ប៉ៃលិន៖ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះពិនិត្យមើលការរៀបចំកែរលម្អហេដ្ឋារចនាសម្ព័ន្ធ និងសោភ័ណភាព នៅច្រកទ្វារព្រំដែន អន្តរជាតិព្រំ ស្ថិតក្នុងភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនដើម្បីបម្រើដល់ប្រយោជន៍សាធារណៈ សម្រាប់ជាតិ និងប្រជាជន។
លោកស្រីបណ្ឌិត បាន ស្រីមុំ បានបញ្ជាក់ថា ក្រោមគោលនយោបាយឈ្នះឈ្នះ និងក្រោម មាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី បានធ្វើឱ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាពពេញលើផ្ទៃប្រទេស មានស្ថេរភាពនយោបាយ ជាពិសេសបានធ្វើឱ្យខេត្តប៉ៃលិន ដែលជាខេត្តជាយដែន និងធ្លាប់ជាសមរភូមិយ៉ាងក្តៅគគុកមានការអភិវឌ្ឍ និងរីកចម្រើន លើគ្រប់វិស័យ ហើយជីវភាពរបស់ប្រជាពលរដ្ឋកាន់ តែធូរធាឡើងពីមួយ ថ្ងៃទៅមួយថ្ងៃគួរជាទីមោទន។
លោកស្រីបណ្ឌិត បានមានប្រសាសន៍បញ្ជាក់ថា បច្ចុប្បន្ននេះអាជ្ញាធរខេត្តប៉ៃលិន បានកំពុងខិតខំរៀបចំ សណ្តាប់ ធ្នាប់ និងកែរលម្អសោភ័ណភាពនៅក្នុងខេត្តយ៉ាងសស្រាក់សស្រាំដូចជា៖ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការកែ លម្អសួនច្បារសាធារណៈ ការដាក់ភ្លើងបំភ្លឺ និងភ្លើងលំអនាពេលរាត្រី ការសម្អាត អនាម័យបរិស្ថាននៅតាម ទីសាធារណៈ និងតាមតំបន់រមណីយ៍ដ្ឋានទេសចរណ៍នានា ដើម្បីឱ្យខេត្តប៉ៃលិនប្រែក្លាយ ជាខេត្តមួយ មានការរីកចម្រើន និងមានទេស ភាពស្រស់បំព្រងបរិស្ថានល្អ ព្រមទាំងប្រែក្លាយជាខេត្តគោលដៅទេសចរណ៍សម្រាប់ថ្ងៃអនាគតផងដែរ។
នៅក្នុងឱកាសនោះផងដែរ លោកស្រីបណ្ឌិត បាន ស្រីមុំ ក៏បានមានប្រសាសន៍សំណូមពរដល់ប្រជាពលរដ្ឋ ត្រូវ រួម គ្នាសម្អាតអនាម័យបរិស្ថាន និងជួយថែរក្សាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ជាពិសេសមេត្តាយោគយល់ និងអធ្យា ស្រ័យ ចំពោះផលប៉ះពាល់ ព្រមទាំងចូលរួមសហការជាមួយក្រុមការងារបច្ចេកទេសនិងអាជ្ញាធរមូលដ្ឋាន ធ្វើការ កែលម្អហេដ្ឋារចនាសម័ន្ធ និងសោភ័ណភាពខេត្តរបស់យើង ដើម្បីទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្ត៕



