កំពត ៖ នៅរសៀលថ្ងៃទី០៧ខែមិថុនា ឆ្នាំ ២០១៨ រដ្ឋបាលខេត្តកំពត ក្រោមកិច្ចរៀបចំដោយមន្ទីរអប់រំយុវជននិងកីឡាខេត្ត។ បានប្រារព្ធពិធីខួបលើកទី៦៩ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី១៧ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២មិថុនានិងទិវាកុមារកម្ពុជាឆ្នាំ២០១៨ក្រោមអធិបតីភាព លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត។
លោក តាក ហាប់ ប្រធានមន្ទីរ អប់រំ យុវជន និងកីឡាខេត្ត បានឲ្យដឹងថា៖ខួបលើកទី៦៩ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី១៧ទិវាពិភពលោកប្រឆាំងពលកម្ពុជាកុមារ១២មិថុនានិងទិវាកុមារកម្ពុជាឆ្នាំ២០១៨នេះគឺស្ថិតក្រោមប្រធានបទ«រួមគ្នាការពារកុុមារដើម្បីអភិវឌ្ឍគ្រួសារនិងសង្គមជាតិ និងទប់ស្កាត់គ្រោះថ្នាក់ការងារនិងភាពងាយរងគ្រោះផ្នែកសុខភាពសម្រាប់កម្មករនិយោជិតវ័យក្មេងដើម្បីលុបបំបាត់ពលកម្មកុមារ»។
ក្នុងឱកាសនោះ លោក ជាវ តាយអភិបាលនៃគណៈអភិបាលខេត្ត បានចាត់ទុកអង្គពិធីដ៏សារៈសំខាន់នេះ គឺពិតជាបានឆ្លុះបញ្ចាំង បញ្ជាក់ នូវស្មារតីឧត្តមគតិមនុស្សជាតិ ទូទាំងពិភពលោកឲ្យចងចាំជានិច្ច នូវមហាសោកនាកម្ម ដែលពួកហ្វាសស៉ីសហ៊ីត្លែបានប្រព្រឹត្តចំពោះកុមារនៅប្រទេសឆេកូស្លូវ៉ាគីនិងនៅប្រទេសបារាំងនៃសង្គ្រាមលោកលើកទី២ ហើយវាក៏ជាប្រធានបទមួយដែរស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាយើង ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លោកអភិបាលខេត្ត ក៏បានបន្តលើកឡើងទៀតថា កម្ពុជាយើងក្រោយពីទទួលបាននៃការចាកផុតពីមហាវិនាសកម្មធ្ងន់ធ្ងរនូវមេរៀនប្រវត្តិសាស្ត្រដ៏សែនជូរចត់នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ចាប់តាំងពីថ្ងៃ៧មករាឆ្នាំ១៩៧៩មក ប្រជាពលរដ្ឋរួមទាំងកុមារទាំងអស់ បានទទួលមកវិញនូវសិទ្ធិសេរីភាពយ៉ាងពេញបរិបូរណ៌ពិសេសសិទ្ធិរបស់កុមារត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់ដោយបានចែងយ៉ាងច្បាស់ក្នុងរដ្ឋធម្មនុញ្ញ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល
ស្របតាមអនុសញ្ញាអន្តរជាតិផ្សេងៗដែលពាក់ព័ន្ធសិទ្ធិមូលដ្ឋានកុមារគឺសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលការ ការពារ សិទ្ធិក្នុងការអភិវឌ្ឍន៍និងសិទ្ធក្នុងការចូលរួម។
លោក ជាវ តាយ ក៏បានបញ្ជាក់ទៀតថា បើចង់ឲ្យគ្រួសារ និងសង្គមសប្បាយ រីករាយ លុះត្រាតែគ្រួសារនិងសង្គម នោះមានកុមារដែលបានទទួលការថ្នាក់ថ្នម ការថែទាំសុខភាពការការពារនិងការអប់រំបានយ៉ាងល្អប្រសើរ។ ដូច្នេះ លោកអភិបាលខេត្តក៏អំពាវនាវផ្ដាំផ្ញើដល់លោកគ្រូ អ្នកគ្រូអាណាព្យាបាលព្រមទាំងក្មួយៗកុមារា កុមារីទាំងអស់ សូមចងចាំជានិច្ចនូវស្មារតី លើកកម្ពស់សុខមាលភាពដ៏ឧត្ដុង្គឧត្ដមនៃទិវាកុមារអន្តរជាតិនេះ ពោលគឺពិភពលោកទាំងមូលសម្រាប់ជីវិតនិងសុភមង្គលរបស់កុមារដែលជាទំពាំងស្នងឫស្សី៕
សេង ណារិទ្ធ









