ក្នុងកាលៈទេសៈបច្ចុប្បន្ននេះ មានប្រទេសស្ទើរតែទាំងអស់នៅទូទាំងពិភពលោករួមទាំងកម្ពុជាយើងផង សុទ្ធតែបានទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារតែជំងឺកូវីដ-១៩ ដូចៗគ្នា ហើយជំងឺឆ្លងដ៏កាចសាហាវនេះ វាមិនត្រឹមតែសម្លាប់តែអាយុជីវិតមនុស្សប៉ុណ្ណោះទេ តែវានៅបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចទូទាំងពិភពលោកធ្លាក់ចុះក្រឡាប់ចាក់ដែលមិនគួរឲ្យជឿទៀតផង។ ដោយសារតែវិបត្តិនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចបង្កើតគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមេដឹកនាំបញ្ជាការផ្ទាល់និងមានសមាសភាពចូលរួមមកពីក្រសួង-ស្ថាប័ន-អភិបាលរាជធានី-ខេត្ត ព្រមទាំងភាគីពាក់ព័ន្ធជាច្រើនទៀត ដើម្បីប្រយុទ្ធទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នេះ។
ជាក់ស្តែងថ្ងៃទី២៥ មីនាកន្លងទៅថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញនិងអំពាវនាវដល់មន្ត្រីគណបក្សប្រជាជនកម្ពុជា និងក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឲ្យនាំគ្នាចុះទៅជួយដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋមួយចំនួនតាមមូលដ្ឋានដែលកំពុងជួបបញ្ហាជីវភាពដោយសារជំងឺកូវីដ-19 នេះ។ មន្ត្រីគណបក្សប្រជាជនកម្ពុជាត្រូវតែចុះតាមខ្នងផ្ទះប្រជាពលរដ្ឋដើម្បីអប់រំផ្សព្វផ្សាយដល់ពួកគាត់ឲ្យចេះធ្វើអនាម័យជាប្រចាំនិងចេះថែរក្សាសុខភាពផ្ទាល់ខ្លួនរួមផ្សំ និងឲ្យពួកគាត់ចេះការពារទប់ស្កាត់កុំឲ្យឆ្លងជំងឺដ៏កាចសាហាវនេះ។
មន្ត្រីគណបក្សប្រជាជនកម្ពុជានៅតាមមូលដ្ឋានទូទាំងប្រទេសត្រូវចុះចែកជូនប្រជាពលរដ្ឋនូវសម្ភារៈការពារសុខភាពជាចាំបាច់ដូចជាម៉ាស់ ក្រម៉ា សាប៊ូលាងដៃ -ទឹកអាល់កុល និងស្បៀងអាហារផ្សេងៗ ដូចជា អង្ករ មី ត្រីខកំប៉ុង ជាដើម។ល។និង។ល។
សកម្មភាពចុះជួយដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងគ្រាជួបការលំបាកនេះ គឺជាទម្លាប់និងស្មារតីរបស់មន្ត្រីគណបក្សប្រជាជនកម្ពុជា ជាពិសេសគឺស្មារតីយកចិត្តទុកដាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្ស ហើយសកម្មភាពនេះត្រូវបានទទួលស្គាល់ដោយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងពួកគាត់បានចងចាំថា “ទីណាមានទុក្ខទីនោះមានមុខលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាជានិច្ច”ដែលសកម្មភាពនេះ គឺវាផ្ទុយគ្នាស្រឡះពីគណបក្សផ្សេងៗ និងពួកក្រុមប្រឆាំងចោលម្សៀតផ្កាប់មុខមួយចំនួនដែលបានតែសំដីគ្មានបានការដើរតែសន្យា និងស្រែកជេររាជរដ្ឋាភិបាល មិនត្រឹមតែប៉ុណ្ណោះពួកក្រុមប្រឆាំងចោលម្សៀតផ្កាប់មុខទាំងនេះនៅដើរបញ្ចុះបញ្ចូលបរទេសមិនឲ្យផ្ដល់ជំនួយ និងញុះញុងដល់សហគមន៍អន្តរជាតិមិនឲ្យទិញទំនិញសម្លៀកបំពាក់កាត់ដេរនិងស្បែកជើងពីកម្ពុជានិងដើរទប់ស្កាត់មិនឲ្យអ្នកវិនិយោគបរទេសមកបណ្តាក់ទុករកស៊ីនៅកម្ពុជា ដែលពួកនេះគ្មានចេះអ្វីតែពីរិះគន់រដ្ឋាភិបាលក្នុងន័យជាន់ពន្លិចជាតិឯង ហើយបែរជាលើកជើងបរទេសនិងយកបរទេសធ្វើជាគ្រូប៉ុណ្ណោះ។
គណបក្សប្រជាជនកម្ពុជាជានិច្ចកាលតែងតែរួមសុខរួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ ពេលដែលប្រជាជនយើងសុខសប្បាយ រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា កាន់តែជំរុញជីវភាពប្រជាជនឲ្យកាន់តែចម្រុងចម្រើនថែមទៀត។
ប៉ុន្តែនៅពេលដែលប្រជាជនមានការខ្វះខាត ឬជួបទុក្ខលំបាក គណបក្សប្រជាជនកម្ពុជា និងមន្ត្រីរបស់ខ្លួនក៏នៅតែខាំស្មៅជួយដោះទុក្ខលំបាកជាមួយប្រជាជនជានិច្ច និងបានជួយដោះស្រាយរាល់គ្រប់បញ្ហាដែលប្រជាជនបានជួបប្រទះ។
ជាក់ស្តែងស្ថិតនៅក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងជួបវិបត្តិនៃជំងឺកូវីដ-19 នៅពេលនេះ គឺគណបក្សប្រជាជនកម្ពុជា បានខិតខំការការពារនិងទប់ស្កាត់ប្រភពចំលងពីក្រៅប្រទេសដែលមានការរីករាលដាលនៃជំងឺកូវីដ-19 នេះ។មិនត្រឹមតែប៉ុណ្ណោះគណបក្សប្រជាជនកម្ពុជា នៅបានតាមដាន និងថែរក្សាសុខភាពប្រជាពលរដ្ឋ និងជនបរទេសដែលបានឆ្លងជំងឺនេះ ហើយក៏បានរៀបចំទីតាំងដើម្បីដាក់ និងព្យាបាលពួកគេឱ្យនៅដាច់ដោយឡែក ព្រមទាំងផ្គត់ផ្គង់ទាំងសំភារៈម្ហូបអាហារ និងការថែទាំដោយឥតគិតថ្លៃទៀតផង។
សកម្មភាពទាំងអស់នេះ គឺជាគុណធម៌ និងទឹកចិត្តសប្បុរសធម៌ដ៏ធំធេងដោយគ្មានការរើសអើងជាតិសាសន៍របស់គណបក្សប្រជាជនកម្ពុជា បើទោះបីកម្ពុជាជាប្រទេសតូចប៉ុន្តែមានទឹកចិត្ត និងបេះដូងសប្បុរសធម៌ធំទូលាយ។
ជារួមគ្រប់កាលៈទេសៈទាំងអស់ គណបក្សប្រជាជនកម្ពុជាពិតជាមិនដែលទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ដែលជួបការលំបាកហើយឲ្យឯកោនោះទេ ជាពិសេសក្នុងកាលៈទេសៈជំងឺកូវីដ-១៩នេះតែម្តង។ ក្រៅពីនេះយើងក៏ចាំបាច់បំផុត ត្រូវតែសហការគ្នាចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលដើម្បីប្រយុទ្ធទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-19 ដ៏កាចសាហាវនេះឲ្យបានជោគជ័យជាដាច់ខាត ។



