(ខេត្តកំពត)៖ នៅព្រឹកថ្ងៃសៅរ៍ ១៥កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០១៨ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត អមដំណើរដោយថ្នាក់ដឹកនាំនៃមន្ទីរ អង្គភាពជុំវិញខេត្តបានអញ្ជើញចុះពិនិត្យស្វែងយល់ទីតាំងនៃគម្រោងសាងសង់ស្ពាន ចំនួន២កន្លែងផ្សេងគ្នាដែលស្ថិតក្នុងឃុំចំនួន២នៃស្រុកឈូក ខេត្តកំពត។
គម្រោងនៃការសាងសង់ស្ពានទាំង២នេះជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើម្បីជាការឆ្លើយតបតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលជួបការលំបាកក្នុងការធ្វើដំណើរឆ្លងកាត់ដើម្បីដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារក៏ដូចជាកូនចៅប្រជាពលរដ្ឋធ្វើដំណើរទៅកាន់សាលារៀន ពិសេសក្នុងរដូវវស្សាតែម្តង។ គម្រោងស្ពានដែលត្រូវសាងសង់ទាំងពីរខាងលើនេះរួមមាន៖
១).ស្ពានអូរកាច់ចង្កេះ ប្រវែង ២១ម៉ែត្រ គ្រោងចំណាយថវិកាសាងសង់ ប្រមាណ ៦ពាន់ដុល្លា ស្ថិតនៅភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ខេត្តកំពត។
២).ស្ពានកោះស្លា ប្រវែង ៩៤ម៉ែត្រ គ្រោង ចំណាយថវិកាសាងសង់ ប្រមាណ ៣ម៉ឺនដុល្លា ដែលតភ្ជាប់ពីភូមិវាលក្រសាំង ឃុំតាកែន ទៅកាន់ភូមិកោះស្លា ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។
មានប្រសាសន៍ក្នុងឱកាសនោះ លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តបាន គូសបញ្ជាក់ថា៖បញ្ហាផ្លូវ ស្ពាន និងសាលារៀនក៏ជាចំណែកមួយក្នុងចំណោមវិស័យអាទិភាពនានាដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន តែងតែមានការយកចិត្តទុកដាក់ជាប្រចាំ។
ដូចនេះហើយការចុះមកពិនិត្យពីស្ថានភាពនៃការសាងសង់ស្ពាននាពេលនេះ គឺ ដោយផ្អែកលើសំណូមពរនិងតម្រូវការជាចម្បងរបស់ប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរ ក្នុងមូលដ្ឋាន ស្ពាននេះក្នុងនាមអាជ្ញាធរខេត្ត លោក នឹងខិតខំជំរុញធ្វើការកសាងស្ពានទាំង២ខាងលើនេះឲ្យហើយរួចរាល់ជាស្ថាពរនៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឈានចូលមកដល់ខាងមុខនេះ។ ដោយខណៈនេះ លោក អភិបាលខេត្ត ក៏បានផ្ដាំផ្ញើ ដល់អាជ្ញាធរ ក៏ដូចជាប្រពលរដ្ឋក្នុងមូលដ្ឋាន ត្រូវចូលរួមសហការជាមួយមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាឲ្យដំណើរការនៃការសាងសង់ស្ពាននេះ ប្រកបទៅដោយភាពរលូននិងឆាប់រហ័ស។
បន្ទាប់មក លោក ជាវ តាយអភិបាលខេត្ត រួមនិងមន្ត្រីអមដំណើរក៏បានចុះទៅពិនិត្យទីតាំងនិងអាគារសិក្សាថ្មីនៃសាលា វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ត្រពាំងបីស្ថិតក្នុងឃុំត្រពាំងបីស្រុកឈូកដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចកិតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ដែលនឹងត្រូវសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការសម្រាប់កូនចៅប្រជាពលរដ្ឋបានចូលសិក្សានាពេលខាងមុខឆាប់ៗនេះហើយ៕ សេង ណារិទ្ធ








