កំពត ៖ ដៃព្រែកកំពង់បាយដែលបែកចេញទៅកាន់វត្តត្រើយកោះដែលមានឈ្មោះថា(ព្រែកត្រើយកោះ) ស្ថិតក្នុងភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុង-ខេត្តកំពតនោះ ស្រាប់តែ នៅពេលថ្មីៗនេះត្រូវបានគេចាក់ដីលុប ហើយរៀបខឿនសង់ជាសំណង់យ៉ាងអនាធិបតេយ្យ ដោយគ្មានឃើញមន្ត្រីជំនាញឬ អាជ្ញាធរក្នុងតំបន់មានវិធានការទប់ស្កាត់នៅលើយ។
ចំពោះការចាក់ដីលុបព្រែកពីសំណាក់ជនមិនខ្លាចច្បាប់ខាងលើត្រូវបានមហាជនភាគច្រើន ក្នុងក្រុងកំពតធ្វើការរិះគន់មកលើមន្ត្រីជំនាញភូមិបាល និងសំណង់ក្រុងព្រមទាំងអាជ្ញាធរក្រុងផងដែរ ដោយពួកគាត់លើកឡើងថា បើសមត្ថកិច្ចជាមន្ត្រីជំនាញ ឬអាជ្ញាធរមិនបើកភ្លើងខៀវនោះទេ ប្រហែលជាពលរដ្ឋក្នុងភូមិសាស្ត្រនេះ មិនហ៊ានចាក់ដីរំលោភនោះទេ ព្រោះថាចំណុចនេះជាដៃព្រែកកំពង់បាយ ហើយក៏ជាដែនគ្រប់គ្រងរបស់អាជ្ញាធរក្នុងតំបន់ផងដែរ។
ទោះជាយ៉ាងណាលោក ចែម ផា អភិបាលរងក្រុងទទួលបន្ទុកលើកិច្ចការដីធ្លី បានបង្ហើបប្រាប់ អ្នកយកព័ត៌មាន នៅព្រឹកថ្ងៃទី០៣ខែសីហា ឆ្នាំ២០១៧នេះថា លោកពុំទាន់បានដឹងពីបញ្ហាដូចខាងលើនៅឡើយទេ ដោយសារលោកជាប់រវល់ទៅប្រជុំនៅភ្នំពេញ លុះពេលត្រឡប់មកវិញក៏លេចឮមានករណីបែបនេះតែម្តង។ដោយឡែក នៅព្រឹកថ្ងៃដដែលនេះ អ្នកយកព័ត៌មាន ពុំអាចសុំការពន្យល់ពីលោក បេង សំណាង ប្រធានការិយាល័យភូមិបាលនិងសំណង់ ក្រុងកំពត បានទេដោយសារលោកមិនទទួលទូរស័ព្ទ។
ជុំវិញនឹងករណីខាងលើ នៅព្រឹកថ្ងៃដដែលនេះ អ្នកយកព័ត៌មានមិនអាចសុំការបកស្រាយណាមួយ ពីលោក ស៊ុយ ធា ប្រធានមន្ទីរបរិស្ថានខេត្តកំពតបានឡើយ ដោយសារទូរស័ព្ទរបស់លោក ស្ថិតនៅតំបន់ក្រៅសេវា។
ទាក់ទិននឹងរឿងរ៉ាវដដែលនេះដែរ លោកលាង រឿនសុធី អភិបាលក្រុងកំពត បានប្រាប់អ្នកកាសែត តាមទូរស័ព្ទនៅព្រឹកថ្ងៃទី០៣ខែសីហា ឆ្នាំ២០១៧នេះថា ប៉ុន្មានថ្ងៃមុនលោកជាប់រវល់ទៅសិក្ខាសាលានៅភ្នំពេញ ទើបលោកមិនបានដឹង រឿងរ៉ាវទាំងនេះ ប៉ុន្តែបើមានករណីចាក់ដីរំលោភដីដៃព្រែកកំពង់បាយមែននោះ លោកនឹងបង្កើតគណៈកម្មការមួយដើម្បីចុះត្រួតពិនិត្យ ពីទំហំប៉ះពាល់នៃដីទីតាំងខាងលើ ហើយបើគ្មានច្បាប់ទម្លាប់ត្រឹមត្រូវនោះទេនឹងឲ្យជំនាញចាត់ការតាមផ្លូវច្បាប់មិនខាន។
គួរបញ្ជាក់ផងដែរថា ការចាក់ដីរំលោភយកដៃព្រែកកំពង់បាយនេះ វាពិតជាបានកើតឡើងត្រង់ចំណុចទីប្រជុំជន ហើយក៏ស្ថិតក្បែរដងផ្លូវសាធារណៈ ដែលជានិច្ចកាលមហាជនតែងតែធ្វើដំណើរទៅមកមិនដែលខកខាន ចុះហេតុអ្វីក៏ប្រជាពលរដ្ឋក្នុងតំបន់នោះ ថ្លើមធំហ៊ានជួលរថយន្តដឹកដីចាក់រាប់រយឡានមកចាក់ក្នុងដៃព្រែកបែបនេះ។ដូច្នេះរឿងរ៉ាវខាងលើគួរតែអាជ្ញាធរនិងជំនាញស្រាវជ្រាវឲ្យបានហ្មត់ចត់ និងបង្កាទប់ស្កាត់ឲ្យបានទាន់ពេលវេលា ទើបអាចបញ្ចៀសការរិះគន់បាន៕ ណារិទ្ធ




