សម្ដេចតេជោ ហ៊ុន សែន ដាក់ចេញបទញ្ជាដល់កងម្លាំង​ប្រដាប់អាវុធ​យោធ​ភូមិ​ភាគទី១ ខេត្តរតនគិរី, មណ្ឌលគិរី និងខេត្តក្រចេះ ទប់ស្កាត់ក្រុមឧទ្ទាមវាយប្រហារនៅវៀត​ណាម ដែល​អាចរត់ចូលមកកម្ពុជា

 កំពង់ចាម ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់​ចេញនូវ​បទបញ្ជាដោយចំហ ឱ្យកងកម្លាំងប្រដាប់អាវុធនៅទិសយោធភូមិភាគទី១ រួមទាំងកង​កម្លាំង​​ប្រដាប់​ដាប់អាវុធ​ខេត្តរតនគិរី មណ្ឌលគិរី និងខេត្ដក្រចេះ ត្រូវរួមសហការគ្នាជាមួយ​សមត្ថកិច្ច​​វៀតណាម ទប់ស្កាត់ក្រុមឧទ្ទាមវាយប្រហារនៅវៀតណាមកាលពីពេលថ្មីនេះ ដែល​​អាចរត់ចូលមកកម្ពុជានោះ។ ការដាក់ចេញបទបញ្ជារបស់សម្ដេចតេជោនេះ ក្នុង​ឱកាស​អញ្ជើញបន្តចុះ​ជួប​សំណេះសំណាល និងសួរសុខទុក្ខ ដល់បងប្អូន​កម្មករ-កម្មការិនី ប្រមាណជិត២ម៉ឺន​នាក់ នៅរោងចក្រ ឡឺក្រោនស៊ូអ៊ិនដាសស្ត្រី (LECROWN SHOES INDUSTRY) ស្ថិតនៅភូមិ​រវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹក​ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣​កន្លងមកនេះ មានការប្រយុទ្ធគ្នារវាពួកឧន្ទាមមួយក្រុម នៅក្នុងប្រទេសវៀតណាម។ ក្រុម​នេះ​បានបើកការវាយលុកទៅលើសាលាឃុំចំនួនពីរ របស់វៀតណាមក្នុងពេលតែមួយ សម្លាប់​មេឃុំ លេខាបក្សឃុំ ប៉ូលីស និងប្រជាពលរដ្ឋ ដោយប្រដាប់អាវុធ។ សម្ដេចតេជោ​បន្តទៀតថា ឥឡូវក្រុមនេះ កំពុងបាក់ទ័ព ហើយសម្ដេចកំពុងតែបារម្ភថា ពួកនេះ នឹងអាច​ចូល​ទឹកដីកម្ពុជា។ ដូច្នេះ សម្ដេចតេជោបានចេញបទបញ្ជាជាចំហ សម្រាប់កងកម្លាំង​ប្រដាប់​អាវុធ ជាកងទ័ពក្ដី ជានគរបាលក្ដី នៅទិសយោធភូមិភាគទី១ និងនៅខេត្តរតនគិរី មណ្ឌលគិរី ហើយអាចរួមនឹងខេត្តក្រចេះ បង្កើនការយកចិត្តទុកដាក់សហការជា​មួយភាគី​វៀតណាម ដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់ចូលមកក្នុងកម្ពុជា។

សម្ដេចតេជោថ្លែងថា សម្ដេចកំពុងដាក់ការសង្ស័យថា មេរបស់វាកំពុងស្ថិតនៅ​ក្នុង​ទឹកដីកម្ពុជា ព្រោះមេរបស់វាមិនអាចមកពីខាងទឹកដីចិន ឬនៅក្នុងទឹកដីវៀតណាមទេ ហើយក៏មិនអាចនៅក្នុងទឹកដីថៃនោះដែរ។ នេះជាអង្គការចាត់តាំងមួយ ដែលមានការចាត់​តាំង​ច្បាស់លាស់។ សម្ដេចតេជោគូសបញ្ជាក់ថា៖ «ផ្នែកសន្តិសុខជាតិ ត្រូវយកចិត្តទុក​ដាក់​​​ត្រួតពិនិត្យមើលឱ្យបានច្បាស់ ព្រោះយើងមានបទពិសោធន៍ហើយ ទៅលើពួកម៉ុង​តាញ៉ានេះ ដែលបានធ្វើដំណើរចេញពីប្រទេសវៀតណាម តម្រង់ឆ្ពោះមកកាន់អង្គការ HCR នៅទីក្រុងភ្នំពេញតែម្ដង។ អីចឹង ផែនការរបស់គេ បើវ៉ៃបានចូលកាន់កាប់ បើវ៉ៃមិនបានរត់​ចូលមកកម្ពុជា ហើយមាន HCR ចូលរួមជួយតែម្ដង។ អីចឹង បណ្ដាញពិតប្រាកដរបស់វា នៅ​ក្នុងទឹកដីកម្ពុជា»។ សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានសម្ដែងនូវកង្វល់ថា ពួកនេះនឹងអាច​មកជ្រកក្រោមផ្លាក HCR នៅទីក្រុងភ្នំពេញ ហើយសម្ដេចតេជោបានព្រមានទុកជាមុន នៃ​អង្គការអន្តរជាតិ ឬ ពួកអន្តរជាតិ ឬក៏ជនជាតិខ្មែរណាក៏ដោយ ដែលឃុបឃិតនាំមនុស្ស​នេះ​ចូលមកទីក្រុងភ្នំពេញ ហើយយើងមិនអនុញ្ញាតដាច់ខាត ជាមួយនឹងការជ្រកកោន​នៃ​ពួកក្រុមបាក់ទ័ព ដែលរត់ឆ្លងដែនពីវៀតណាមមកកាន់កម្ពុជា។ សម្ដេចតេជោប្រកាសថា ត្រូវតែចាប់ប្រគល់ឱ្យ​វៀត​ណាមវិញភ្លាមៗ បើទោះបីជាមកដល់កន្លែង HCR ហើយក៏ដោយ អត់មានសិទ្ធិធ្វើ​ជា​អ្នក​ជ្រកកោនខាងនយោបាយរង់ចាំទៅប្រទេសទី៣នោះទេ។

សម្ដេចតេជោបានថ្លែងបញ្ជាក់ថា កម្ពុជាមានកិច្ចព្រមព្រៀងជាមួយគ្នាច្បាស់លាស់​ជា​មួយប្រទេសជិតខាង គឺមិនអនុញ្ញាតឱ្យប្រើប្រាស់ទឹកដីរបស់ខ្លួន ប្រឆាំងជាមួយនឹង​ប្រទេសមួយផ្សេងទៀត។ សម្ដេចតេជោបានចេញបញ្ជាឱ្យខេត្តរតនគិរី មណ្ឌលគិរី ត្រួត​ពិនិត្យ​នៅតាមភូមិឱ្យបានជាក់លាក់ ហើយត្រូវធ្វើរឿងនេះឱ្យច្បាស់លាស់ ហើយសម្ដេច​ជឿថា បណ្ដាញរបស់ពួកឧន្ទាមនេះវាចេញពីកម្ពុជា ដែលផ្គត់ផ្គង់សេវាកម្មចូលទៅ​ក្នុង​ប្រទេសវៀតណាម។ សម្ដេចតេជោថ្លែងសង្កត់ធ្ងន់ថា៖ «រឿងនេះវាជាស្ថានភាពធ្ង់ធ្ងរ ដែល​សម្ដេចបញ្ជាដាច់ខាត គឺមិនមានការលើកលែងនោះទេ ហើយសូមឱ្យអង្គការអន្តរជាតិ​ទាំងអស់ រាប់ទាំងភ្នាក់ងារអង្គការសហប្រជាជាតិ នេះមិនមែនជាបញ្ហាការស្វែរកសិទ្ធិជ្រក​កោនខាងនយោបាយ ឬស្វែងរកជីវភាពសេដ្ឋកិច្ចខ្ពស់ជាងនោះទេ។ ប៉ុន្តែនេះជាប្រភទនៃ​អំពើភេរវកម្ម ឬក៏ជាប្រភេទដែលគេហៅថា បង្កអសន្តិសុខមហន្តរាយទៅដល់ជីវិតមនុស្ស និងទ្រព្យសម្បត្តិរបស់ជនជាតិវៀតណាម»។ សម្ដេចតេជោថ្លែងបន្ថែមទៀតថា សម្ដេចមាន​ការ​ទទួលខុសត្រូវមួយ ដោយយល់ច្បាស់ថា រឿងដែលកើតនៅក្នុងទឹកដីវៀតណាម មាន​បណ្ដាញចេញពីកម្ពុជាជាក់លាក់។ ដូច្នេះត្រូវសហការជាមួយភាគីវៀតណាម ប៉ុន្តែអ្វីដែល​យើងធ្វើបានគឺនៅក្នុងទឹកដីរបស់យើង។ សម្ដេចតេជោលើកឡើងថា «កុំនាំគ្រាប់បែក​មក​ដាក់​ក្នុងផ្ទះកម្ពុជា»។ ដូច្នេះខេត្តរតនគិរី មណ្ឌលគិរី ត្រូវតែពិនិត្យមើលតាមភូមិ​នានាឱ្យ​បាន​ច្បាស់លាស់ ហើយត្រូវរឹតបន្តឹងនៅខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ព្រមទាំងខេត្តកំពងង់ចាម​ផងដែរ។ សម្ដេចតេជោគូសបញ្ជាក់ឱ្យដឹងទៀតថា នេះជាការចេញបញ្ជាដោយចំហ​នៅថ្ងៃ​នេះ ដើម្បីយើងត្រួតត្រាសភាពការណ៍នៅក្នុងប្រទេសរបស់យើង ហើយកុំឱ្យ​ប្រទេសរបស់​យើង ក្លាយទៅជាកន្លែងឆ្លងកាត់ និងមូលដ្ឋានផ្គត់ផ្គង់ភស្តុភារទៅឱ្យកម្លាំងប្រដាប់​អាវុធ​ប្រឆាំងនៅក្នុងប្រទេសវៀតណាម។ សម្ដេចតេជោ ក៏បានព្រមានចំពោះអង្គការអន្តរ​ជាតិ​នានា ដែលធ្វើសកម្មភាពក្នុងទឹកដីកម្ពុជា ត្រូវគេចចេញពីឧក្រិដ្ឋកម្មដែលពួកនេះបានធ្វើ បើ​សិនជាពួកអ្នកឯងទទួល គឺស្មើនឹងឧក្រិដ្ឋកម្មលើប្រជាជនវៀតណាម ហើយ​យើង​អាចនឹងបិទនូវការិយាល័យអ្នកទាំងអស់នេះនៅទីក្រុងភ្នំពេញ ដោយសារបំពានទៅ​លើអ្វី​ដែលជាក្រឹត្យក្រមធម្មតានៃទំនាក់ទំនងរវាងរដ្ឋ ជាមួយនឹងអង្គការអន្តរជាតិនានា។

សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា៖ «កម្ពុជា មិនមែនធ្វើនេះតម្រូវ​ចិត្តវៀត​ណាម​ទេ ព្រោះបាននិយាយគ្នាហើយថាប្រទេសទាំងអស់ គឺគោលការណ៍មិនជ្រៀតជ្រែក​គ្នា មិនប្រើទឹកដីរបស់ខ្លួនប្រឆាំងនឹងប្រទេសដទៃ ដូច្នេះគឺត្រូវតែធ្វើ»។

​ គួរម្លឹកដែរថា សារព័ត៌មាន AFP បានចុះផ្សាយថា មានការវាយប្រហារទៅលើទី​ស្នាក់​ការ​ប៉ូលីសឃុំចំនួនពីរ គឺឃុំ Ea Tieu និង Ea Ktur នៃស្រុក Cu Kuin ខេត្ត Dak Lak នៅក្នុងប្រទេសវៀតណាម បាន​កើតឡើងនៅព្រឹកព្រលឹមថ្ងៃអាទិត្យទី១១ ខែមិថុនា ឆ្នាំ២០២៣ បណ្តាលឱ្យមនុស្សជាច្រើន​នាក់​រួមទាំងប៉ូលីស មន្ត្រីមូលដ្ឋាន និងជនស៊ីវិល ត្រូវ​បានសម្លាប់ និងរងរបួស៕ដោយ៖ ជឹម ណារី