អ្នកកាសែតម្នាក់ ដែលតែងយកឈ្មោះស្ថាប័នព័ត៌មានធំៗ ឆាតទៅសុំលុយពីមន្ដ្រីតាមក្រសួង ស្ថាប័ន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន
(ភ្នំពេញ)៖ អ្នកកាសែតម្នាក់ ដែលតែងបន្លំខ្លួន និងយកឈ្មោះស្ថាប័នព័ត៌មានធំៗ រួមទាំងអង្គភាពព័ត៌មាន ដើម្បីទៅឆាតស្នើសុំលុយពីមន្ដ្រីតាមក្រសួង ស្ថាប័ននានា ត្រូវបានកម្លាំងនាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចាប់ខ្លួន តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
មន្ដ្រីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានប្រាប់បណ្ដាញព័ត៌មាន ឲ្យដឹងនៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះថា ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនឈ្មោះ មូល រតនៈ អាយុ៣០ឆ្នាំ មានមុខរបរជានិពន្ធនាយក (កាសែតសេនាធិបតី) ស្នាក់នៅភូមិត្រពាំងជើងស្រុក សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនបានធ្វើសកម្មភាពក្លែងបន្លំ និងយកឈ្មោះស្ថាប័នព័ត៌មានធំៗ ដើម្បីឆាតសុំលុយពីមន្ដ្រីតាមបណ្ដាក្រសួង ស្ថាប័ននេះ តាំងពីឆ្នាំ២០២១មកម្ល៉េះ។ ក្នុងករណីដែលមន្ដ្រីនោះមិនផ្ដល់លុយតាមអ្វីដែលខ្លួនស្នើសុំ ខ្លួនគំរាមថា នឹងចុះផ្សាយអំពីរឿងរ៉ាវអសកម្មផ្សេងៗជាដើម។
បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕






