
កងកម្លាំងទាំង៣ប្រភេទត្រូវសហការគ្នាការពារសន្តិសុខក្នុងថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត
(ខេត្តប៉ៃលិន)៖ នៅក្នុងកិច្ចប្រជុំស្តីពីការត្រៀមរៀបចំផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់សម្រាប់ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ខាងមុខនេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តប៉ៃលិនបានមានប្រសាសន៍ ជំរុញដល់មន្ត្រី សមត្ថកិច្ចទាំងបីស្ថាប័នត្រូវចេះសហការគ្នាឱ្យបានល្អក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើរការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
ថ្លែងនាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ នៅក្នុងសាលប្រជុំសាលាខេត្តប៉ៃលិនដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្ត នាយករដ្ឋបាលខេត្ត ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត ស្នងការខេត្ត មេបញ្ជាការសឹករងខេត្ត មេបញ្ជាការទិសទី៣ ភូមិភាគ៥ និងអភិបាលក្រុង/ស្រុក ជាច្រើនរូបផងដែរ។
នាឱកាសដដែលនេះ លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍លើកឡើងថា ការងារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់នៅក្នុងការបើកយុទ្ធនាការឃោសនា និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ គឺជារឿងសំខាន់បំផុត ហេតុដូចនេះ ដើម្បីឱ្យការរៀបចំធ្វើឡើងទៅបានកាន់តែរលូន និងមានប្រសិទ្ធភាពខ្ពស់ ស្ថាប័នជំនាញពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងទាំង៣ប្រភេទត្រូវសហការគ្នាឱ្យបានល្អដោយត្រូវអនុវត្តតាមតួនាទី និងភារកិច្ចរបស់ខ្លួនព្រមទាំងគោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ បទបញ្ជា នីតិវិធី និងក្រមសីលធម៌ ឱ្យស្របតាមច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនគណបក្សនយោបាយ និងប្រជាពលរដ្ឋទាំងអស់ឱ្យទទួលយកបាននូវលទ្ធផលនៃការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ។ បន្ថែមពីនេះ លោកជំទាវ ប្រធានគណៈបញ្ជាការឯកភាពខេត្តប៉ៃលិនក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ទៅលើកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពជំនាញជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទដែលបានបំពេញការងារតាមតួនាទីភារកិច្ច ទទួលបានលទ្ធផលល្អហើយនេះក៏ជាមោទនភាពដែលយើងទាំងអស់គ្នា បានខិតខំអនុវត្តន៍ការងារតាមផែនការធ្វើឱ្យខេត្តប៉ៃលិនមានការអភិវឌ្ឍន៍រីកចម្រើនព្រមទាំងកសាងបាននូវសមិទ្ធផលថ្មីៗជាច្រើនជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ដូច្នេះមន្ត្រីគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវប្រឹងប្រែងបន្ថែមទៀតក្នុងន័យបម្រើផលប្រយោជន៍ និងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋដោយត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើការដោះស្រាយបញ្ហាប្រឈមនានាក៏ដូចជាបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សទាន់សភាពការណ៍ និងមានប្រសិទ្ធភាពខ្ពស់ផងដែរ៕







