សីហនុ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ បានអញ្ជើញជាអធិបតីភាព ក្នុងពីធីបើកជាផ្លូវការនៃបុណ្យសមុទ្រលើកទី ៥ ឆ្នាំ ២០១៦ នៅឆ្នេរឯករាជ្យ ខេត្តព្រះសីហនុ។បុណ្យសមុទ្រនៅខេត្តព្រះសីហនុឆ្នាំនេះប្រព្រឹត្តរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២៣-២៥ ខែ ធ្នូ ឆ្នាំ២០១៦ ក្រោមប្រធានបទ «ទីក្រុងបៃតង ឆ្នេរស្អាត សមុទ្រខៀវស្រងាត់ »។ ក្នុងពីធីមានការតាំងពិព័រណ៍ របស់មន្ទីរទេសចរណ៍ខេត្តជាប់ឆ្នេរ សមុទ្រកម្ពុជា និង ក្រុមហ៊ុនដែលកំពុងធ្វើអាជីវកម្មទេសចរណ៍នៅតំបន់សមុទ្រកម្ពុជា ដែលមានចំនួន ៤៣៦ ស្តង់។
លោក ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងឲ្យដឹងថា៖ ឆ្នេរសមុទ្រកម្ពុជា មានប្រវែង ៤៤០ គីឡូម៉ែត្រសម្បូរដោយជីវចម្រុះគ្រប់ប្រភេទប្រជុំដោយកោះ និង ឆ្នេរខ្សាច់ដ៏ស្រស់ស្អាត និងលាតសន្ធឹងលើខេត្តទាំង៤រួមមានខេត្តកែប កំពត ព្រះសីហនុ និង កោះកុង ដែលត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការជាសមាជិកពេញសិទ្ធិនៃឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក នៅក្នុងឱកាសមហាសន្និបាតលើកទី ៧ របស់ក្លឹបនៅសាធារណរដ្ឋសេណេហ្កាល់ កាលពីថ្ងៃទី ២៥ ឧសភា ឆ្នាំ២០១១ បន្ទាប់ពីបានជាប់ជាបេក្ខភាពនៅឆ្នាំ២០១០ និង ពិនិត្យសម្រេចជាឯកច្ឆន្ទដាក់ចូលជាសមាជិកដោយក្រុមប្រឹក្សាភិបាលក្លឹបកាលពីថ្ងៃទី ២០ មករា ឆ្នាំ២០១១ នៅតំបន់ Corse នៅប្រទេសបារាំង។
លោក ថោង ខុន មានប្រសាសន៍ ថា ការក្លាយជាសមាជិកឆ្នេរសមុទ្រ ដែលស្អាតជាងគេបំផុតនៅលើសាកលលោកនឹងផ្តល់ឱកាសលើកស្ទួយកិត្យានុភាពកម្ពុជាឲ្យកាន់តែខ្លាំងក្លាថែមទៀតលើឆាកអន្តរជាតិពិសេសនឹងជួយទ្រទ្រង់ដល់ការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាប្រកបដោយនិរន្តរភាព និង ការទទួលខុសត្រូវ។
នៅក្នុងសារលិខិតអបអរបុណ្យសមុទ្រ សម្តេចតេជោនាយករដ្ឋមន្ត្រី បានចាត់ទុក ការប្រារព្ធពិធីបុណ្យសមុទ្រមិនត្រឹមតែចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៃខេត្តតំបន់ឆ្នេរសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវខ្ពស់ដោយឈរលើការប្តេជ្ញាចិត្តរួមមួយច្បាស់លាស់ ក្នុងការរក្សាតុល្យភាពរវាងផលប្រយោជន៍សេដ្ឋកិច្ចសង្គមបរិស្ថាន និង វប្បធម៌ប្រជាពលរដ្ឋមូលដ្ឋានដូចដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈប្រធានបទនៃពិធីបុណ្យសមុទ្រលើកទី៥នេះ គឺ “ទីក្រុងបៃតង ឆ្នេរស្អាត សមុទ្រខៀវស្រងាត់”។
សូមបញ្ជាកដែរថា ក្នុងឱកាសនៃការអញ្ជើញស្នាក់អាស្រ័យបំពេញការងារនៅខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី២៤ខែធ្នូ នេះសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានអញ្ជើញចុះសំណេះសំណាលសាកសួរសុខទុក្ខពិនិត្យនិងដោះស្រាយនូវអគារសិក្សាមួយចំនួនជូនដល់សិស្សានុសិស្សនិងលោកគ្រូអ្នកគ្រូក្នុងសាលាចំណេះទូទៅចំនួន៧ទីតាំងក្នុងស្រុកព្រៃនប់និងក្រុងព្រះសីហនុខេត្តព្រះសីហនុផងដែរ។សាលាទាំងនោះរួមមាន ៖
ទី១នៅសាលាបឋមសិក្សាហ៊ុនសែនវាលរេញស្ថិតក្នុងភូមិវាលរេញឃុំវាលរេញស្រុកព្រៃនប់ខេត្តព្រះសីហនុ ។ ទី២ នៅវិទ្យាល័យ ហ៊ុន សែន វាលរេញស្ថិតក្នុងភូមិវាលមាសឃុំវាលរេញស្រុកព្រៃនប់។ទី៣វិទ្យាល័យហ៊ុនសែនព្រៃនប់ស្ថិតក្នុងភូមិព្រៃនប់ឃុំព្រៃនប់ស្រុកព្រៃនប់។ទី៤សាលាបឋកសិក្សាព្រៃនប់អគារសិក្សា១ខ្នង២ជាន់៣០បន្ទប់ទីចាត់ការ១ខ្នង៣បន្ទប់។
ទី៥ សាលាបឋមសិក្សានិងអនុវិទ្យាល័យហ៊ុនសែនឃ្លាំងលើស្ថិតក្នុងភូមិ២សង្កាត់លេខ១ក្រុងព្រះសីហនុ។ទី៦ សាលាបឋមសិក្សានិងវិទ្យាល័យហ៊ុនសែនមិត្តភាពស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ៕




