អនុវត្តតាមបទបញ្ជា ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កែវសុជាតិ ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបាត់ដំបង និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន
ថ្ងៃអង្គារ ទី ២៦ ខែ ធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ០៩ និង ៣០ នាទី នៅចំណុចក្រុមទី០៧ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង មានករណី អំពើលួច (ទូរស័ព្ទដៃ) កើតឡើងចំនួន ០១លើក ដែលបង្ករឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល ៤០ ឆ្នាំជាង បានធ្វើសកម្មភាពលួចយកទូរសព្ទ័ដៃ ម៉ាក VIVO V25I ពណ៌ខ្មៅ ចំនួន ០១ គ្រឿង របស់ជនរងគ្រោះ ឈ្មោះ ឈិន ស៊ីណែត ភេទស្រី អាយុ ៥១ ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង មុខរបរ លក់ដូរ ដែលទុកនៅលើតុមុខផ្ទះកន្លែងលក់ដូរ ក្នុងពេលធ្វើសកម្មភាព ក៏ត្រូវជនរងគ្រោះឃើញ ហើយជនសង្ស័យក៏បានដើរចេញយ៉ាងលឿនទៅកន្លែងម៉ូតូរបស់គេទុកនៅមុខផ្ទះរបស់ជនរងគ្រោះ និងប្រឹងឡើងជិះម៉ូតូបំរុងរត់គេចខ្លួន ក្នុងពេលនោះ កម្លាំងសមត្ថកិច្ចយើងដែលកំពុងធ្វើដំណើរតាមផ្លូវចំណុចខាងលើ រួមជាមួយនឹងជនរងគ្រោះ ក៏បាន តាមឃាត់ជនសង្ស័យបាន ចំនួន ០១ នាក់ ឈ្មោះ កែវ ណាង ភេទប្រុស អាយុ ៤៤ ឆ្នាំ មានទីលំនៅ ភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង និង ដកហូតវត្ថុតាង ៖ ទូរសព្ទ័ដៃ ម៉ាក VIVO V25I ពណ៌ខ្មៅ ចំនួន ០១ គ្រឿង របស់ជនរងគ្រោះ បញ្ជូនមកកាន់កន្លែងអធិការដ្ឋាននគរបាលស្រុកសំពៅលូន ។
តាមចម្លើយសារភាព របស់ជនសង្ស័យបានឆ្លើយសារភាពថា៖ កាលពីព្រឹកថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ០៩ និង ៣០ នាទី រូបគេពិតជាបានធ្វើសកម្មភាពលួចយកទូរស័ព្ទរបស់ជនរងគ្រោះខាងលើពិតប្រាកដមែន ។
ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាចោរកម្ម ចំនួន ០១ នាក់ កសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី ។




