(ភ្នំពេញ)៖ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នេះ មហាជនបាននឹងកំពុងទន្ទឹងរង់ចាំមើលចំណាត់ការយ៉ាងម៉ឺងម៉ាត់ពីថ្នាក់ដឹកនាំ និងសមត្ថកិច្ចជំនាញ ក្រោយពីមានការទម្លាយទាំងវីដេអូរួមទាំងសំឡេងបែកធ្លាយនៃការចរចារវាងម្ចាស់ទីតាំង និងអ្នកមើលការខុសត្រូវ (អ្នកកាងល្បែង) នៅឯទីតាំងល្បែងស៊ីសងខុសច្បាប់ទ្រង់ទ្រាយធំមួយកន្លែង។
ទីតាំងបនល្បែងខាងលើនេះ គឺមានទីតាំងស្ថិតនៅទល់មុខព្រលានយន្តហោះចាស់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលបើកលេងយ៉ាងគគ្រឹកគគ្រេង និងមានការការពារយ៉ាងតឹងរ៉ឹងពីសំណាក់សន្តិសុខនិងអ្នកមើលការខុសត្រូវខាងក្នុង។ យោងតាមសំឡេងចរចាដែលបានបែកធ្លាយ កិច្ចសន្ទនារវាងភាគីពាក់ព័ន្ធ និងអ្នកកាងទីតាំងបានលាតត្រដាងឱ្យឃើញពីសកម្មភាពសម្របសម្រួល និងការចរចាគ្នាដើម្បីដំណើរការល្បែងទាំងនោះ ដែលមានលេងដូចជា៖
បៀការ៉ាត់
ល្បែងភ្នាល់តាមប្រព័ន្ធអនឡាញ
ការចាក់បាល់ជាដើម ដែលបើកដំណើរការជាប្រចាំថ្ងៃយ៉ាងរលូន
ទោះបីជារាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំ បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យបោសសម្អាតរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទយ៉ាងណាក៏ដោយ ប៉ុន្តែទីតាំងខាងលើនេះហាក់គ្មានរងការប៉ះពាល់ ឬមានសមត្ថកិច្ចចុះបង្ក្រាបនោះឡើយ។
ជុំវិញករណីអសន្តិសុខសង្គមនេះ មហាជនក៏ដូចជាប្រជាពលរដ្ឋ សង្ឃឹមយ៉ាងមុតមាំថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនបាលរាជធានីភ្នំពេញ នឹងចាត់វិធានការក្តៅ និងបញ្ជាឱ្យកម្លាំងជំនាញចុះទប់ស្កាត់បង្ក្រាបទីតាំងអបគមន៍ល្បែងស៊ីសងខុសច្បាប់មួយនេះឱ្យបានឆាប់ៗខាងមុខ ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។




