កែប ៖ ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប ត្រូវបានប្រព្រឹត្តឡើងនៅព្រឹកថ្ងៃទី២៤ខែសីហាឆ្នាំ២០១៨ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត កែប ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប ប្រធាន អនុប្រធាន មន្ទីរអង្គភាពជំនាញ អាជ្ញាធរដែនដី និងកងកម្លាំងនគរបាលទូទាំងខេត្តកែបផងដែរ។
ជាកិច្ចចាប់ផ្តើមកម្មវិធី ឯកឧត្តម ឧត្តមសេនីយ៍ឯក អីុង សំអុល អតីតស្នងការនគរបាលខេត្តកែបបានឲ្យដឹងថា កម្លាំងនគរបាលក្នុងអង្គភាព មានក្របខណ្ឌសរុប ៣៨១នាក់ ស្រី៣៥នាក់ ក្នុងនោះថ្នាក់ខេត្តមានចំនួន២៩៨នាក់ និងថ្នាក់ក្រុង ស្រុក មានចំនួន៨៣នាក់ ហើយកម្លាំងបានរៀបចំក្រុមចម្រុះនគរបាលខេត្តចំនួន៧ក្រុម សម្រាប់បង្កា បង្ក្រាបបទល្មើសផ្សេងៗ និងថែរក្សាសន្តិភាព សណ្តាប់ធ្នាប់ក្នុងសង្គម។
ពិធីនេះត្រូវបានប្រកាសផ្ទេរភារកិច្ច លោកឧត្តមសេនីយ៍ត្រី បែន តារា អតីតស្នងការរងខេត្តព្រះសីហនុ ជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប ជំនួស ឯកឧត្តម ឧត្តមសេនីឯក អីុង សំអុល ដែលត្រូវចូលកាន់តំណែងថ្មី ជាប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល។
ក្នុងឱកាសនោះលោក កែន សត្ថា អភិបាលខេត្តកែប បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកម្លាំងនគរបាលទាំងអស់ ដែលខិតខំយកអស់កម្លាំងកាយ ចិត្ត កម្លាំងស្មារតី ក្នុងការចូលរួមថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានល្អប្រសើរ ពិសេសការរក្សាសណ្តាប់ធ្នាប់របៀបរៀបរយក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦កន្លងមក។
ជាមួយនេះដែរ លោកអភិបាលខេត្តកែប ក៏សូមសំដែងការអបអរសាទរ ដែលនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ស្នើតែងតាំង និងផ្ទេរភារកិច្ច ដល់លោកស្នងការនគរបាលចាស់ និងថ្មីទាំង២រូប ដោយការប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាពេលនេះ គឺជាការផ្លាស់ប្តូររដ្ឋបាលធម្មតា តាមកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា។
មានប្រសាសន៍ផ្តាំផ្ញើក្នុងពិធីនេះ នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរង ប្រធាននាយកដ្ឋានបុគ្គលិក ក៏បានជំរុញដល់ស្នងការនគរបាលខេត្តកែប ដែលទើបតែប្រកាសថ្មីនេះ ត្រូវសិក្សា និងយកគំរូតាមលោកស្នងការចាស់ ហើយត្រូវស្វែងយល់ពីភូមិសាស្ត្រ ហើយត្រូវយល់ឲ្យច្បាស់នូវតួនាទីរបស់ខ្លួន និងត្រូវគោរពតាមបទបញ្ជាថ្នាក់លើឲ្យបានខ្ជាប់ខ្ជួន ដើម្បីអនុវត្តការងារប្រកបដោយប្រសិទ្ធភាពខ្ពស់។លើសពីនេះដើម្បីសម្រួលការងារឲ្យបានជោគជ័យ និងដំណើរការបានល្អ គប្បីត្រូវខិតខំរៀនសូត្រយកបទពិសោធន៍បន្ថែមទៀតដើម្បីអង្គភាពរបស់យើងមានភាពរឹងមាំ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ប៉ែន វិបុល បានផ្តាំផ្ញើបន្ថែមដល់លោកស្នងការខេត្តកែបថ្មី ចាប់ពីពេលនេះតទៅត្រូវតែបន្តរក្សាសាមគ្គីភាពផ្ទៃក្នុង ពង្រឹងនិងបង្កើនសមត្ថភាពដល់មន្ត្រីនគរបាលទាំងអស់ គឺមិនត្រូវប្រកាន់បក្សពួក ឬក្រុមណាឡើយ ត្រូវធ្វើការងាររួមគ្នាជូនប្រជាពលរដ្ឋ ឲ្យស្របតាមទិសដៅដែលថ្នាក់លើប្រគល់ជូន។
ជាមួយនេះ នាយឧត្តមសេនីយ៍ ក៏បានឧបត្ថម្ភថវិកាដល់អង្គភាពកងកម្លាំងប្រដាប់អាវុធទាំងបី នូវថវិការមួយចំនួនផងដែរ៕
សេង ណារិទ្ធ








