(ខេត្តកំពត)៖ កាលសម័យប្រទេសមានសង្គ្រាម អ្នកស្ម័គ្រចិត្តក៏អាចចូលបម្រើក្នុងជួរកងទ័ពបានដែរ ហើយពេលខ្លះតម្រូវឱ្យមានការបង្ខិតបង្ខំដោយចាប់បំពាក់អាវុធទៀតផង។ ប៉ុន្តែបច្ចុប្បន្ន ក្រៅពីមានភាពក្លាហាន កងទ័ពត្រូវមានចំណេះដឹង និងសមត្ថភាពពិតប្រាកដតាមរយៈការប្រឡងប្រជែងដើម្បីឈានទៅសិក្សាវគ្គជំនាញផ្សេងៗ។
ក្នុងពិធីបើកវិញ្ញាសាប្រឡងចូលក្របខ័ណ្ឌក្រសួងការពារជាតិសម្រាប់យោធភូមិភាគទី៣ធ្វើឡើងកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩ នៅវិទ្យាល័យមិត្តភាពកម្ពុជាជប៉ុនកំពតក្រុង លោកឧត្តមសេនីយ៍ឯកយឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៣ បានមានប្រសាសន៍ថា ការជ្រើសរើសនាយទាហាននៅពេលនេះផ្ទុយស្រឡះកាលពីសម័យប្រទេសមានសង្គ្រាម ដោយកាលនោះមិនចាំបាច់ឆ្លងកាត់ការប្រកួតប្រជែងឡើយ។ មិនតែប៉ុណ្ណោះ ពេលខ្លះក៏មានការចាប់បង្ខំបំពាក់អាវុធឱ្យចូលបម្រើក្នុងជួរកងទ័ពថែមទៀតផង។
លោកមេបញ្ជាការបានបន្តថាបច្ចុប្បន្នគឺផ្អែកលើគោលដៅធំតាមវិធានការនៃវិធីសាស្ត្ររបស់ក្រសួងការពារជាតិក្នុងការចម្រាញ់យកអ្នកមានសមត្ថភាពពិតប្រាកដ ហើយការប្រឡងនេះក៏ពោរពេញដោយតម្លាភាព ប្រសិទ្ធភាព យុត្តិធម៌ និងគ្មានការអន្តរាគមន៍ ឬអំពើសូកប៉ាន់ណាមួយឡើយ។ ដូច្នេះបេក្ខជនបេក្ខនារីទាំងអស់ ត្រូវខិតខំបញ្ចេញនូវចំណេះដឹងផ្ទាល់ខ្លួនបំណងឈានទៅចាប់យកជំនាញ ក្នុងវគ្គនាយទាហានបន្តសំដៅក្លាយខ្លួនជាសក្ដានុពល ដែលជាធនធានប្រកបដោយសមត្ថភាពក្នុងស្ថាប័នកងយោធពលខេមរភូមិន្ទដើម្បីប្រទេសជាតិមានភាពរឹងមាំ។
ជាមួយគ្នានេះ គណៈកម្មការប្រឡងប្រចាំមណ្ឌលកំពតបានប្រាប់ឱ្យដឹងថា ការប្រឡងជ្រើសរើសនាយទាហាននៃកងយោធពលខេមរភូមិន្ទដំណើរការចាប់ពីថ្ងៃទី១៣ ដល់១៥ ខែមករា ឆ្នាំ២០១៩។ សម្រាប់មណ្ឌលភូមិភាគទី៣មានបេក្ខជនចំនួន៨២១នាក់ ស្រី២៩៩នាក់ក្រោមការត្រួតពិនិត្យដោយគណៈមេប្រយោគយ៉ាងហ្មត់ចត់បំផុត។
គណៈកម្មការខាងលើបានបញ្ជាក់ទៀតថា ការប្រឡងនេះដើម្បីជ្រើសយកបេក្ខជនជ័យលាភីសម្រាប់វគ្គនាយទាហានសកម្មជំនាន់ទី២៣ វគ្គនាយទាហានទ័ពជើងគោកជំនាន់ទី១១ វគ្គនាយទាហានបន្តវេនជំនាន់ទី១២ និងវគ្គនាយទាហានជំនាញបច្ចេកទេសយោធាឆ្នាំ២០១៩។ វិញ្ញាសាដែលបេក្ខជន បេក្ខនារីត្រូវបញ្ចេញសមត្ថភាព រួមមាន៖ ផ្នែកចំណេះដឹងទូទៅ ភាសាបរទេស ព្រមទាំងការប្រកួតប្រជែងកាយសម្បទាតាមរយៈកីឡាចោលដុំដែក លោតចម្ងាយ និងរត់ចម្ងាយជាដើម៕
សេង ណារិទ្ធ






