កំពត ៖ ក្នុងនាមជាមន្ត្រីរាជការក្នុងខេត្តកំពត ត្រូវមានស្មារតីទទួលខុសត្រូវទាំងអស់គ្នា ហើយត្រូវអនុវត្តគោលការណ៍រូមគ្នា ធ្វើដោយតម្លាភាព និងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ។
ការលើកឡើងបែបនេះជាប្រសាសន៍ លោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត ក្នុងកិច្ចប្រជុំ គណៈអភិបាលខេត្តប្រចាំខែសីហា និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ខែសីហា ឆ្នាំ២០១៨ នៅសាលាខេត្តកំពត ដោយមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជំនាញទូទាំងខេត្ត និងអភិបាលក្រុង-ស្រុក ព្រមទាំងសមាជិក សមាជិកា និងមន្ត្រីពាក់ព័ន្ធ សរុបចំនួន៩៨នាក់។
ជាមួយនេះ លោក ជាវ តាយ ក៏បានជំរុញឲ្យមន្ទីរអង្គភាព និងអង្គភាពចំណុះនៅតាមបណ្តាស្រុកត្រូវបង្កើតយន្តការដូចនៅខេត្តដែរ ពោលបើរចនាសម្ព័ន្ធនៅខេត្តមាន នៅក្រុង-ស្រុកត្រូវតែមានដូចគ្នា ហើយគណៈអភិបាលស្រុក ដែលមានអភិបាលរង៤និងគណៈអភិបាល១ត្រូវតែខិតខំអនុវត្តការងារឲ្យបានប្រសើរ។លោកថា មន្ត្រីរាជការទាំងអស់សុទ្ធតែមានស្មារតីទទួលខុសត្រូវ និងយកចិត្តទុកដាក់ សហការគ្នាឲ្យបានល្អដើម្បីដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ និងធ្វើដោយតម្លាភាព ផ្ទៃក្នុង អ្នកដែលធ្វើគឺអ្នកនោះនឹងទទួលផល បានន័យថាអ្នកខិតខំអនុវត្តការងារនឹងត្រូវបានលើកតម្កើងក្នុងការងារដឹកនាំ។
លោកអភិបាលខេត្ត ក៏បានដាស់តឿនដល់មន្ត្រីក្រោមឱវាទទូទាំងខេត្តកំពត ខិតខំបំពេញតួនាទីជាមន្ត្រីល្អ បម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ ហើយលោកក៏សង្ឃឹមថា លោក លោកស្រីពិតជាមានឆន្ទៈជួយរាជរដ្ឋាភិបាល អាណតិ្តទី៦នេះ ហើយយើងនឹងរួមគ្នាបម្រើ យើងនឹងដោះស្រាយយន្តការនៅក្នុងខេត្តរបស់យើងឲ្យមានប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ ដោយយើងមិនអាចចាំពេលវេលាទេ ហើយពេលវេលាក៏មិននៅចាំយើងដែរ យើងត្រូវខិតខំដើរស្រុះគ្នា ដើម្បីឆ្ពោះទៅដោះស្រាយដើម្បីប្រជាពលរដ្ឋនៅទូទាំងខេត្តកំពតរបស់យើង៕
សេង ណារិទ្ធ





