ភ្នំពេញ ៖ ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអះអាងថា ការសាងសង់ស្តូបរំលឹកវិញ្ញាណក្ខន្ធ អ្នកកាសែតបរទេស នៅទីតាំងថ្មីមុខស្ថានទូតបារាំង បានបង្ហាញអត្ថន័យដ៏ជ្រាលជ្រៅ ក្នុងប្រវត្តិសាស្ត្រកម្ពុជា នាពេលកន្លងមក។
ក្នុងពិធីសម្ពោធទីតាំងថ្មី ស្តូបរំលឹកវិញ្ញាណក្ខន្ធអ្នកកាសែតបរទេស ដែលស្លាប់ក្នុងសម័យសង្គ្រាមនៅកម្ពុជា ចាប់ពីឆ្នាំ ១៩៧០ ដល់ ១៩៧៥ នាព្រឹកថ្ងៃទី២៨ខែកញ្ញា លោក ខៀវ កាញារីទ្ធ បានឲ្យដឹងថា ការផ្លាស់ប្តូរស្តូបរំលឹកវិញ្ញាណក្ខន្ធ អ្នកកាសែតបរទេសថ្មីនេះ ព្រោះកាលពេលកន្លងមក រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ បានសម្រចយកទីតាំងនៅមុខ សណ្ឋាគារឡឺរ៉ូយ៉ាល់ បង្កើតជាសួនច្បារមួយ ដើម្បីលំអ។ ប៉ុន្តែខាងសាលាក្រុង ក៏បានលើកឡើងថា គួរយកទីតាំងរំលឹកវិញ្ញាណក្ខន្ធអ្នកកាសែត កន្លែងផ្សេងវិញ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា «យើងដាក់ស្តុបរំលឹកវិញ្ញាណក្ខន្ធអ្នកកាសែត នៅមុខសណ្ឋាគារឡឺរ៉ូយ៉ាល់នេះ ដោយសារនៅសម័យឆ្នាំ១៩៧៥ សណ្ឋាគារនេះភាគច្រើនជាកន្លែង របស់អ្នកកាសែតបរទេស។ ហើយគាត់ភាគច្រើន ដើរពីសណ្ឋាគារនេះ ទៅក្រសួងឃោសនាការ នៅសម័យនោះ។ ប៉ុន្តែក្រោយពីសម្រេចដក យើងក៏បានកំណត់យកកន្លែងថ្មី គឺមុខទូតបារាំង»។
លោកបានរៀបរាប់ថា ការសង់ស្តូបនៅមុខទូតបារាំង គឺជាកន្លែងដែលខ្មែរ បានរត់ចូលមកភៀសខ្លួន ក្នុងសម័យខ្មែរក្រហម ពោលគឺ កន្លែងនេះមានជនជាតិខ្មែរជាច្រើននាក់ បានមកភៀសខ្លួន នៅពេលដែលខ្មែរក្រហមដេញ ចេញពីទីក្រុងភ្នំពេញ។
បើតាមប្រសាសន៍លោក ឆាង សុង ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអតីតរដ្ឋមន្ត្រីក្រសួងយោសនាការ និងព័ត៌មាន សម័យសាធារណរដ្ឋខ្មែរ ឲ្យដឹងថា អ្នកសារព័ត៌មានជាតិ និងអន្តរជាតិដែលបាត់ខ្លួនក្នុងសម័យឆ្នាំ ១៩៧០-១៩៧៥ មានចំនួន ៥១នាក់៕
លោក ហុក វិបុល






