នៅព្រឹកមិញនេះ នាថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០១៩ បើយោងតាមរយៈសេចក្តីរាយការណ៍មួយរបស់លោក Huy Bunleng បានបញ្ជាក់ប្រាប់ឲ្យដឹងថា នៅព្រឹកនេះ ឯកឧត្តម គួច ចំរើន នឹងដឹកនាំមន្ត្រី ចុះពិនិត្យ និងដោះស្រាយកិច្ចការបន្ទាន់មួយចំនួន ទៅលើបញ្ហាជំនន់ទឹកភ្លៀងក្នុងក្រុងព្រះសីហនុ។
លោកបានប្រាប់ឲ្យដឹងបន្ថែមទៀតថា៖
ក្រុងព្រះសីហនុ-មន្ត្រីសាលាខេត្តព្រះសីហនុថ្លែងថា នៅព្រឹកថ្ងៃ៩ សីហា ២០១៩ នេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នឹងដឹកនាំមន្ត្រីចុះពិនិត្យ និងដោះស្រាយកិច្ចការបន្ទាន់មួយចំនួន ទៅលើបញ្ហាជំនន់ទឹកភ្លៀង ក្នុងក្រុងព្រះសីហនុ។
សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀងដ៏អាក្រក់បានធ្វើអោយទីក្រុងព្រះសីហនុលិចលង់ស្ទើរគ្រប់ទីកន្លែង កាលពីយប់ថ្ងៃទី៨ សីហា ២០១៩ ហើយរហូតមកដល់ព្រឹកថ្ងៃ៩ សីហា ២០១៩នេះ ភ្លៀងនៅតែបន្តធ្លាក់តិច ច្រើនតាមពេល ក្នុងនោះតំបន់ទំនាបមួយចំនួន ដែលមានទឹកលិចតាំងពីយប់មកនោះ នៅមិនទាន់ស្រកចុះនៅឡើយ។
មិនមានសេចក្តីរាយការណ៍ពីមនុស្សរងគ្រោះថ្នាក់ទេ ប៉ុន្តែបើយោងតាមរបាយការណ៍បឋមៗ ពីសមត្ថកិច្ចមូលដ្ឋានក៏ដូចជាពីពលរដ្ឋផ្ទាល់ថា មានទ្រព្យសម្បត្តិជាច្រើនតាមផ្ទះពលរដ្ឋ និងផ្លូវសាធារណៈខ្លះទៀត បានរងការខូចខាត ៕





















