លោកហែម សុីណា អភិបាលស្រុករំដួល អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលមកសម្រាកព្យាបាលជំងឺនៅមន្ទីពេទ្យបង្អែកសាមគ្គីរំដួល
ខេត្ដស្វាយរៀង៖ លោកហែម សុីណា អភិបាលស្រុករំដួលបានដឹកនាំក្រុមការងារអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលមកសម្រាកព្យាបាលជំងឺនៅមន្ទីពេទ្យបង្អែកសាមគ្គីរំដួល កាលពីថ្ងៃអាទិត្យ ១ កើត ខែបឋមាសាឍ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ក្នុង
ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលនិងទិវាលោកឪពុក ។
ពិធពិធីនេះមានការចូលរួមពី៖ លោកវេជ្ជបណ្ឌិត សាន់ សុធាវុធ ប្រធានមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល,កងកម្លាំងទាំងបី ,លោក មេឃុំ ព្រមទាំងបុគ្គលិកក្រោមឱវាទរបស់មន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ។
លោកហែម សុីណា ថ្លែងស្នើរដល់ក្រុមគ្រូពេទ្យសូមផ្តល់ស្នាមញញឹមដល់អ្នកជំងឺនិងព្យាបាលដោយក្រមសីលធម៍និងវិជ្ជាជីវៈ ដោយគ្មានការរើសអើង។
លោកបានថ្លែងនូវការកោតសរសើរចំពោះសកម្មភាពការងារ និងគុណភាពនៃការពិនិត្យព្យាបាលជំងឺរបស់ក្រុមគ្រូពេទ្យ ដែលប្រសិទ្ធនាមថា “ជាកងទ័ពអាវសជួរមុខ” ដែលបានលះបង់កម្លាំងកាយ ចិត្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដង្កាត់ផ្សេងៗ និងជំងឺឆ្លងសកលកន្លងមក ដោយគោរពទៅតាមក្រមសីលធម៌វិជ្ជាជីវៈ ដែលក្រុមគ្រូពេទ្យយើងបានដាក់វេនប្រចាំការដើម្បីពិនិត្យសុខភាពប្រជាពលរដ្ឋក៏ដូចជាព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋបានយ៉ាងល្អ។
លោកបានបន្តថា មានសុខភាពល្អ អាចធ្វើកិច្ចការងារអ្វីៗបានទាំងអស់ ទាំងសេដ្ឋកិច្ចគ្រួសារនិងសង្គមជាតិ កាលណាសុខភាពយើងទ្រុឌទ្រោមការងារអ្វីគឺត្រូវបាត់បង់ ដូច្នេះការរស់នៅរបស់ប្រជាពលរដ្ឋសព្វថ្ងៃ ត្រូវការកត្តាពីរសំខាន់គឺសុខភាពផ្លូវចិត្តនិងសុខភាពផ្លូវកាយ ដែលសុខភាពទាំងពីរនេះមិនអាចខ្វះមួយណាបាននោះឡើយ។
ជាមួយគ្នានេះ លោកអភិបាលស្រុកបានថ្លែងផ្តាំផ្ញើដាស់តឿនដល់ក្រុមគ្រូពេពេទ្យ ត្រូវចេះអភិវឌ្ឍសមត្ថភាព បច្ចេកទេស របស់ខ្លួនឲ្យបានជាប្រចាំ ត្រូវមានសុខភាពល្អមាំមួន មានប្រជាប្រិយភាព ប្រឹងប្រែងធ្វើការងារឲ្យមានប្រសិទ្ធភាពយ៉ាងពិតប្រាកដ គិលានសង្រ្គោះត្រូវត្រៀមប្រតិបត្តិការ និងយាមប្រចាំការ ២៤ម៉ោង/២៤ ម៉ោង។
ក្នុងឱកាសនោះលោកហែម សុីណា ចុះសួរសុខទុក្ខអ្នកជំងឺដែលកំពុងតែព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកសាមគ្គីរំដួលដោយបានជូនថវិកាម្នាក់១ម៉ឺនរៀលផងដែរ៕




