សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ រៀបចំ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៧ យាងចូល ៨៨ព្រះវស្សា ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា

 ព្រះសីហនុ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣

រសៀលថ្ងៃសុក្រ ១៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមវង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្ត ព្រះសីហនុ និងលោកជំទាវ អញ្ជើញដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធពុទ្ធបរិស័ទ សិស្សានុសិស្ស ថ្វាយព្រះពរ នៃព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៨៧ យាងចូល ៨៨ ព្រះវស្សា ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជា ទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃព្រះរាជពិធីបុណ្យចម្រើន ព្រះជន្ម សម្តេចព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ប្រារព្ធនៅវត្តអូរត្រេះសង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ឯកឧត្តម គួច ចំរើន មានប្រសាសន៍ថា ទូលព្រះ បង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃគណៈកម្មាធិការសាខា អនុសាខា មន្ត្រី បុគ្គលិក យុវជន និងអ្នកស្ម័គ្រ ចិត្តកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ សូមព្រះរាជាអនុញ្ញាតក្រាបបង្គំទូលថ្វាយ ព្រះរាជ សព្ទសាធុការ សិរីសួស្ដី ជ័យមង្គលបវរមហាប្រសើរ ដោយមនោ សញ្ចេតនាគោរពស្រឡាញ់ និងស្វាមីភក្តិ ដ៏ជ្រាលជ្រៅបំផុត។ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា មានមោទនភាពណាស់ និងមហាកិត្តិយសដ៏ក្រៃលែង ដែលសម្តេចព្រះមហាក្សត្រីទ្រង់គង់ ប្រថាប់ ជាព្រះប្រធាន កិត្តិយស នៃកាកបាទក្រហមកម្ពុជា ញ៉ាំងឱ្យកិត្តិនាមស្ថាប័នមនុស្សធម៌មួយនេះ ត្រូវបានលើក កម្ពស់បង្កើតបាននូវទំនុកចិត្ត និងការចូលរួមយ៉ាងខ្លាំងក្លាពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ។

ឯកឧត្តមប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ជាមួយគ្នានេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នានៅចងចាំបានថា ព្រះរាជសកម្មភាពបម្រើ បុព្វហេតុ សង្គហធម៌ មនុស្សធម៌ ក្នុងសម័យសង្គមរាស្ត្រនិយម ក្រោមព្រះរាជកិច្ចដឹកនាំនៃអង្គសម្តេចឪ ជាទីគោរពសក្ការៈ ស្ថិតនៅជាអមតៈ ក្នុងក្រអៅបេះដូង និងជាព្រះរាជគំរូដ៏ថ្លៃថ្លា សម្រាប់ មនុស្សជំនាន់នេះ និងជំនាន់ក្រោយៗទៀត។

ឆ្លៀតក្នុងពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៧ យាងចូល ៨៨ ព្រះវស្សា ដ៏វិសេសវិសាលនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆ័ត្រ ព្រះវិញ្ញាណក្ខន្ធនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រត្រី យានីគ្រប់ព្រះអង្គ និងព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ មេត្តាប្រោសប្រទានព្រះពរ ជ័យមហាប្រសើរ ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់ សូមព្រះអង្គ មានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺ នយូរ ដើម្បីទ្រង់គង់ប្រថាប់ ជាម្លប់ដ៏ត្រជាក់ដល់កូន ចៅ ចៅទួតរបស់ព្រះអង្គតរៀងទៅ។

សូម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បំផុតទ្រង់ប្រោស ព្រះរាជមេត្តាទទួលនូវអភិវន្ទនាការ និងកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត អំពីទូលព្រះបង្គំយើងខ្ញុំ។

ក្នុងឱកាសនោះ ឯកឧត្តប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បាននាំយកទ័យទាន ប្រគេនដល់ព្រះសង្ឃចំនួន ៧វត្ត ក្នុងមួយវត្តមានដូចជា អង្ករ ២៥០គីឡូក្រាម ត្រីខកំប៉ុង ៥យួរ មី៥កេស ទឹកត្រី៥យួរ ទឹកសុទ្ធ១០កេស និងបច្ច័យ ១,០០០,០០០ រៀល និងជូនក្រណាត់សរ ជូនយាយ ជី តាជីចូលរួម៕ ដោយ ងូ សុមុនី សម្រួលផ្សាយដោយ៖ ធូ កុសល