ក្រសួងមហាផ្ទៃកម្ពុជា តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ បានក្រើនរម្លឹកដល់គណបក្សនយោបាយនានា ពាក់ព័ន្ធនឹងការទទួលវិភាគទានពីភាគីបរទេស ដែលជាសកម្មភាពផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន។
ការរម្លឹករបស់ក្រសួងមហាផ្ទៃនេះ ធ្វើឡើងបន្ទាប់ពីសារព័ត៌មាន The Sunday Guardian បានចុះផ្សាយអំពីការផ្តល់វិភាគទានពីភាគីបរទេស ឱ្យគណបក្សនយោបាយមួយចំនួននៅកម្ពុជា រួមបញ្ចូលគ្នាជាគណបក្សតែមួយ ដើម្បីត្រៀមចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៨។
សារព័ត៌មាន The Sunday Guardian បានចុះផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ មានគម្រោងឧបត្ថម្ភថវិកា ក្នុងគោលបំណងពង្រឹងចលនាបក្សប្រឆាំង នៅកម្ពុជា រួមទាំងការស្វែងរកលទ្ធភាពរួមបញ្ចូលគ្នានៃគណបក្សចំនួនប្រាំ ឱ្យទៅជាអង្គការនយោបាយតែមួយ មុនពេលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៨ ឈានចូលមកដល់។
ក្រសួងមហាផ្ទៃ សង្កត់ធ្ងន់ថា ប្រសិនបើការផ្សព្វផ្សាយព័ត៌មាននេះ គឺជាការពិត ក្រសួងមហាផ្ទៃ សូមរម្លឹកគណបក្សនយោបាយទាំងអស់ថា រាល់ការទទួលវិភាគទានពីភាគីបរទេស ទោះក្នុងរូបភាពណាក៏ដោយ គឺជាសកម្មភាពផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន។
យ៉ាងណាក៏ដោយ តាមរយៈសេចក្តីប្រកាសព័ត៌មាននោះ ក្រសួងមហាផ្ទៃ មិនបានបញ្ជាក់ អំពីឈ្មោះរបស់គណបក្សនយោបាយ រួមទាំងប្រភពហិរញ្ញវត្ថុដែលបានផ្តល់ពីក្រៅប្រទេសមកឱ្យគណបក្សនានា នៅក្នុងប្រទេសកម្ពុជានោះទេ។
បើតាមក្រសួងមហាផ្ទៃ ច្បាប់ស្តីពីគណបក្សនយោបាយ បានចែងថា គណបក្សនយោបាយ ត្រូវបានហាមឃាត់មិនឱ្យទទួល វិភាគទាន ទោះតាមរូបភាពណាក៏ដោយ ពីស្ថាប័នបរទេស ក្រុមហ៊ុនបរទេស ជនបរទេស ឬអង្គការ ដែលមានប្រភពហិរញ្ញប្បទានពីបរទេស។ ក្នុងករណីល្មើសច្បាប់បានអនុញ្ញាតឱ្យ ក្រសួងមហាផ្ទៃ នឹងផាកពិន័យជាប្រាក់ និងអាចប្តឹងរំលាយគណបក្សនយោបាយនោះទៅតុលាការកំពូល។ ច្បាប់ ក៏បានចែងទៀតថា មិនឱ្យគណបក្សនយោបាយ ស្ថិតនៅក្រោមចំណុះ ឬការបង្គាប់បញ្ជារបស់គណបក្សនយោបាយបរទេស ឬរដ្ឋាភិបាលបរទេស។ ក្នុងករណីល្មើស តុលាការ អាចសម្រេចផ្អាកសកម្មភាពគណបក្សនយោបាយ ឬអាចរំលាយគណបក្សនយោបាយនោះតែម្តង ក្នុងករណីល្មើសធ្ងន់ធ្ងរ។
ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ ក៏បានវាយតម្លៃខ្ពស់និងលើកទឹកចិត្តចំពោះគណបក្សនយោបាយទាំងឡាយ ដែលបាននិងកំពុងធ្វើសកម្មភាពស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បីរួមចំណែក ពង្រឹងនីតិរដ្ឋ កសាង និងអភិវឌ្ឍជាតិ តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងឯកភាពជាតិ៕




