉ូលីវ៉ា ក៏បានផ្តាំផ្ញើឲ្យក្រុមជាងដែលទទួលបន្ទុកការងារសាងសង់អគារនេះត្រូវយកចិត្តដាក់សាងសង់ដោយគោរពតាមស្តង់ដារបច្ចេកទេស និងធានាបាននូវគុណភាពល្អ ត្រូវធ្វើការដោយប្រយ័ត្នប្រយែងហើយបានខ្ពស់ ៕







