ព្រះសីហនុ ៖ ដោយឈរលើទស្សនទាន «ទុក្ខលំបាករបស់ប្រជារាស្ត្រគឺជាទុក្ខលំបាករបស់រាជរដ្ឋាភិបាល»ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម យន្ដ មីន បានមានប្រសាសន៍ថា មន្ត្រី គឺជាអ្នកបម្រើរបស់ប្រជាពលរដ្ឋដ៏ស្មោះត្រង់ ត្រូវយកចិត្តបម្រើ ប្រជាពលរដ្ឋ ដោយមិនត្រូវទុកឱ្យប្រជាពលរដ្ឋណាម្នាក់ទទួលរងគ្រោះដោយមិនបានជួយយកចិត្តទុកដាក់ នោះឡើយ ជាពិសេសជួយជនរងគ្រោះ ដោយសារគ្រោះមហន្តរាយផ្សេងៗ។
ជាក់ស្តែងថ្ងៃរសៀលថ្ងៃពុធ ទី២៩ ខែសីហា ឆ្នាំ២០១៨ នេះ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្រីក្រចំនួន២០០នាក់ក្នុងនោះមកពីស្រុកស្ទឹងហាវចំនួន៥០នាក់ និងស្រុកព្រៃនប់ចំនួន១៥០នាក់នៅបរិវេណវត្តសារ៉ាយអណ្តែតស្ថិតក្នុភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ខេត្តព្រះសីហនុ។ នេះជាសកម្មភាពមនុស្សធម៌មួយដែលថ្នាក់ដឹកនាំខេត្តព្រះសីហនុ និងមន្ត្រីនៃមន្ទីរសង្គមកិច្ចនិងអតីតយុទ្ធជនខេត្តតែងផ្សាភ្ជាប់ខ្លួនជាមួយសុខទុក្ខ ប្រជាពលរដ្ឋយើងនៅគ្រប់ទីកន្លែងក្នុងខេត្តព្រះសីហនុ ជាពិសេសបងប្អូនជួបប្រទះនូវបញ្ហាលំបាក។
ឯកឧត្តម យន្ដ មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ក្នុងនាមគណៈអភិបាលខេត្តសូមអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធនៅមូលដ្ឋានត្រូវចេះជួយរំលែកការលំបាកក្នុងជីវភាពរបស់ប្រជាពលរដ្ឋ មើលសុខទុក្ខរបស់និងដោះស្រាយបញ្ហាជូនពលរដ្ឋអោយបានទាន់ពេលវេលា។ ក្នុងនោះដែរ ឯកឧត្តម យន្ដ មីន បានក្រើនរំលឹកប្រជាពលរដ្ឋត្រូវចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យបានខ្ជាប់ខ្ជួនជាពិសេសត្រូវងាកចេញឱ្យឆ្ងាយពីគ្រឿងញៀននិងល្បែងស៊ីសងផ្សេង។
លោក សម សភា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានឱ្យដឹងថា អំណោយដែលបានផ្តល់ពេលនេះក្នុងមួយគ្រួសារទទួលបាន៖ មុង១, ភួយ១, កន្ទេល១, ធុងទឹកចំនួន០១, អង្ករ ២៥គីឡូក្រាម, មី ១កេស, ទឹកស៊ីអ៊ីវ ៣ដប, ទឹកត្រី ៣ដប, ប្រេងឆា ១ដប, ត្រីខកំប៉ុងចំនួន១យួរ និងថវិកាចំនួន ២ម៉ឺនរៀល ៕





