ភ្នំពេញ៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិសាត់បានឲ្យដឹងថា នៅខេត្តពោធិ៍សាត់ មានវារីអគ្គិសនីចំនួន ៣កន្លែង ដែលមានកម្លាំងថាមពលសរុប ៣៥០ មេហ្គាវ៉ាត (MV) ដូចជា៖
១ / វារីអគ្គិសនីអាតៃ មានកម្លាំងថាមពល ១២០ មេហ្គាវ៉ាត(MV) មានទីតាំងស្ថិតក្នុងឃុំអូរសោម ស្រុកវាលវែង បានធ្វើការសាងសង់ និងដំណើរការរយៈពេល១១ឆ្នាំមកហើយ។
២ / វារីអគ្គិសនីស្ទឹងពោធិ៍សាត់ មានកម្លាំងថាមពល ៨០ មេហ្គាវ៉ាត(MV) មានទីតាំងស្ថិតក្នុងក្រុងពោធិ៍សាត់ កំពុងដំណើរការសាងសង់ និងបញ្ចប់គម្រោងសាងសង់នៅ ឆ្នាំ២០២៦។
៣ / វារីអគ្គិសនីស្ទឹងមេទឹក មានកម្លាំងថាមពល ១៥០ មេហ្គាវ៉ាត(MV) មានទីតាំងស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង(ផ្លូវបន្ទាត់ព្រំដែនកម្ពុជា-ថៃពីថ្មដា ទៅកាន់ខេត្តកោះកុង)កំពុងដំណើរការសាងសង់។
ឯកឧត្តម ខូយ រីដា បញ្ជាក់បន្ថែមថា នៅខេត្តពោធិ៍សាត់ក្រៅពីអគ្គិសនី ក៏មានថាមពលប្រើដោយពន្លឺព្រះអាទិត្យផងដែរ នៅឯស្រុកក្រគរកំពុងដំណើរការបច្ចុប្បន្ន ដែលមានកម្លាំងថាមពល ៩០ មេហ្គាវ៉ាត(MV) និងកំពុងធ្វើការសាងសង់មួយកន្លែងទៀតមានកម្លាំងថាមពលរហូតដល់ ១៥០ មេហ្គាវ៉ាត(MV) អាចនិយាយបានថា សម្រាប់ខេត្តពោធិ៍សាត់ មានថាមពលពីរប្រភេទគឺ ថាមពលអគ្គិសនី និងថាមពលពន្លឺព្រះអាទិត្យ។
ឯកឧត្តមថ្លែងបែបនេះក្នុងឱកាសផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ក្នុងដំណើរបេសកកម្មទៅកាន់ខេត្តពោធិ៍សាត់ ដើម្បីផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្តានុពលទេសចរណ៍ និងសមិទ្ធិផលនានារបស់ខេត្ត ដែលដឹកនាំដោយលោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា(ក.អ.ក)។
សូមជម្រាបថា ខេត្តពោធិ៍សាត់ត្រូវបានចាត់ទុកជាខេត្តមានសក្តានុពលខ្លាំងផ្នែកវារីអគ្គិសនី រហូតជាប់រហ័ស្សនាមជា «ធុងអាគុយនៃព្រះរាជាណាចក្រកម្ពុជា» ដែលមានកម្លាំងថាមពលអគ្គីសនីរហូតដល់ ៣៥០ មេហ្គាវ៉ាត(MV) និងកម្លាំងថាមពលប្រើដោយពន្លឺព្រះអាទិត្យ ២៤០ មេហ្គាវ៉ាត(MV) ដែលអាចធ្វើការចែកចាយផ្គត់ផ្គង់បាននៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
សូមរម្លឹកថា ក្នុងវេទិកាកិច្ចពិភាក្សាដែលរៀបចំឡើងដោយក្លឹបអ្នកកាសែតកម្ពុជា(ក.អ.ក) នៅឯសណ្ឋាគារសុខាភ្នំពេញ កាលពីពេលកន្លងទៅនេះ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលធ្លាប់បានធ្វើការបញ្ជាក់ថា កម្ពុជាបានកាត់បន្ថយការទិញភ្លើងពីប្រទេសជិតខាង ដោយសារតែយើងមានវារីអគ្គិសនីអាចផលិតភ្លើងបានដោយខ្លួនឯង មិនតែប៉ុណ្ណោះនៅថ្ងៃអនាគត កម្ពុជាអាចធ្វើការលក់ថាមពលអគ្គិសនីទៅឲ្យប្រទេសផ្សេងៗទៀតផងដែរ៕




