(ខេត្តកែប) ៖ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា បាននិងកំពុងជំរុញដល់រដ្ឋបាលខេត្តកែប និងខេត្តកំពត ធ្វើយ៉ាងណារៀបចំកែលម្អ ដាក់បញ្ចូលឆ្នេរអង្កោល និងឆ្នេរកោះពោធិ៍ ជាបេក្ខភាពក្នុងចលនាប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី២ ឆ្នាំ២០១៩។
ការជំរុញបែបនេះ បានលើកឡើង ក្នុងខណៈដែលគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឃន៍ឆ្នេរសមុទ្រកម្ពុជា បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី”ការប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី២ ឆ្នាំ២០១៩”និងបើកវគ្គបណ្តុះបណ្តាលស្តីពី”ការរៀបចំផែនការសកម្មភាពសម្រាប់ការគ្រប់គ្រង និងកែលម្អរមណីយដ្ឋានឆ្នេរខ្សាច់”នៅក្នុងសាលប្រជុំសាលាខេត្តកែប កាលពីថ្ងៃទី២៨ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក នី ផល្លី អគ្គលេខាធិការរង គ អ ឆ ក និងជាប្រធានការងារទទួលបន្ទុកតាមដាន និងវាយតម្លៃឆ្នេរខ្សាច់កម្សាន្តស្អាត លោកស្រី អ៊ុល ភិរុណ អភិបាលរងខេត្តកែប និងលោក បិុល កុសល អភិបាលរងខេត្តកំពត ព្រមទាំងមានការចូលរួមពីអស់លោកជាប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ក្រុមការងារគ្រប់គ្រងឆ្នេរ និងប្រតិបតិ្តករទេសចរណ៍ជាច្រើនរូប។
លោកនី ផល្លី អគ្គលេខារង នៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា បានបញ្ជាក់ថា ការជំរុញឲ្យមានការកែលម្អ ក៏ដូចជាការចុះពិនិត្យផ្ទាល់ ត្រូវចាំបាច់ផ្តល់ជំនួយបច្ចេកទេសក្នុងការរៀបចំការកែលម្អឆ្នេរទាំងនោះឲ្យបានស្អាតស្របតាមស្តង់ដារបច្ចេកទេស ដើម្បីអាចយកពន្ទុនិងចំណាត់ថ្នាក់ល្អក្នុងការប្រឡងប្រណាំងឆ្នេរកម្សាន្តស្អាត ឆ្នាំ២០១៩ខាងមុខនេះ។
ដោយឡែកសម្រាប់ឆ្នេរខេត្តកំពត ក្នុងខណៈពេលដែលមិនទាន់មានឆ្នេរខ្សាច់កម្សាន្ត និងកំពុងធ្វើការអភិវឌ្ឍន៍នៅកំពតថ្មី លោកនឹងជំរុញនិងស្នើដល់រដ្ឋបាលខេត្តកំពត សិក្សាក្នុងការជ្រើសរើសយកទីតាំងឆ្នេរខ្សាច់ណាមួយ ដើម្បីធ្វើការរៀបចំកែលម្អ ដូចជានៅតំបន់ឆ្នេរព្រែកចាកជាដើម សម្រាប់ចូលរួមក្នុងការប្រឡងប្រណាំងឆ្នេរកម្សាន្តស្អាតលើកទី២ ឆ្នាំ២០១៩ផងដែរ ដោយការងារនេះ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា នឹងជួយគាំទ្រផ្នែកបច្ចេកទេសក្នុងការងារនេះ៕
សេង ណារិទ្ធ








