ខេត្តឧត្តរមានជ័យ ៖ បន្ទាប់ពីមានការរិះគន់តាមបណ្តាញសង្គមក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ត្រូវបានប្រជាពលរដ្ឋរស់នៅក្នុងខេត្តឧត្តរមានជ័យភាគច្រើនលើសលប់ដែលបានដឹងឮស្គាល់ច្បាស់ពីការរស់នៅនៃជីវិតគ្រួសាររបស់ឯកឧត្តមស ថាវី អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ឯកឧត្តម ជាបុរសពិតម្នាក់ដែលហ៊ានទទួលខុសត្រូវរបស់ខ្លួនឯង ត្រង់ថាមានភរិយាពីរមែន ហើយគ្មានដើមគ្មានចុងអីនោះទេ គឺវាខុសប្លែកពីអតីតអភិបាលខេត្តតាកែវ លោកឡាយ វណ្ណៈ មានភរិយាស្របច្បាប់និងលួចមានស្រីកំណាន់ចិត្តខាងក្រៅ ប៉ុន្តែខ្វះការទទួលខុសត្រូវ ចុងក្រោយបែកការណ៍ ក៏បានក្លាយទៅជាជនជាប់ចោទនៃអំពើឃាតកម្ម សម្លាប់ស្រីកំណាន់ចិត្តបំបិទមាត់ និងរងនូវការរិះគន់ពីមជ្ឍដ្ឋានទូទៅយ៉ាងពេញទំហឹង ជាពិសេសប្រជាពលរដ្ឋបានគាំទ្រនូវចំណាត់ការរបស់មន្ត្រីនគរបាលយុត្តិធម៌ និងស្ថាប័នតុលាការបានស៊ើបអង្កេត ស្រាវជ្រាវឈានដល់ការចាប់ខ្លួនលោកឡាយ វណ្ណៈ ព្រមទាំងគូកនដាក់ពន្ធនាគារមកដល់បច្ចុប្បន្ននេះ។
ប្រជាពលរដ្ឋបាននិយាយថាការរិះគន់ទៅលើលោកស្រី ធៀម លីណា ជាភរិយាពេញមុខរបស់ឯកឧត្តមស ថាវី គឺជាការច្រណែនឈ្នានីសពីមនុស្សមួយចំនួនតូចដើម្បីបង្ខូចកិត្តិយសឯកឧត្តមអភិបាលខេត្ត ដោយបានចោទប្រកាន់លោកជំទាវថាប្រើប្រាស់មធ្យោបាយខុសច្បាប់និងយកអំណាចទៅគាបសង្កត់ក្រុមហ៊ុនថៃយកលុយពី២០០០ទៅ៣០០០ដុល្លារដែលចូលមកទិញកសិផលរបស់ប្រជាពលរដ្ឋខ្មែរនៅក្នុងខេត្តឧត្តរមានជ័យនោះ គឺមិនពិតទាល់តែសោះ ពីព្រោះលោកស្រីជាភរិយារបស់ឯកឧត្តមគាត់ជាអ្នកពាណិជ្ជករដែលមានអាជីវម្មលក់ដូរប៉ុណ្ណោះ មិនមានអំណាចអ្វីទៅលូកដៃក្នុងកិច្ចការរដ្ឋនោះទេ ចំណែកឯកឧត្តម ស ថាវី ក្រៅពីបំពេញតួនាទីជាអភិបាលខេត្តឧត្តរមានជ័យនេះ គាត់ជាមនុស្សសាមញ្ញបំផុតដែលប្រជាពលរដ្ឋគោរពរាប់អានតាមរយៈការច្នៃប្រឌិតបង្កើតកសិដ្ឋានចិញ្ចឹមគោក្របីសំរាប់ប្រមូលទិន្នផលផ្គត់ផ្គង់គ្រួសារដែលជាមុខរបររបស់កសិករដ៏សមប្រកបណាស់ បើគេធ្វើការប្រៀបធៀបទៅនឹងមហាសេដ្ឋីនៅប្រទេសឥណ្ឌាម្នាក់ដែលបើកកសិដ្ឋានចិញ្ចឹមសត្វគោក្របីនៅតំបន់ភ្នំមួយកន្លែងអាចរកចំណូលមកផ្គត់ផ្គង់គ្រួសារដោយចិញ្ចឹមប្រពន្ធដល់ទៅ៤០នាក់ឯណោះមិនមានបញ្ហអ្វីនោះឡើយ។
ប្រជាពលរដ្ឋបានសំដែងនូវការគាំទ្រចំពោះឯកឧត្តមស ថាវី ដែលជាអាណាព្យាបាល គ្រប់គ្រងដឹកនាំបម្រើការងារជូនប្រជាពលរដ្ឋបានល្អប្រសើរបំផុតក្នុងការជួយរកទីផ្សារក្រោយពីធ្វើការដាំដុះផលដំណាំ ហើយទទួលបានទិន្នន័យខ្ពស់ យ៉ាងសមរម្យជាមួយដៃគូខាងក្រុមហ៊ុនថៃ ដែលចូលមកប្រមូលទិញកសិផលរបស់ប្រជាពលរដ្ឋខ្មែរនៅក្នុងខេត្តឧត្តរមានជ័យដូចជាដំឡូងមីជាដើម។ល។ ប៉ុន្តែបែរជាមានមន្ត្រីនិងសមត្ថកិច្ចមួយចំនួនគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនយកអំណាចទៅគាបសង្កត់ខាងក្រុមហុ៊នជំរិតទារលុយច្រើនលើសលប់ធ្វើឲ្យក្រុមហ៊ុនខាតបង់ទំលាក់ថ្លៃទើបធ្វើឲ្យប្រជាពលរដ្ឋជួបការលំបាកក្នុងការរកទីផ្សារដោយសារការដាំដុះបានហើយ តម្លៃទិន្នផលក៏ធ្លាក់ចុះថោក ព្រោះតែមានអំពើពុករលួយរបស់សមត្ថកិច្ចច្រកនិងមន្ត្រីជំនាញគ្រប់ផ្នែកនៅប្រចាំការតាមព្រំដែន។
ឆ្លើយតបទៅនឹងការរិះគន់ តាមបណ្តាញសង្គមបែបនេះ ឯកឧត្តមស ថាវី អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានច្រានចោលទាំងស្រុង ដោយបញ្ជាក់ថា “ភរិយារបស់គាត់ មិនមានអំណាចអ្វីទៅយកលុយ ឬបង្ខំឲ្យក្រុមហ៊ុនទិញកសិផលប្រជាពលរដ្ឋដោយត្រូវតែបង់ប្រាក់ឲ្យគាត់នោះទេ” ។ ឯកឧត្តមបានបញ្ជាក់ថា “រឿងប្រពន្ធខ្ញុំដែលគេចោទនោះ មិនមែនជាការពិត ហើយក៏មិនជាប់ពាក់ព័ន្ធនឹងការយកលុយពីក្រុមហ៊ុនទាំងនោះទេ ។ ភរិយាខ្ញុំគាត់មានមុខរបររបស់គាត់ រកស៊ីលក់ដូរនិងចងការប្រាក់ និងមានលទ្ធភាពទិញរថយន្តជិះជាគំនិតការចង់បានរបស់គាត់ ។
ឯកឧត្តមអភិបាលបន្តថា ខ្ញុំដឹងអស់ហើយអ្នកដែលរិះគន់ខ្ញុំ ព្រោះអស់លោកចង់ឡើងធ្វើជាចៅហ្វាយខេត្ត ហើយតំណែងចៅហ្វាយខេត្តនេះក៏មិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់ខ្ញុំឯណា? តាមពិតមន្ត្រីមុខងារសាធារណៈគឺមានសិទ្ធិឡើងជាអភិបាលខេត្តបានទៅតាមសមត្ថភាពនិងមានសេចក្តីទុកចិត្តពីថ្នាក់លើតែប៉ុណ្ណោះ” ។
ឯកឧត្តម ស ថាវី បានបន្តទៀតថា “ពេលខ្លះខ្ញុំក៏ពុំដឹងថាក្នុងនាមជាកូនកំព្រាម្នាក់មានសម្ពាយបុណ្យពីជាតិមុនបែបណាទេ ទើបបានកាន់តំណែងជាអភិបាលខេត្ត” ។ “និយាយរួមទៅ ក្នុងនាមខ្ញុំ ជាអភិបាលខេត្តតែងបានគិតពីផលប្រយោជន៍ប្រជាពលរដ្ឋ ដែលដាំដុះដំណាំកសិផល ប៉ុន្តែអ្នកដែលបានធ្វើបាបប្រជាពលរដ្ឋ មិនមែនភរិយាខ្ញុំទេ គឺអស់លោកជាមេកងពល មេៗ សមត្ថកិច្ចច្រក និងសមត្ថកិច្ចនៅតាមព្រំដែន ពួកគាត់គាបក្រុមហ៊ុនគេខ្លាំងពេក ទើបធ្វើឲ្យប្រជាពលរដ្ឋថ្នាំងថ្នាក់ និងពិបាករកទីផ្សារ ដូចជាដំឡូងមីជាដើម…”។
ដោយឡែកចំពោះការចោទប្រកាន់ទៅលើសកម្មភាពថាភរិយាទី២របស់ឯកឧត្តមអភិបាលខេត្តឧត្តរមានជ័យ ចេញមុខធ្វើការងាររកចំណូល តាមរយៈឥទ្ធិពលប្តីហើយបានទទួលការរិះគន់មួយទំហឹងៗនោះ ក៏មានករណីផ្សេងទៀតបានលើកឡើងថា ឯកឧត្តមស ថាវី ត្រៀមលុបបឹងធម្មជាតិនៅពីមុខសាលាខេត្ត ក្នុងគោលបំណងលក់ទៅឲ្យឯកជនសាងសង់ខុនដូ ។ ប៉ុន្តែបើតាមការបញ្ជាក់កាលពីពេលថ្នីៗនេះ ឯកឧត្តមបានបដិសេធថា ” នេះមិនមែនជាការពិត ហេតុអី្វបានខ្ញុំបញ្ជាក់យ៉ាងដូច្នេះ ពីព្រោះមានតែខ្ញុំទេ ក្នុងនាមជាអភិបាលខេត្ត បានខិតខំរក្សាការពារ តំបន់បឹងធម្មជាតិ ក្នុងនោះខ្ញុំថែមទាំងស្នើសុំទៅថ្នាក់លើដើម្បីកាយដីឲ្យបានជ្រៅក្នុងទំហំ៥០ម៉ែត្របួនជ្រុងធ្វើឲ្យបឹងធម្មជាតិមួយនេះ មានសោភ័ណ្ឌភាព និងការទាក់ទាញភ្ញៀវទេសចរណ៍និងប្រជាពលរដ្ឋមកកំសាន្តឲ្យកាន់តែល្អប្រសើរតែប៉ុណ្ណោះ» ។
ឯកឧត្តមបានបន្តបញ្ជាក់បន្ថែមទៀតថា «ខ្វះអី្វដីដែលត្រូវសង់ខុនដូ ប្រសិនបើអាជីវករ ឬក្រុមហ៊ុនណាមួយត្រូវការវិនិយោគនិងរកស៊ីនោះ “។
សូមជម្រាបថាក្រោយពីមានការបែកធ្លាយរឿងចោទប្រកាន់ភរិយាទី២ របស់ឯកឧត្តមអភិបាលខេត្តឧត្តរមានជ័យបានប្រើប្រាស់រថយន្តគ្មានពន្ធនាំចូល ហើយពាក់ស្លាកលេខរដ្ឋនោះ ជាពិសេសដែលថាថ្មីៗនេះ ឯកឧត្តមអភិបាលខេត្តស ថាវី ថែមទាំងបានទិញផ្ទះជាកាដូជូនភរិយាទី២នៅខេត្តសៀមរាបក៏ដូចជាផ្តល់ឱកាសឲ្យភរិយាទី២ធ្វើកិច្ចការរកចំណូលតាមរយៈអំណាចគាត់ក៏ដោយ ក៏ឯកឧត្តមអភិបាលខេត្តបញ្ជាក់យ៉ាងច្បាស់ថែមទៀតថា រឿងមនុស្សណាក៏ចេះខូចដែរ កុំថាឡើយដល់ទៅរូបខ្ញុំ និងមន្ត្រីឯទៀតក្នុងនោះសូម្បីតែអ្នកកាសែតក៏មានប្រពន្ធមួយ ប្រពន្ធពីរ មានស្នេហាដូចតែគ្នាទេ។
ចំណែកប្រពន្ធខ្ញុំទាំងពីរនាក់គាត់ត្រូវគ្នាយល់ចិត្តគ្នា អញ្ចឹងគាត់រកស៊ីតាមមុខរបររបស់គាត់ នេះជារឿងធម្មជាតិមិនខុសអីទេ សំខាន់ខ្ញុំដឹងអស់ហើយ ហើយច្បាស់ទៀតថា អ្នកណាមួយបង្កើតរឿងហ្នឹងឡើងដើម្បីឲ្យថ្នាក់លើបានឃើញ ហើយឲ្យខ្ញុំរងនូវកំហុសនោះ ខណៈពេលនេះឯកឧត្តមពុំទាន់បានដាក់ពាក្យបណ្តឹងពីបទបរិហារបង្ខូចកេរ្ថិ៍ទៅតុលាការនៅឡើយទេ៕
កម្ពជាអភិវឌ្ឍន៍
Tel: 088 7797952 | 077 797952
Whatsapp: 012 580 455







