
សន្លឹកឆ្នោតជាង៥ម៉ឺនសន្លឹក ទឹកខ្មៅលុបលាងមិនជ្រះជាង២រយដប និងសម្ភារៈឯកសារសំខាន់ៗ ដែលបម្រើឱ្យការបោះឆ្នោតត្រូវបានដឹកមកដល់ខេត្តប៉ៃលិនហើយ
(ខេត្តប៉ៃលិន)៖ លោក ចេង ញ៉ាន់ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តប៉ៃលិន បានឱ្យដឹងថា ក្រុមការងារបានទទួល
សម្ភារៈ និងឯកសារសំខាន់ៗ សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រអាណត្ដិទី៧ ឆ្នាំ២០២៣នេះ បានដឹកជញ្ជូនមកដល់ប៉ៃលិន នៅល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រោមការពិនិត្យដ៏ត្រឹមត្រូវរបស់មន្ដ្រី គ.ជ.ប និងកងកម្លាំងការពារដល់ទីតាំងផងដែរ។
លោកបានបន្តថា ឯកសារសំខាន់ៗនោះរួមមាន បញ្ជីបោះឆ្នោត សន្លឹកឆ្នោត ត្រាសម្ងាត់ និងទឹកខ្មៅលុបមិនជ្រះ និងសម្ភារៈមួយចំនួនទៀត បានមកដល់លេខាដ្ឋានរៀបចំការបោះឆ្នោតខេត្ដ ប្រកបដោយសុខសវត្ថិភាពហើយក្រុមការងារបានរៀបចំទុកដាក់នឹងយាមកាមត្រឹមត្រូវផងដែរ។ លោកបានឱ្យដឹងទៀតថា នៅថ្ងៃស្អែកសម្ភារៈ និងឯកសារបំរើការបោះឆ្នោតនោះនឹងដឹកជញ្ជូនទៅកាន់គណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោតទាំង៨ក្នុងខេត្តប៉ៃលិនបន្ដទៀត ហើយការដឹកជញ្ជូននេះក៏មានការសហការពីសមត្ថកិច្ច អាជ្ញាធរដែនដីដោយបានជួយសម្របសម្រួលធ្វើយ៉ាងណាឱ្យការដឹកជញ្ជូនសម្ភារៈទាំងអស់នេះមកដល់កន្លែង់យ៉ាងរលូន។
លោកបានបន្តថា សម្ភារៈដែលទទួលបាននានាពេលនេះមាន សន្លឹកឆ្នោតចំនួន ៥២០០០សន្លឹក, ទឹកខ្មៅលុបលាងមិនជ្រះចំនួន ២៧៦ដប, ត្រាសម្ងាត់ចំនួន ១កេស, បញ្ជីបោះឆ្នោត ១កេស, សឺមីចោះរន្ធជនពិការ ចំនួន ១៧៦សន្លឹក, ក្រដាសទំហំ ៨០ គុណ ១៨០ សង់ទីម៉ែត្រ ១២២សន្លឹក, និងសម្ភារៈផ្សេងៗទៀត។ លោកបន្ដថា ខេត្តប៉ៃលិនមានឈ្មោះអ្នកបោះឆ្នោតចំនួន ៤៥៧៤០នាក់ ស្រី និងមានការិយាល័យបោះឆ្នោត១២២ការិយាល័យ និងមានគណបក្សនយោបាយចូលរួមការបោះឆ្នោតមានចំនួន១០គណបក្ស៕













