(ខេត្តកំពត)៖ ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានលើកឡើងថា សង្គមស៊ីវិលមានតួនាទីសំខាន់ណាស់ក្នុងការចូលរួមធ្វើឲ្យសង្គមជាតិអភិវឌ្ឍន៍រីកចម្រើន និងថាសង្គមស៊ីវិលជាសសរស្តមទីបីក្នុងកិច្ចការអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយចីរភាព។
ការកើកឡើងបែបនេះនៅក្នុងវេទិការសន្ទនារវាង វេទិកាសម្ព័ន្ធសង្គមស៊ីវិល ជាមួយនឹងអង្គការ សមាគម សហជីព និងសហគមន៍ដៅខេត្តកំពត ក្រោមប្រធានបទ “ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គការ សង្គមស៊ីវិល និងរាជរដ្ឋាភិបាលសំដៅសម្រេចបានក្របខណ្ឌ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា” នៅព្រឹកថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០១៩ របស់លោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល។
លោកបានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះកម្ពុជាមានការរីកម្រើនស្ទើរគ្រប់វិស័យ ហើយជារៀងរាល់ឆ្នាំកម្ពុជារក្សាកំណើនសេដ្ឋកិច្ចរបស់ខ្លួនក្នុងរង្វង់៧% ធ្វើឲ្យកម្ពុជាងើបផុតពីប្រទេសក្រីក្រក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប ហើយចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនឹងធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។សមទ្ធិផលជាច្រើនដែលបានកើតឡើងក្រោមកិច្ចដឹកនាំដ៏ត្រឹមត្រូវ និងវៃឆ្លាតរបស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោកប្រធានបានបញ្ជាក់ថា សង្គមស៊ីវិល បច្ចុប្បន្នបាននឹងកំពុងចូលរួមចំណែកក្នុងការអនុវត្តគោលការណ៍ទាំង១៨ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយជីរភាពកម្ពុជា ២០១៦-២០៣០ មានដូចជា៖ ១.បញ្ចប់ភាពក្រីក្រ,២.គ្រោះអត់ឃ្លានស្មើសូន្យ,៣. សុខភាពនិសុខុមាលភាពមាំមួន,៤.ការអប់រំប្រកបដោយគុណភាព,៥.សមភាពយេនឌ័រ,៦. ទឹកស្អាតនិងអនាម័យ ,៧. ថាមពលដែលមានតម្លៃសមរម្យ,៨. ការងារសមរម្យនិងកំណើនសេដ្ឋកិច្ច,៩.ឧស្សាហកម្ម នវានុវត្តន៍ និងហេដ្ឋារចនាសម្ព័ន្ធ, ១០.កាត់បន្ថយវិសមភាព, ១១.ទីក្រុងនិងសហគមន៍ប្រកបដោយចីរភាព, ១២. ការប្រើប្រាស់និងការផលិតប្រកបដោយភាពទទួលខុសត្រូវ, ១៣. សកម្មភាពបរិស្ថាន,១៤. ជីវិតក្រោមទឹក,១៥.ជីវិតលើដី,១៦.សន្តិភាពយុត្តិធម៌ និងស្ថាប័នរឹងមាំ, ១៧.ភាពជាដៃគូដើម្បីសម្រេចគោលដៅ និង១៨ កម្ពុជាគ្មានគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្ក្រាម។
លោករដ្ឋលេខាធិការ បានស្នើដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ចួលរួមសហការជាមួយអង្គការសង្គមស៊ីវិលឲ្យបានល្អ ដើម្បីបន្តសម្រេចបាននូវលទ្ធផលប្រើសើរតាមគោលដៅទាំង១៨ខាងលើនេះ ហើយលោកក៏បានអំពាវនាវ ឲ្យអង្គការ សមាគម សហជីព និងសហគមន៍ ត្រូវបន្តគោរពច្បាប់របស់កម្ពុជា និងធ្វើតាមការណែនាំរបស់រាជរដ្ឋភិបាលកម្ពុជា៕ សេង ណារិទ្ធ









