តាមការបង្ហើបពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តស្ទឹងត្រែង បានឲ្យដឹងថា គ្រាន់តែនៅដើមខែមករា ឆ្នាំ២០១៩ នេះឈ្មួញឈ្មោះ ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ បានដឹកឈើចេញពីឃ្លាំងបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ ស្រុកសេសាន ខេត្តស្ទឹងត្រែង ចំនួន៩០រថយន្តយីឌុបនិងរថយន្តប្រភេទវ៉េអង ដែលផ្ទុកបានចំណុះរាប់សិបម៉ែត្រគូបឬរាប់សិបតោនក្នុងមួយគ្រឿងៗ។ ប្រការនេះកំពុងធ្វើឲ្យព្រៃឈើនៅខាងក្រៅទីតាំងបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ ត្រូវប្រឈមនឹងសេចក្ដីវិនាសយ៉ាងឆាប់រហ័ស ព្រោះគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានប៉ះពាល់ឧកញ៉ា ជ័យ ឡើយ។ ផ្ទុយទៅវិញមានតែមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធជួយសម្របសម្រួលឲ្យឧកញ៉ា ជ័យ សម្រុកដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងរលូនទាំងយប់ទាំងថ្ងៃដើម្បីជាថ្នូរនឹងផលប្រយោជន៍។
ថ្មីៗនេះតាមសេចក្ដីរាយការណ៍ពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តស្ទឹងត្រែង បានឲ្យដឹងថា លោកផ្កាយ៣ ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ កំពុងបង្កើនសកម្មភាពដឹកជញ្ជូនឈើពីតំបន់សំអាតបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ ចេញទៅស្រុកយួនយ៉ាងពេញបន្ទុកដោយគ្មានញញើតអ្វីទាំងអស់។
ប្រភពបានឲ្យដឹងទៀតថា មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័នមិនហ៊ានប៉ះពាល់មេឈ្មួញ ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ នោះទេព្រោះដឹងថាឈ្មួញម្នាក់នេះមានខ្នងបង្អែកយ៉ាងរឹងមាំចាំជួយការពារគ្រប់ពេលវេលា។ សូម្បីតែមន្ត្រីគណៈកម្មការបង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើដែលចុះទៅបំពេញបេសកកម្មបង្ក្រាបបទល្មើសព្រៃឈើក៏មិនហ៊ានប៉ះពាល់មេឈ្មួញ ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ នោះដែរព្រោះខ្លាចរបូតស័ក្ដិពីលើស្មា។ អាចនិយាយបានថា ករណីមេឈ្មួញ ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ អាចដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងរលូន គឺមានការឃុបឃិតជាប្រព័ន្ធពីសំណាក់មន្ត្រីជំនាញនិងសមត្ថកិច្ចពុករលួយ។
ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង បានឲ្យដឹងថា កាលពីថ្ងៃទី០៦ ខែមករា កន្លងទៅថ្មីៗនេះមេឈ្មួញ ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ ដឹកជញ្ជូនឈើចេញពីឃ្លាំងបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ ចំនួន១៤រថយន្តយីឌុបធំៗ ហើយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចណាហ៊ានប៉ះពាល់ឡើយ។
មន្ត្រីជំនាញនិងសមត្ថកិច្ចក្នុងខេត្តស្ទឹងត្រែង បានទទួលស្គាល់ថាពួកគេមិនហ៊ានប៉ះពាល់ឈ្មួញពាក់ផ្កាយ៣ម្នាក់នោះទេ ព្រោះអាចនាំឲ្យមានទុក្ខលំបាកដល់ខ្លួន ដូច្នេះមានតែរក្សាភាពស្ងៀមស្ងាត់។ ដោយសារមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានប៉ះពាល់ ដូច្នេះហើយទើបមេឈ្មួញ ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ អាចធ្វើសកម្មភាពដឹកជញ្ជូនឈើពីបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ ស្រុកសេសាន ខេត្តស្ទឹងត្រែង ចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិត្រពាំងស្រែ-វ៉ាលឺ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ តាមអំពើចិត្តរបស់ខ្លួន។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តស្ទឹងត្រែង បានឲ្យដឹងថា បច្ចុប្បន្នមេឈ្មួញ ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ បានប្រើប្រាស់អាជ្ញាប័ណ្ណក្រុមហ៊ុនសំអាតបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ ដើម្បីដឹកជញ្ជូនចេញទៅស្រុកយួនយ៉ាងសុខស្រួល។
ប្រភពបានឲ្យដឹងទៀតថា ទោះបីនៅក្នុងតំបន់បាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ គ្មាននៅសល់ឈើសម្រាប់កាប់ធ្វើអាជីវកម្មបន្តទៀតយ៉ាងណាក៏ដោយ ក៏មេឈ្មួញ ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ នៅតែមានឈើរាប់រយរាប់ពាន់ម៉ែត្រគូបដឹកជញ្ជូនចេញទៅស្រុកយួនយ៉ាងគគ្រឹកគគ្រេងគ្មានញញើតអ្វីទាំងអស់។
សកម្មជនព្រៃឈើនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាល បានបញ្ជាក់ថា ឈើដែលមេឈ្មួញ ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ ដឹកជញ្ជូនចេញទៅស្រុកយួនសព្វថ្ងៃនេះ គឺជាឈើកាប់ចេញពីព្រៃការពារ ព្រៃអភិរក្ស ព្រៃសហគមន៍ ក្នុងស្រុកសេសាន និងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាល បានសម្ដែងសេចក្ដីព្រួយបារម្ភថា ព្រៃឈើក្នុងស្រុកសេសាន និងស្រុកសៀមប៉ាង ចៀសមិនផុតពីសេចក្ដីវិនាសដោយសារស្ដារដៃមេឈ្មួញ ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ នាពេលឆាប់ៗខាងមុខនេះឡើយ៕





