ឯកឧត្តម គង់ សោភ័ណ្ឌ គាំទ្រសេចក្តីសម្រេចសាលាគណខេត្ត ដាក់វត្តប្រជុំរង្សី ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់សាលាគណខេត្ត
(ខេត្តកណ្ដាល)៖ នារសៀលថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានប្រកាសគាំទ្រទាំងស្រុង លើសេចក្តីសម្រេច របស់សាលាគណខេត្តកណ្តាល លេខ ០៥/២២ ស.គ.ខ ស្តីពីការដាក់វត្តប្រជុំរង្សី ហៅវត្តព្រែកក្តាម នៅភូមិព្រែកក្តាម ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់សាលាគណខេត្តកណ្តាលមួយរយៈសិនដើម្បីជ្រើសរើសចៅអធិការថ្មីដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មកដឹកនាំបន្ត រំងាប់អធិករណ៍ឱ្យអស់កសាងកេរ្តិ៍ឈ្មោះវត្តឡើងវិញ។
ការប្រកាសគាំទ្រនេះបានធ្វើឡើងនាឱកាសដែលឯកឧត្ដមគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានដឹកនាំមន្ទីរពាក់ព័ន្ធ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរស្រុក ចូលរួមក្នុងពិធីប្រកាសសេចក្តីសម្រេចស្តីពីការដាក់វត្តប្រជុំរង្សី ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់សាលាគណខេត្តកណ្តាល ក្រោមព្រះអធិបតីភាព សម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះមេគណខេត្តកណ្តាល និងជាព្រះគ្រូចៅអធិការវត្តសុវណ្ណវារី ហៅវត្តព្រែកតាទែន។
ថ្លែងទៅកាន់ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទក្នុងពិធីនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានណែនាំ ដល់ពុទ្ធបរិស័ទត្រូវដោះស្រាយបញ្ហាដោយសន្តិវិធីចៀសវៀងការប្រើអំពើហិង្សា សូមពុទ្ធបរិស័ទ និងប្រជាពលរដ្ឋទាំងអស់ កុំបង្កជម្លោះជាមួយព្រះសង្ឃ កុំយកអកុសលមកដាក់ក្នុងខ្លួន កុំប្រើអំពើហិង្សា កុំបំផ្លិចបំផ្លាញរបស់វត្ត កុំប្រព្រឹត្តិបទល្មើស ដែលជាអំពើខុសច្បាប់ អាជ្ជាធរនឹងចាត់វិធានការតាមច្បាប់ មិនទុកឱ្យអ្នកណាម្នាក់ប្រព្រឹត្តិអំពើខុសច្បាប់ ខុសធម៌វិន័យឡើយ។
ឯកឧត្តម គង់ សោភ័ណ្ឌ បានបន្តទៀតថា ចំពោះរឿងអធិករណ៍ក្នុងវត្តអារាម សូមទុកឱ្យគណៈសង្ឃ ក៏ដូចជាមន្ត្រីសង្ឃធ្វើការដោះស្រាយតាមធម៌វិន័យចុះ ក្នុងនាមយើងជាពុទ្ធបរិស័ទ ត្រូវមានគុណធម៌ខ្ពស់ ចេះគោរពស្រឡាញ់ព្រះពុទ្ធសាសនា កុំបង្កការលំបាកដល់ព្រះសង្ឃ ត្រូវគាំទ្រ និងគោរពតាមវិធានការដោះស្រាយរបស់មន្ត្រីសង្ឃ។
សូមជម្រាបថា ជម្លោះនេះបានកើតឡើងកាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ ផ្តើមចេញពីរឿង អធិករណ៍ មានការបែងចែកព្រះសង្ឃជា ២ក្រុម មិនមានភាពស៊ីសង្វាក់គ្នារវាង តាអាចារ្យ គណៈកម្មការវត្ត ប្រជាពលរដ្ឋ និងព្រះសង្ឃ ប្រកាន់បក្ខពួក ក្នុងការជ្រើសរើសព្រះចៅអធិការវត្ត៕


















