កំពត ៖ រដ្ឋបាលខេត្តកំពតរួមជាមួយមន្ទីរជំនាញ និងមន្ត្រីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ឃុំ សង្កាត់ កំពុងដាក់ចេញ វិធានការធ្វើយ៉ាងណា ឲ្យអាចតបណ្តាញផ្គត់ផ្គង់ទឹកស្អាត ជូនដល់ពលរដ្ឋប្រើប្រាស់ឲ្យបានលឿនបំផុតនាពេលខាងមុខ។
នេះជាគម្រោងរបស់ Jica ក្នុងការបង្កើត រោងចក្រផលិតទឹកឆៅ និងស្អាត នៅខេត្តកំពតត្រូវបានសាងសង់រួចរាល់ និងបានដាក់ឲ្យដំណើរការហើយក្រោយពេលចាប់ផ្តើមអនុវត្តនៅខែមិថុនា ឆ្នាំ២០១៦។ គម្រោងនេះនឹងត្រូវបញ្ចប់ជាស្ថាពរ នៅថ្ងៃទី ៣១ខែសីហា ឆ្នាំ២០១៨នេះ។ ក្រោយបញ្ចប់រាល់ការងារគ្រប់គ្រង និងចែកចាយ ទឹកស្អាតត្រូវប្រគល់ជូន ទៅមន្ទីរឧស្សាហកម្ម និងសិប្បកម្ម។ នេះបើតាមប្រសាសន៍របស់ លោក ជាវ តាយ អភិបាលខេត្តកំពត ក្នុងកិច្ចប្រជុំស្តីអំពីបញ្ហាទឹកស្អាត នៅព្រឹកថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០១៨ ដោយលោកបានអះអាងថា ទឹកស្អាតដែលផលិតបាននោះ នឹងត្រូវចែកចាយទៅតាមតម្រូវការ របស់ពលរដ្ឋ ឲ្យបានលឿនបំផុត ដោយមិនរង់ចាំគម្រោងរបស់រដ្ឋនោះទេ ។
លោកបានបន្តទៀតថា រដ្ឋបាលខេត្តកំពតកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីបញ្ហាទឹកស្អាតនេះ ព្រោះទឹកជាតម្រូវការ មិនអាចខ្វះបាន ហើយក្នុងនាមរដ្ឋបាលខេត្តលោកផ្តល់ជូនជាមតិយោបល់ និងជម្រើសបីក្នុងការជួយពន្លឿនការតបណ្តាញទឹកស្អាតជូនដល់ពលរដ្ឋប្រើប្រាស់ឲ្យបានឆាប់រហ័ស ទី១.មន្ទីរ និងអង្គភាពជំនាញ ត្រូវស្វែងរកលទ្ធភាពរៀបចំគម្រោងឲ្យបានច្បាស់លាស់ និងចុះតបណ្តាញទឹកឲ្យបាន លឿន។ ទី២. បើសិនបើជាលើកគម្រោងតបណ្តាញទឹកស្អាតត្រូវធ្វើឆ្នាំនេះ ឆ្នាំនោះ លោកសុំឲ្យមន្ទីរ និងអង្គភាពជំនាញ អាជ្ញាធរមូលដ្ឋាន ឃុំសង្កាត់ ជួយអំពាវនាវឲ្យអ្នកមាន លទ្ធភាពអាចទិញទឹកដុំយកទៅចែកចាយបន្ត។ ទី៣. អាជ្ញាធរត្រូវស្វែងរកក្រុមហ៊ុនឯកជនទិញទឹកទៅ ចែកចាយបន្ត ដោយមិនបាច់រង់ចាំគម្រោងរបស់រដ្ឋាករទឹកឡើយ។
ជាងនេះទៅទៀត បើជម្រើសទាំងបី មិនអាចដំណើរការទៅបាន ក្នុងនាមលោកជារដ្ឋបាលខេត្តកំពត និងទិញទឹក ហើយចែកចាយជូនប្រជាពលរដ្ឋប្រើប្រាស់ ក្នុងតម្លៃមួយថោកសមរម្យ ផ្អែកតាមអនុសាសន៍ណែនាំ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងហើយរឿងទឹកភ្លើងត្រូវតែធ្វើឲ្យបានលឿនបំផុត ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ៕
សេង ណារិទ្ធ






