រដ្ឋមន្ត្រីកសិកម្ម ជំរុញឱ្យកសិករបង្កើនការផលិតពូជស្រូវសែនក្រអូប និងផ្ការំដួល ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស គ្រាដែលតម្លៃទីផ្សារហក់ឡើងខ្ពស់
(កំពង់ស្ពឺ)៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ឌីណា បានជំរុញឱ្យប្រជាកសិករបង្កើនការផលិតពូជស្រូវសែនក្រអូប និងពួជស្រូវផ្កាម្លិះ ដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សារក្នុងស្រុកនិងក្រៅប្រទេស គ្រាដែលពូជស្រូវនេះកំពុងទទួលបានការចាប់អារម្មណ៍ និងមានតម្លៃខ្ពស់គួរសម។
ការលើកឡើងនេះគ្រាដែលលោករដ្ឋមន្ត្រីក្រសួងកសិកម្ម អញ្ជើញចុះពិនិត្យទិដ្ឋភាពជាក់ស្តែងអំពីសមត្ថភាព គុណភាព បច្ចេកវិទ្យា និងទំនើបកម្មរបស់រោងម៉ាស៊ីនកិនស្រូវនៅកម្ពុជា ព្រមទាំងរួមគ្នាផ្សព្វផ្សាយអំពីសក្តានុពល របស់វិស័យស្រូវអង្ករកម្ពុជា ដោយឈរលើមូលដ្ឋាន (ដាំដុះមានគុណភាពល្អ កិនកែច្នៃប្រកបដោយសុវត្ថិភាព និងទីផ្សារដែលមាននិរន្តរភាព និងប្រាក់ចំណេញដោយមានការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាល តាមរយៈគោលនយោបាយនានា) នៅរោងម៉ាស៊ីនកិនស្រូវអប្សារារ៉ាយស៍ ខេមបូឌា ឯ.ក និងរោងម៉ាស៊ីនកិនស្រូវព្រីម្លិះ ខបភើរេសិន ស្ថិតក្នុងក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ដែលដំណើរទស្សនកិច្ចនេះក៏បានការចូលរួមពីលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងលោកស្រី ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មផងដែរ។
លោក ឌិត ឌីណា បានលើកឡើងថា អង្ករផ្កាម្លិះរបស់កម្ពុជា បានជាប់ជ័យលាភីលំដាប់ថ្នាក់ពិភពលោក ក្នុងការប្រគួតប្រជែងវេទិកាស្រូវ-អង្ករពិភពលោក៥លើក កន្លងមកហើយ។ ជ័យលាភីនេះគឺដោយសារតែអង្ករកម្ពុជា មានរូបសម្បត្តិប្រវែងគ្រាប់អង្ករល្អស្មើគ្នាពណ៌សភ្លឺរលោងស្អាត ការតុបតែងវេចខ្ចប់អង្ករមានលក្ខណៈទាក់ទាញ ក្រោយចម្អិន បាយមានភាពទន់ល្អក្លិនក្រអូបប្រហើរ និងមានឱជារសឆ្ងាញ់។
ទន្ទឹមនោះរដ្ឋមន្ត្រីកសិកម្ម ក៏បានគូសបញ្ជាក់បន្ថែមថា ពូជស្រូវសែនក្រអូបក៏ជាពូជស្រូវមួយប្រភេទរបស់កម្ពុជាដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងផងដែរ ដោយបានទទួលពានរង្វាន់មាសពីប្រទេសចិន ជាអង្ករល្អដាច់គេលើលោក កាលពីចុងឆ្នាំ២០២៣កន្លងទៅ។
លើកឡើងក្នុងឱកាសចុះសិក្សាស្វែងយល់ពីសង្វាក់ផលិតកម្មស្រូវអង្ករនោះដែរ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏បានជំរុញទៅដល់ម្ចាស់សង្វាក់ផលិតកម្មឱ្យបង្កើនតម្លៃទីផ្សារស្រូវសែនក្រអូបឱ្យបានខ្ពស់បន្ថែមទៀត ដើម្បីឱ្យកសិករ មានទឹកចិត្តក្នុងការពង្រីកការផលិតឱ្យបានច្រើនសម្រាប់ផ្គត់ផ្គង់ដល់ទីផ្សារស្រូវអង្ករ ពិសេសសម្រាប់ការផលិតនាំចេញទៅលក់លើទីផ្សារពិភព។
លោកបានបញ្ជាក់បន្ថែមថា ជាគោលនយោបាយរបស់ក្រសួង គឺចង់ជំរុញការប្រើប្រាស់ពូជស្រូវសុទ្ធ ពូជស្រូវល្អ សែនក្រអូប និងផ្ការំដួលដែលជាពូជស្រូវយុទ្ធសាស្ត្ររបស់ខ្មែរ ហើយការកសាងបណ្តាញពូជស្រូវសុទ្ធ ពិសេសពូជស្រូវ សែនក្រអូបនិងផ្ការំដួលដែលមានតម្លៃថ្លៃ មានការចុះបញ្ជី មានវិញ្ញាបនបត្រត្រឹមត្រូវនិងមានខ្សែច្រវាក់ទីផ្សារល្អ លើសពីនេះ ត្រូវកសាងទំនុកចិត្តគ្នាទៅវិញទៅមក និងត្រូវអនុវត្តផលិតកម្មតាមផែនការនិងកិច្ចសន្យា ដើម្បីធានានូវស្ថិរភាពនៃការផ្គត់ផ្គង់និងមានតម្លៃល្អ។
លោករដ្ឋមន្រ្តីក៏បានជំរុញឱ្យកសិករផលិតស្រូវពូជ ត្រូវយកចិត្តទុកដាក់ផលិតពូជស្រូវល្អ សែនក្រអូប និងផ្ការំដួលដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារនិងការប្រើប្រាស់ សហគមន៍កសិកម្ម ត្រូវធ្វើការផ្សព្វផ្សាយចលនាពូជសុទ្ធ និងជំរុញការប្រើប្រាស់ពូជសុទ្ធឱ្យកាន់តែធំទូលាយ ទាំងអ្នកប្រើស្រូវចំណី ដើម្បីពង្រីកឱ្យធំ ព្រោះមានទីផ្សារពូជស្រូវល្អនិងតម្លៃល្អ៕



























