កាលពីពេលថ្មីៗនេះ មានទំព័របណ្តាញសង្គម (Pages) មួយចំនួនបានផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងការអះអាងថា អត្ថលេខនាយទាហានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី មានភាពស្ទួនគ្នាជាមួយនឹងអត្ថលេខរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហេង វុទ្ធី ដែលបានបង្កឱ្យមានការភាន់ច្រឡំ និងអាចប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងកេរ្តិ៍ឈ្មោះរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី។
សូមបញ្ជាក់ថា យោងតាមឯកសារដែលបានលើកឡើង អត្ថលេខនាយទាហាន ០៥៨៨៥៧ ជាអត្ថលេខរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី ដោយមានឯកសារពាក់ព័ន្ធនឹងការតម្លើងឋានន្តរស័ក្តិតាមព្រះរាជក្រឹត្យលេខ នស/រកត/០២១៧/២២១ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ព្រមទាំងឯកសារផ្លូវការពាក់ព័ន្ធផ្សេងទៀត។
អាស្រ័យហេតុនេះ សូមម្ចាស់ និងអ្នកគ្រប់គ្រងទំព័របណ្តាញសង្គមទាំងអស់ មេត្តាពិនិត្យផ្ទៀងផ្ទាត់ប្រភពព័ត៌មាន និងឯកសារយោងឱ្យបានច្បាស់លាស់ មុននឹងធ្វើការផ្សព្វផ្សាយ ឬចែករំលែកបន្ត។ ក្នុងករណីមានព័ត៌មានមិនត្រឹមត្រូវ សូមមេត្តាកែតម្រូវ ឬលុបចោល ដើម្បីជៀសវាងការភាន់ច្រឡំ និងការប៉ះពាល់ដល់សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គលពាក់ព័ន្ធ។
សូមបញ្ជាក់ថា រាល់ការផ្សព្វផ្សាយព័ត៌មានគួរតែផ្អែកលើការពិត ប្រភពច្បាស់លាស់ និងការទទួលខុសត្រូវ។ ក្នុងករណីមានការបំពានសិទ្ធិ ឬបង្កការខូចខាតដល់កិត្តិយសដោយការផ្សព្វផ្សាយព័ត៌មានមិនពិត អាចនឹងមានការចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន។
សូមចូលរួមផ្សព្វផ្សាយព័ត៌មានដោយការទទួលខុសត្រូវ គោរពការពិត និងរក្សាកិត្តិយស សេចក្តីថ្លៃថ្នូររបស់បុគ្គលគ្រប់រូប។
សូមអរគុណចំពោះការយោគយល់ និងការចូលរួមសហការរបស់សាធារណជនទាំងអស់។

Screenshot

Screenshot

Screenshot




