កណ្តាល ៖ ព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល សមត្ថកិច្ចនគរបាលស្រុកស្អាង ឃាត់ខ្លួនបុរសខ្មែរ-ឥស្លាមម្នាក់ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ជាលើកទី2 ក្រោយពីជាប់គុក1ឆ្នាំ ហើយមិនកែប្រែ
ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃ ព្រហស្បតិ៍ ០៩រោច ខែជេស្ឋ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១១និង០០នាទី នៅចំណុចភូមិ ត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
ជនសង្ស័យឈ្មោះ លី យ៉ាក់កូប ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មុខរបរស៊ីឈ្នួលកាប់គោ ទីលំនៅបច្ចុប្បន្នភូមិ បារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។ (ធ្លាប់ជាប់ពន្ធនាគារ ខេត្តកណ្តាល រយៈពេល០១ឆ្នាំ ពីបទរក្សាទុកគ្រឿងញៀនខុសច្បាប់ នៅឆ្នាំ២០១៦)
វត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន០៤កញ្ចប់តូច និងឧបករណ៍សំរាប់វេចខ្ចប់និងប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
សភាពរឿងហេតុៈ នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុ ក្រោយទទួលបានព័ត៍មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន បានចុះដល់ចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យ ជនសង្ស័យឈ្មោះ លី យ៉ាក់កូប បានរកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ០៣កញ្ចប់តូច នៅនឹងខ្លួន រួចឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង ដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ លី យ៉ាក់កូប បានសារភាពថា ខ្លួនបានទិញគ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់ តម្លៃ ៤០,០០០៛ (បួនម៉ឺនរៀល) ពីបុរសម្នាក់មិនស្គាល់ឈ្មោះ នៅចំណុចភូមិ ទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ដើម្បីយកទៅរំលែកលក់បន្តក្នុង០១កញ្ចប់តូច តម្លៃ២០,០០០៛ ។
ដោយទទួលបានការឯកភាពពីលោក លាវ ស្រេង ព្រះរាជអាជ្ញាសាលាដំបូងខេត្តកណ្តាល អនុញ្ញាតិអោយធ្វើការត្រួតពិនិត្យ ឆែកឆេរ លំនៅដ្ឋានរបស់ឈ្មោះ លី យ៉ាក់កូប នៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល និងមានការចូលរួមពីលោក មេភូមិ លោកនាយប៉ុស្តិ៍ កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន បានត្រួតពិនិត្យ ឆែកឆេរ រកឃើញ ម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់តូច និងឧបករណ៍សំរាប់វេចខ្ចប់ ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្ន ជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធី ៕
លោក ហុក វិបុល






