ខេត្តកំពង់ចាម៖ សមត្ថកិច្ចនគរបាលខេត្តកំពង់ចាម សមត្ថកិច្ចយើងសហការជាមួយសមត្ថកិច្ចស្រុកបារាយណ៍ ខេត្តកំពង់ធំ តាមចាប់ខ្លួនឃាតករម្នាក់ វាយសម្លាប់មនុស្សនិងត្បូងចប នៅម៉ោង១៨:៥០នាទី ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ករណីឃាតកម្មផ្ទុះឡើង នៅចំណុចចំការកៅស៊ូភូមិ-ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់់ វេលាម៉ោង ១០: ០៥ នាទី ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ សពទុកចោល៨ម៉ោង (តំបន់គ្មានសេវាទូរសព្ទ័) ។
ក្រោយទទួលពត៌មានភ្លាម លោកឧត្តមសេនីយ៍ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់បញ្ជាលោកស្នងការរង ហេង វុទ្ធី ដឹកនាំកម្លាំងជំនាញខេត្ត សហការជាមួយជំនាញស្រុក ចុះដល់កន្លែងកើតហេតុដេីម្បីពិនិត្យ និងសិក្សាស្រាវជ្រាវ។ក្រោយការពិនិត្យជនរងគ្រោះឈ្មោះភី បូរិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ
នៅភូមិចេកជ្វា ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ជាកម្មករចំការកៅស៊ូ នៅភូមិ-ឃុំទួលសំបួរ។ ជនរងគ្រោះត្រូវបានជនសង្ស័យ វាយដោយត្បូង ចបត្រូវចំក្បាល ច្រើនកន្លែង បណ្តាលឲ្យស្លាប់ (បន្សល់ទុកចបកាប់១មានត្បូងប្រឡាក់ឈាម) ។
ករណីនេះសមត្ថកិច្ចកំណត់ មុខសញ្ញាជនសង្សយ័ដៃដល់បានហើយ ហើយលោកឧត្តមសេនីយ៍ស្នងការ បានចាត់តាំង លោកហេង វុទ្ធី ស្នងការរង ទំនាក់ទំនងជាមួយនាយកដ្ឋានជំនាញ ដឹកនាំកម្លាំងចេញសហប្រតិបត្តិការជាមួយអង្គភាពពាក់ពន្ធ័ តាមប្រមាញ់ជនសង្សយ័ ដែលកំពុងរត់គេចខ្លួន។ រហូតដល់ម៉ោង១៨:៥០នាទី ថ្ងៃដដែល សមត្ថកិច្ចយើងសហការជាមួយសមត្ថកិច្ចស្រុកបារាយណ៍ ខេត្តកំពង់ធំ បានឃាត់ខ្លួនជនសង្សយ័ដៃដល់ ឈ្មោះម៉េង ចាន់ថា ភេទប្រុស អាយុ ២២ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិគីឡូ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ មកធ្វើជាកម្មករចំការកៅស៊ូនៅភូមិ-ឃុំកើតហេតុខាងលើ។
ជនសង្សយ័បាននាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីកសាងសំណុំឯកសារ និងចាត់ការតាមនីតិវិធី៕


