ខេត្តព្រះវិហារ ៖ នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានប្រារព្ធពិធីអង្គសន្និបាតបូកសរុបការងារឆ្នាំ២០១៦ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោភូមិភាគទី៤ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរៈភូមិន្ទ ព្រមទាំងមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានជាច្រើនរូបផងដែរ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ម៉ន បានមានប្រសាសន៍ណែនាំឲ្យកងកម្លាំងកងទ័ពជើងគោកទាំងអស់ ត្រូវរួមសាមគ្គីគ្នាជាធ្លង់មួយ ដើម្បីសម្រេចផែនការការងារ ឆ្នាំ២០១៧នេះ។
ឯកឧត្តម បានសម្ដែងនូវការកោតសរសើរដល់នាយ និងពលទាហាន នៅតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ដែលបានសម្រេចបានភារកិច្ចជូនជាតិមាតុភូមិ។ ហើយឯកឧត្តម ក៏បានផ្តាំផ្ញើរ ដល់កម្លាំងយោធាទាំងអស់មិនត្រូវមានពាក់ព័ន្ធនឹងបទល្មើសជាដាច់ខាត ប្រសិនបើមានត្រូវដកខ្លួនចេញជាបន្ទាន់។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានមានប្រសាសន៍កោតសរសើរដ៏តំបន់ប្រតិបត្តិការសឹករងខេត្ត ដែលក្នុងឆ្នាំ២០១៦នេះ ទទួលបានលទ្ធគាប់ប្រសើរ តែត្រូវខិតខំបន្តសម្រាប់ឆ្នាំ២០១៧ផងដែរ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បានណែនាំ និងបានស្នើដល់អាជ្ញាធរក្រុង-ស្រុក និងកម្លាំងសមត្ថកិច្ចក្នុងខេត្ត មិនត្រូវចូលរួមសហការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធានាគារឯកជននានា ដើរទារបំណុលពីប្រជាពលរដ្ឋ ដែលគ្មានលទ្ធភាពសងបំណុលឡើយ។ ឯកឧត្តម បានឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យធានាគារជាតិ ធ្វើការត្រួតពិនិត្យឡើងវិញ ចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធានាគារឯកជននានា ត្រូវប្រើឈ្មោះ និងស្លាកសញ្ញាឲ្យបានច្បាស់លាស់ ព្រោះកន្លងមកមានមតិរបស់ប្រជាពលរដ្ឋយល់ច្រឡំថា «ប្រជាពលរដ្ឋជំពាក់លុយរដ្ឋ ជំពាក់លុយអង្កការទៅវិញ»។
ឯកឧត្តមបានបន្តថា ករណីប្រជាពលរដ្ឋគ្មានលទ្ធភាពសងបំណុលបែជាសមត្ថកិច្ចយើងចូលរួមសហការជាមួយគេ តែធាតុពិតលុយរបស់គេសោះ ដល់ពេលអាក្រក់ឈ្មោះសមត្ថកិច្ច និងអាជ្ញាធរយើង ជាអ្នកទទួលទៅវិញ។ ត្រង់ចំណុចនេះ ឯកឧត្តមអភិបាលខេត្ត បានសំណូមពរឲ្យអាជ្ញាធរក្រុង-ស្រុក ត្រូវធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដើម្បីមានការជ្រួតជ្រាបដល់ប្រជាពលរដ្ឋ។
នៅក្នុងឱកាសនោះ ឯកឧត្តម ក៏បានសំណូមពរឲ្យអាជ្ញាធរ និងសមត្ថកិចពាក់ព័ន្ធក្នុងខេត្ត ត្រូវធ្វើការចូលរួមទប់ស្កាត់បទល្មើសព្រៃឈើ បទល្មើសធនធានរ៉ែ បទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត ឲ្យមានប្រសិទ្ធភាព៕



