សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប រៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះវស្សា សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ
ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះ ប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់ខួប៨៧ យាងចូល ៨៨ព្រះវស្សា លោកជំទាវ ទៀង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជា ខេត្តសៀមរាប នៅព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២៣ បានរៀបចំពិធីសូត្រ មន្តចម្រើនព្រះបរិត្ត និងប្រគេនចង្ហាន់ទេយ្យទានដល់ព្រះសង្ឃ ចំនួន១៣អង្គ និងនាំយក ព្រះរាជអំណោយរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ចែកជូនដល់ បងប្អូនជាជនពិការ ចាស់ជរាគ្មាន ទីពឹង កុមារកំព្រា ស្ត្រីមេម៉ាយក្រីក្រ អ្នករស់នៅជាមួយ មេរោគអេដ និង គ្រួសារងាយរងគ្រោះ ចំនួនគ្រួសារ នៅបរិវេណវត្តរលួស ឃុំរលួស ស្រុក ប្រាសាទបាគង ខេត្តសៀមរាប។
លោកជំទាវ ទៀង អេង ទៀ សីហា បានមានប្រសាសន៍ថា យើងទាំងអស់គ្នា ជាកូនចៅ ចៅទួតរបស់ព្រះអង្គ សូមសម្តែងនូវការគោរព និងចងចាំគ្មានថ្ងៃបំភ្លេចបាន នូវស្នាព្រះហត្ថព្រះរាជសកម្មភាពសម្ដេចម៉ែ សម្ដេចយាយជាអម្ចាស់ក្នុងព្រះរាជបេសកកម្ម បម្រើប្រទេសជាតិមាតុភូមិ ក្នុងវិស័យមនុស្សធម៌ ព្រមទាំងបានបួងសួងថ្វាយព្រះពរជ័យ មហាប្រសើរថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធាន កិត្តិយស កាកបាទក្រហមកម្ពុជា ជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គរមាន ព្រះរាជសុខភាពល្អបរិបូរណ៌ព្រះកាយពលមាំមួន ព្រះជន្មយឺតយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់របស់ប្រជារាស្ត្រជា កូនចៅ ចៅទួតរបស់ព្រះអង្គតរៀងទៅ។
លោកជំទាវក៏បានបន្តថា ដោយមានការយកចិត្តទុក្ខដាក់ពីសំណាក់ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតពីសុខទុក្ខ និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស សំខាន់បងប្អូនជាជនក្រីក្រ ជនងាយរងគ្រោះ ជនចាស់ជរា អ្នកផ្ទុកមេរោគអេដស៍ និងទុរគតជននា និងបានពាំនាំ មកនូវការផ្តាំផ្ញើសួរសុខទុក្ខ ព្រមទាំងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋឱ្យខិតខំថែទាំ សុខភាព និងប្រកបរបរចិញ្ចឹមជីវិតតាមលទ្ធភាពដែលអាចធ្វើទៅបាន។
លោកជំទាវ ទៀង អេង ទៀ សីហា បានពិតទូលថ្វាយព្រះសង្ឃ និងអំពាវនាវដល់ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋចូលរួមក្នុងការ ធ្វើអនាម័យ បរិស្ថាននៅក្នុងមូលដ្ឋានខ្លួន ក្នុងការលុបបំបាត់ទីជម្រកសត្វមូស ដែលជាភ្នាក់ងារចម្លងជំងឺគ្រុន ឈាម គ្រុនចាញ់ និង បើកយុទ្ធនាការ ការដាក់អាប៊ែបនៅតាមផ្ទះ និងយកចិត្តទុកដាក់ចំពោះកុមារតូចៗ អំពីសុខភាពឱ្យបានជាប្រចាំ។
សូមបញ្ជាក់ថា ទេយ្យទាននាំយកទៅវេរប្រគេនដល់វត្តរលួស មានគ្រឿង ឧបភោគបរិភោគ និងបច្ច័យ សរុប ៣លាន ១សែន ៥ម៉ឺនរៀល ព្រមទាំងបានចែកព្រះរាជ អំណោយរបស់សម្តេចម៉ែ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជា ជូនដល់បងប្អូនគ្រួសារងាយរងគ្រោះទាំង៨៨គ្រួសារ មកពី៦ឃុំ ក្នុងស្រុកប្រាសាទបាគង ដោយក្នុងមួយគ្រួសារ ទទួលបានគ្រឿងឧបភោគបរិភោគ មានអង្ករ មី, ត្រីខ , ស្ករស , អំបិល , ប៊ីចេង , ឃីត១កញ្ចប់ និងថវិកា៥ម៉ឺនរៀលផងដែរ ៕







