នៅរសៀលថ្ងៃសុក្រ ១៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ដដែល ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តមវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ រួមជាមួយអភិបាលរងខេត្ត និងសហការីបានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអង្ករចំនួន ៣២តោន ទៅ ចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន ៥២១គ្រួសារ នៅឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប។
អង្ករ នេះគឺជាជំនួយឧបត្ថម្ភ របស់សាធារណរដ្ឋកូរ៉េ តាមរយៈគម្រោងជំនួយសង្គ្រោះបន្ទាន់របស់លេខាធិការដ្ឋានអាស៊ានបូកបី ដែលពិធីនេះត្រូវបានរៀបចំដោយអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តសៀមរាប និងអាជ្ញាធរមូលដ្ឋាន។
បន្ទាប់ពីឯកឧត្តមហ៊ាន វណ្ណហន អគ្គនាយកនៃអគ្គនាយក ដ្ឋានកសិកម្មមានមតិស្វាគមន៍ និង រាយការណ៍ជូនអង្គពិធីជ្រាបពីគោលបំណងរបស់គម្រោងជំនួយសង្គ្រោះបន្ទាន់របស់លេខាធិការដ្ឋានអាស៊ានបូកបី និងចំណាប់អារម្មណ៍របស់អភិបាលរងខេត្តរួចមក ឯកឧត្តមរដ្ឋមន្ត្រីបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹត្តបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាតក្រហមកម្ពុជា ដែលសម្តេចទាំងពីរបានផ្ញើជូននូវក្តីនឹក រលឹក សាកសួរសុខទុក្ខ និងសូមជួយចែករំលែកនូវសេចក្តី ទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលបានទទួលរងនូវគ្រោះទឹក ជំនន់នៅទូទាំងប្រទេស ហើយសម្តេចបានជូនពរ និងបន់ស្រន់ឲ្យពលរដ្ឋរងគ្រោះគ្រប់ៗគ្រួសារបានឆ្លងផុតនូវគ្រោះធម្មជាតិនេះឲ្យឆាប់នាពេលខាងមុខ។
គ្រោះធម្មជាតិទឹកជំនន់ធ្ងន់ធ្ងរដែលបណ្តាមកពីការប្រែប្រួលអាកាសធាតុបានបំផ្លាញ់អាយុជីវិត មនុស្ស សត្វ រុក្ខជាតិ និងផ្ទះសំបែងដោយមិនអាចចៀសផុតបានឡើយគ្រប់ប្រទេស និងគ្រប់ជាតិសាសន៍។ ជាក់ស្តែងប្រទេសកម្ពុជាបាននិងកំពុងជួបប្រទះគ្រោះធម្មជាតិទឹកជំនន់នៅតាមបណ្តាខេត្តនានាទូទាំងប្រទេស ពិសេសខេត្តនៅជាប់ដងទន្លេមេគង្គចំនួន ១១ខេត្ត និងដោយឡែកខេត្តសៀមរាបបានជួបគ្រោះរាំងស្ងួតដោយតំបន់។
ទោះជាយ៉ាងណារាជរដ្ឋាភិបាលដែលមានសម្តេចតេជោជានាយករដ្ឋមន្ត្រីបានខិតខំដោះស្រាយបញ្ហាចំពោះមុខ ធ្វើយ៉ាងណាជួយសម្រាលនូវការ លំបាក របស់ប្រជាពលរដ្ឋបានគ្រប់ទីកន្លែង និងគ្រប់ក្រុមគ្រួសារដោយ មិនទុកឲ្យពលរដ្ឋណាម្នាក់ ស្លាប់ដោយសារខ្វះស្បៀងបានឡើយ។
អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យអគ្គនាយកដ្ឋានកសិកម្ម សហការជាមួយមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ចុះស្រង់ស្ថិតិ និងវាយតម្លៃ ពីផលប៉ះពាល់លើផលិតផលកសិកម្ម ស្រូវ ដំណាំ និងសត្វ រួចត្រៀមក្រុមអន្តរាគមន៍ចុះជួយសង្គ្រោះ និងស្ថារឡើងវិញ នូវផលដំណាំដែលប៉ះពាល់ទាំងនោះ ពិសេសត្រូវត្រៀមបំរុងស្រូវពូជ ពូជ ដំណាំទុកជូនពលរដ្ឋដែលទទួលរងផល ប៉ះពាល់ដោយសារគ្រោះ រាំងស្ងួត និងទឹកជំនន់ដើម្បីស្តារផលិតកម្មកសិកម្មឡើងវិញនៅតាមបណ្តាខេត្តដែលទទួលរងនូវផលប៉ះពាល់ ពិសេសឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕




