លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ការអប់រំ គឺជាតម្រូវការជាមូលដ្ឋានចម្បងបំផុតរបស់ប្រជាពលរដ្ឋទាំងនៅទីក្រុង និងជនបទ ដែលតែងទន្ទឹងចង់ឱ្យកូនៗបានទៅរៀនសូត្រនៅសាលា ហើយទោះបីជាមានកម្រិតជីវភាពបែបណា ក៏ត្រូវខិតខំតស៊ូដើម្បីឱកាសសិក្សារបស់កូនៗ។ រាជរដ្ឋាភិបាលនៅក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី គ្រប់អាណត្តិកន្លងមក តែងបានផ្តល់សារៈសំខាន់ និងអាទិភាពលើវិស័យអប់រំ ដោយអនុវត្តសម្រេចបានសមិទ្ធផលជាច្រើន ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនេះ គឺមិនមែនមានតែនៅក្នុងអត្ថបទគោលនយោបាយនោះទេ។ មកដល់ពេលនេះ វិស័យអប់រំមានការរីកចម្រើនទាំងផ្អែកទាំងផ្នែកបរិមាណ និងគុណភាព ដោយមានសាលាគ្រប់ភូមិសិក្សានៅទូទាំងប្រទេស លោកគ្រូ-អ្នកគ្រូក៏ច្រើន និងសិស្សក៏ច្រើន ព្រមទាំងមានកម្មវិធីសិក្សា, ហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍សម្ភារល្អទំនើប។
លោកបណ្ឌិតបានបន្តទៀតថា ពិតណាស់ ការពង្រឹងសាលារៀនទាំងផ្នែកទន់ និងផ្នែករឹងគឺជាកិច្ចការសំខាន់មួយនៅក្នុង ការងារកែទម្រង់វិស័យអប់រំ ប៉ុន្តែអ្វីដែលសំខាន់ផងដែរនោះ គឺការយកចិត្តទុកដាក់លើការពង្រឹងឆន្ទៈ គុណធម៌ សីលធម៌ ស្មារតីគោរពច្បាប់ព្រមទាំងការយល់ដឹងអំពីវប្បធម៌និងប្រវត្តិសាស្ត្ររបស់ជាតិឱ្យដល់ក្មួយៗសិស្សានុសិស្សឲដើម្បីឱ្យពួកគេ ក្លាយជាមិត្តល្អ កូនល្អនិងពលរដ្ឋល្អសម្រាប់សង្គមជាតិជាពិសេសក្នុងបរិការណ៍នៃការរីកចម្រើនជឿនលឿនផ្នែកបច្ចេកវិទ្យា ដូចពេលបច្ចុប្បន្ន ដែលទន្ទឹមនឹងការផ្តល់នូវចំណុចវិជ្ជមានជាច្រើន ប៉ុន្តែក៏បាននាំមកនូវចំណុចអវិជ្ជមានមួយចំនួនផងដែរ ដូចជា បញ្ហាព័ត៌មានមិនពិត និងអំពើល្មើសផ្សេងៗក្នុងបណ្តាញអ៊ីនធឺណិតជាដើម។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តទៀតថា ការសម្ពោធ គឺជានិមិត្តរូបនៃការអបអរសាទរ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះ គឺជាផលជាក់ស្តែងនៃការប្រើប្រាស់សមិទ្ធផលទាំងនេះ ដើម្បីបម្រើដល់វិស័យអប់រំ ដែលជាវិស័យអាទិភាពសំខាន់ រួមចំណែកក្នុងធានានិរន្តភាពនៃការអភិវឌ្ឍនិងឯករាជ្យម្ចាស់ការរបស់ប្រទេសយើងដែលកំពុងបន្តវិវឌ្ឍរីកចម្រើនទៅមុខទាំងផ្នែកសង្គម-សេដ្ឋកិច្ច ជាពិសេសភាពជឿនលឿននៃបច្ចេកវិទ្យា។ឯករាជ្យម្ចាស់ការក្នុងន័យនេះសំដៅដល់សមត្ថភាពរបស់ កូនខ្មែរក្នុងការដឹកនាំគ្រប់គ្រង លើគ្រប់វិស័យទាំងអស់ទាំងផ្នែករដ្ឋ និងឯកជន ព្រោះចំណេះវិជ្ជា ជាសិទ្ធិអំណាច ជាឥទ្ធិពលនិងជាលទ្ធភាពនៃជម្រើសក្នុងការគ្រប់គ្រងដំណើរជីវិតរបស់យើង។ទន្ទឺមគ្នានេះការទទួលបានឱកាសនៃការអប់រំស្មើគ្នាសម្រាប់បុរស-ស្ត្រី ក៏បាននាំមកនូវសង្គមមួយដែលមានសមភាព ការប្រកួតប្រជែង និងភាពច្នៃប្រឌិតខ្ពស់ ដែលជាចលករនៃការអភិវឌ្ឍរីកចម្រើនជឿនលឿន ដូចដែលកើតមានឡើងក្នុងពេលបច្ចុប្បន្ន។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បាននាំមកនូវការផ្តាំផ្ញើការអបអរសាទរពីសំណាក់សម្តេចតេជោនាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតចំពោះការសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលជាច្រើនក្នុងថ្ងៃនេះដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចទាំងពីរ សម្រាប់ក្មួយៗសិស្សានុសិស្សនៅក្នុងរាជធានីភ្នំពេញ និងសូមគោរពថ្លែងអំណរគុណចំពោះសម្តេចទាំងពីរ ដែលជានិច្ចជាកាលតែងបានយកចិត្តទុកដាក់គិតគូរអំពីការអភិវឌ្ឍវិស័យអប់រំនិងការបណ្តុះធនធានមនុស្ស។ក្នុងក្របខណ្ឌ ទូទាំងប្រទេសអគារសិក្សាដែលជាអំណោយរបស់សម្តេចទាំងពីរមានប្រមាណជិត៥០០០ខ្នងហើយក្នុងនាមនាយករដ្ឋមន្ត្រីសម្តេចតេជោក៏តែងបានផ្តល់អាទិភាពលើកត្តាមនុស្សដោយបានណែនាំឱ្យមានការយកចិត្តទុកដាក់លើការពង្រឹងប្រព័ន្ធអប់រំ នៅគ្រប់ទីកន្លែងទាំងអស់ទាំងទីក្រុង និងជនបទ ជាពិសេសតំបន់ដាច់ស្រយាល និងតំបន់ជាប់ព្រំដែន៕សរន







