ខេត្តស្ទឹងត្រែង ៖ មេឈ្មួញធំៗនៅក្នុងខេត្តស្ទឹងត្រែង កំពុងមមាញឹក ក្នុងការដឹកជញ្ជូនឈើខុសច្បាប់ ចេញទៅវៀតណាមយ៉ាងអនាធិបតេយ្យបំផុត ហើយ ចែហុង និងយាយព្រឿង ជាជនជាតិវៀតណាម និងជាបងប្អូននឹងគ្នា នៅតែឈរលំដាប់ជួរមុខក្នុងការរកស៊ីដឹកជញ្ចូនឈើខុសច្បាប់ក្នុង ខេត្តស្ទឹងត្រែង ដែលអភិបាលខេត្តច្រើនជំនាន់មកហើយ មិនហ៊ានប៉ះពាល់ទេ មិនដឹងជាមានអាថ៌កំបាំងអ្វី ។
តាំងពីជំនាន់លោក ឡូយ សុផាត មកម្ល៉េះ យាយព្រឿង មានបរិវារឆ្វេងស្តាំ ជាមន្ត្រីរាជការ សមត្ថកិច្ច និងមានអ្នកសារព័ត៌មានមួយចំនួនផងដែរ តាមជួយជ្រោមជ្រែងឲ្យជំនួញឈើខុសច្បាប់របស់ពួកគេដំណើរការដោយរលូន ល្អ មិនដែលមាននរណាហ៊ានប៉ះពាល់ទេ បើទោះបីជាឈ្មួញតូចតាចមួយចំនួនត្រូវបានសមត្ថកិច្ចបង្ក្រាប ការដឹកជញ្ជូនឈើខុសច្បាប់ ប៉ុន្តែ យាយព្រឿង តែងតែមានការយោគយល់ពីសមត្ថកិច្ច។ យាយព្រឿង បានរកស៊ីប្រមូលទិញឈើប្រណីតជាពិសេសឈើគ្រញូងមកពីស្រុកសៀមប៉ាង និងស្រុកសេសាន ដឹកជញ្ជូនតាមផ្លូវទឹក និងតាមផ្លូវគោកចូលមកក្រុងស្ទឹងត្រែង ស្តុកនៅក្នុងឃ្លាំងដ៏ធំរបស់ពួកគេ ក្នុងសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ហើយទីតាំងស្តុកឈើខុសច្បាប់ដ៏ធំរបស់យាយព្រឿង ស្ថិតនៅជាប់មាត់ទន្លេ ងាយស្រួលលើកដាក់ឈើ។
លោក មុំ សារឿន ជាអភិបាលខេត្តស្ទឹងត្រែង ឡើងជំនួសតំណែងលោក លោក កុល សំអុល មិនទាន់បានបង្ហាញស្នាដៃធំដុំណាមួយក្នុងការបង្ក្រាបជំនួញឈើ ខុសច្បាប់ក្នុងខេត្តស្ទឹងត្រែងនោះទេ ហើយពេលចូលកាន់តំណែងជាអភិបាលខេត្តកន្លងមកនេះ គេសង្កេតឃើញ មន្ត្រីនិងសមត្ថកិច្ចចេញប្រតិ បត្តិការបង្ក្រាប ការដឹកជញ្ជូនឈើខុសច្បាប់របស់ឈ្មួញតូចតាចមួយចំនួនយកបុង ប៉ុន្តែមិនដែលហ៊ានប៉ះពាល់ជំនួញឈើខុសច្បាប់ទ្រង់ទ្រាយធំរបស់ យាយព្រឿង ម្តងណាឡើយ។ គេបានសង្កេតឃើញមន្ត្រីមួយចំនួនជួយសម្របសម្រួលរត់រកខ្សែទុយោ អោយ យាយព្រឿង មានទំនាក់ទំនងល្អជាមួយលោក មុំ សារឿន ដែលជាអភិបាលខេត្ត ដើម្បីសុំការយោគយល់និងស្គាល់គ្នា ធ្វើតាមទម្លាប់ដែល យាយ ព្រឿង ធ្លាប់បានរក្សាភាពជិតដិតជាមួយថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង ឲ្យជួយសម្របសម្រួលការរកស៊ីឈើខុសច្បាប់របស់ពួកគេច្រើនឆ្នាំមកហើយ ។
លោក ឈាង តុលា ជានាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង ក៏ទទួលបានផលប្រយោជន៍ពីជំនួញឈើខុសច្បាប់របស់យាយព្រឿងមិនតិចដែរ ព្រោះកន្លងមកគេសង្កេត ឃើញមន្ត្រីរដ្ឋបាលព្រៃឈើមួយចំនួនតែងតែ ចេញមុខជួយការពារជំនួញឈើ ខុសច្បាប់របស់យាយព្រឿង នៅពេលសមត្ថកិច្ចមួយចំនួនសួរនាំ ជាពិសេសនៅពេលរថយន្តដឹកជញ្ជូនឈើរបស់យាយព្រឿង ដែលពឹងអាស្រ័យឲ្យឈ្មួញតូចតាចមួយចំនួន ជួយរត់ការដឹកជញ្ជូនតាមផ្លូវ គេសង្កេតឃើញ ជំនាញរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង ចេញលិខិតជួយឲ្យជំនួញឈើខុសច្បាប់របស់យាយព្រឿង ចៀសផុតពីការបង្ក្រាប ដោយគ្រាន់តែយាយព្រឿង បង់លុយបង់កាក់ឲ្យទៅមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធដែល ប្រចាំការតាមដងផ្លូវជាការរួចស្រេចទៅហើយ៕




