អនុប្រធានគណបក្សភ្លើងទៀនខេត្តបន្ទាយមានជ័យចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
បន្ទាយមានជ័យ ៖ លោកស្រី ស៊ិន សុចិន្តា អនុប្រធានគណបក្សភ្លើងទៀនខេត្តបន្ទាយមានជ័យនិងជាប្រធានចលនាស្ត្រីខេត្តនៃគណបក្សភ្លើងទៀនបានមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ។

លោកស្រីបានបង្ហាញមុខកាលពីព្រលប់ថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំឬស្សីក្រោកស្រុកមង្គលបូរីក្រោមវត្តមានស្វាគមន៍ដ៏រាក់ទាក់ស្និតស្នាលពីលោកគោស៊ុំ សារឿត បេក្ខជនអ្នកតំណាងរាស្ត្រនិងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ , លោកស្រីនួម សោភ័ណ បេក្ខនារីអ្នកតំណាងរាស្ត្រ ,លោករ័ត្ន ដាស៊ីណង់ ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកមង្គលបូរីនិងក្រុមការងារ ។
លោកស្រីស៊ិន សុចិន្តា បានថ្លែងថា មូលហេតុដែលលោកស្រីបោះបង់ចោលគណបក្សភ្លើងទៀន ហើយសុំមកចូលរួមជីវភាពនយោបាយក្នុងមហាគ្រួសារគណបក្សប្រជាជនកម្ពុជាព្រោះឃើញថាគោលនយោបាយគណបក្សនេះល្អ ហើយមានសម្តេចអគ្គមហាសេនាតេជោហ៊ុន សែន ជាប្រមុខ បានដឹកនាំប្រទេសអោយមានសុខសន្តិភាព ស្ថេរភាព មានការអភិវឌ្ឍន៍ជឿនលឿនលើគ្រប់វិស័យ។

ហេតុនេះ ក្នុងនាមជាប្រជាពលរដ្ឋ គឺមានតែចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាទើបអាចចូលរួមការអភិវឌ្ឍន៍ប្រទេសជាតិអោយរីកចម្រើនបន្ថែមទៀត ។ទន្ទឹមនោះ វាក៏ជាឱកាសដែលលោកស្រីអាចប្រើប្រាស់សមត្ថភាពរបស់ខ្លួនក្នុងការបម្រើប្រជាពលរដ្ឋ ផងដែរ។
លោកស្រីស៊ិន សុចិន្តា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានសិទ្ធិនិងមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសូមអញ្ជើញទៅបំពេញកតព្វកិច្ចបោះឆ្នោតអោយបានគ្រប់ៗនាថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ដ៏ខ្លីខាងមុខនេះ ព្រោះថាសន្លឹកឆ្នោតបងប្អូន១សន្លឹកៗ មានតម្លៃខ្លាំងណាស់សម្រាប់ជ្រើសរើសអ្នកដឹកនាំ អ្នកតំណាងរបស់យើងក្នុងរវាង៥ឆ្នាំម្តងៗ ។
សូមបញ្ជាក់ថា លោកស្រីស៊ិន សុចិន្តា មានទីលំនៅភូមិនាងកេតឃុំឬស្សីក្រោកស្រុកមង្គលបូរី ។

លោករ័ត្ន ដាស៊ីណង់ ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកមង្គលបូរីបានឲ្យដឹងថា យោងការទំនាក់ទំនង សម្របសម្រួលនិងការឯកភាពពីលោកអ៊ុំ រាត្រី ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត លោកគោស៊ុំ សារឿត អនុប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តនិងក្រុមការងារ លោកស្រីអនុប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានស្វាគមន៍អតីតមន្ត្រីគណបក្សភ្លើងទៀនរូបនេះដែលស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
លោករ័ត្ន ដាស៊ីណង់ បានបន្តថា សម្រាប់ស្រុកមង្គលបុរីនេះកន្លងមកសកម្មជនគណបក្សភ្លើងទៀនបានប្តូរមករួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាមានចំនួន៧៣១នាក់/ស្រី៣៩៥នាក់ ។ហើយថ្មីនេះ ក៏មានអ្នកមកចូលរួមចំនួន ចំនួន១.៣៤១នាក់/ស្រី៧៧១នាក់ទៀត ៕



