ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត : សម្តេចតេជោ ហ៊ុន សែន បន្តឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី ដើម្បីនឹងដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់វិបុលភាព សន្តិភាព និងការអភិវឌ្ឍ
ភ្នំពេញ : ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានបញ្ជាក់ថា ថ្ងៃនេះជំរុំទេវតាក្របខ័ណ្ឌទូទាំងប្រទេស បានត្រៀមខ្លួនរួចជាស្រេចក្នុងការចេញប្រយុទ្ធជាថ្មី ដើម្បីយកជ័យជម្នះសម្រាប់ទទួលបានឱកាសក្នុងការបម្រើជាតិ និងប្រជាជនបន្តទៀត តាមរយៈចូលរួមក្នុងការបោះឆ្នោតនាថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ ខាងមុខ ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បន្តឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី ដើម្បីនឹងដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់វិបុលភាព សន្តិភាព និងការអភិវឌ្ឍ ជាពិសេសបន្តបម្រើប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ ស្របតាមបុព្វហេតុដ៏ជាក់លាក់ និងឥតងាករេរបស់គណបក្សប្រជាជនកម្ពុជា គឺកើតពីប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន។
ការបញ្ជាក់នេះ ក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣។




