អាវុធហត្ថខេត្តតាកែវ និងព្រះសីហនុ សហការឃាត់ខ្លួនស្រ្តីម្នាក់ ដកហូតថ្នាំញៀនជិត ១គីឡូក្រាម នៅស្រុកព្រៃកប្បាស
តាកែវ៖ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនស្ត្រីម្នាក់ជាមុខសញ្ញាជួញដូរគ្រឿងញៀន ដោយបានហូតវត្ថុតាំងមានថ្នាំញៀនជិត ១គីឡូក្រាម ដែលការបង្គ្រាបនេះធ្វើឡើងកាលពីយប់វេលាម៉ោង ២៣:៣០នាទី ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ នៅចំនុចភូមិស្វាយពារ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

លោក ហួត បឿន នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានអោយដឹងថា ដោយទទួលបានបទបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងលោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ព្រះរាជអាជ្ញា ខេត្តតាកែវ និងព្រះរាជអាជ្ញា ខេត្តព្រះសីហនុ កម្លាំងជំនាញប្រឆាំងគ្រឿងញៀនរបស់កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានពន្លាតដែនសមត្ថកិច្ច ដើម្បីមកសហការជាមួយកម្លាំងជំនាញប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តតាកែវ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃកប្បាស ដឹកនាំដោយលោកវសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ។
ជាលទ្ធផលកម្លាំងបាន៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ទួន គីវ ភេទស្រី អាយុ ៣៣ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិស្វាយពារ ឃុំអង្កាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ។ ចំនែកដកហូតវត្ថុតាងរួមមាន៖ ម្សៅសថ្លាចំនួន ៣៣កញ្ចប់ (ធំ០៨កញ្ចប់ និងតូច២៥កញ្ចប់) ទម្ងន់ ៨១៥.៩៦ក្រាម ថ្លឹងទាំងសំបកថង់, ជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង, ទូរសព្ទ័២គ្រឿង, ដាវ១ដើម និងថង់វេចខ្ចប់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកងរាជអាវុធហត្ថខេត្តតាកែវ បានប្រគល់ជូនកងរាជអាវុធហត្ថខេត្តព្រះសីហនុបន្តនីតិវិធី៕




