នៅថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៩តាមប្រភពពីប្រជាពលរដ្ធនឹងមន្ត្រីរដ្ធបាលព្រៃឈើនិងសកម្មជនព្រៃឈើក្នុងខេត្តរតនគិរី បានបង្ហើបឲ្យដឹងថា រយៈពេលប៉ុន្មានយប់កន្លងទៅនេះគឺក្នុងមួយយប់ៗឈ្មួញធំៗសម្រុកដឹកជញ្ជូនឈើចេញពីខេត្តមណ្ឌលគិរី តាមរថយន្តតូចធំរាប់រយគ្រឿងយ៉ាងរលូន។
ប្រភពបានឲ្យដឹងទៀតថា លោក អ៊ុំ វណ្ណសុភគ៌ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតមិនហ៊ានប៉ះពាល់ក្រុមឈ្មួញដែលបង្កើនសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួននិងដឹកជញ្ជូនឈើចេញទៅបណ្ដាខេត្តផ្សេងៗទៀតយ៉ាងគគ្រឹកគគ្រេងនោះទេ។ សូម្បីតែលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ក៏រក្សាភាពស្ងៀមស្ងាត់ផងដែរ ក្នុងខណៈដែលឈ្មួញខ្មែរនិងឈ្មួញយួនច្រើននាក់បន្តសកម្មភាពដឹកជញ្ជូនឈើចេញពីខេត្តមណ្ឌលគិរី យ៉ាងរាលដាល។
តាមសេចក្ដីរាយការណ៍ពីប្រជាសហគមន៍ការពារព្រៃឈើក្នុងស្រុកកោះញែក បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញធំៗជាច្រើននាក់ដូចជា ឧកញ៉ា សឹង សំអុល និងឧកញ៉ា តុប វីដា ជាដើមនៅតែបន្តសកម្មភាពកាប់ឈើដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច និងតំបន់ដែនជម្រកសត្វព្រៃស្រែពក ដោយគ្មានញញើតអ្វីទាំងអស់។ ប្រជាសហគមន៍ការពារព្រៃឈើក្នុងស្រុកកោះញែក បានឲ្យដឹងទៀតថា មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកកោះញែក គឺជាអ្នកឃុបឃិតឲ្យឈ្មួញធំៗកាប់ឈើដឹកចេញពីតំបន់ព្រៃការពារ ព្រៃអភិរក្ស និងព្រៃសហគមន៍ក្នុងស្រុកកោះញែក ដើម្បីជាថ្នូរនឹងផលប្រយោជន៍យ៉ាងសុខស្រួល។
មានន័យថា បទបញ្ជារបស់លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ក្នុងការទប់ស្កាត់បទល្មើសបំផ្លាញព្រៃឈើកំពុងក្លាយទៅជារឿងឥតន័យ ព្រោះមេឈ្មួញធំៗដូចជាមេឈ្មួញ សឹង សំអុល និងមេឈ្មួញ តុប វីដា មេឈ្មួញ ប៉ោ សំអឿន បន្តឃុបឃិតគ្នាបំផ្លាញព្រៃឈើក្នុងស្រុកកោះញែក ដោយគ្មានខ្លាចក្រែងអ្វីទាំងអស់។
បើតាមប្រភពពីមន្ត្រីនគរបាលនៅក្នុងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី មួយចំនួនបានបង្ហើបឲ្យដឹងថា រហូតមកដល់ពេលនេះមេឈ្មួញ គួយ សុឃុន ដែលជាមន្ត្រីនគរបាលខេត្ត និងជាប្អូនប្រុសរបស់លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី នៅតែបន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងពេញបន្ទុក។
ទន្ទឹមនឹងនេះប្រភពខ្លះបានឲ្យដឹងថា លោក ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី គ្មានឆន្ទៈក្នុងការទប់ស្កាត់បទល្មើសដឹកជញ្ជូនឈើចេញទៅស្រុកយួននោះទេ ហើយស្នងការរងនគរបាលខេត្តមណ្ឌលគិរី ម្នាក់ឈ្មោះ កែវ ចិន្ដា ហៅធូ ក៏ជាប់ពាក់ព័ន្ធទៅនឹងបទល្មើសដឹកជញ្ជូនឈើចេញទៅស្រុកយួនដែរ។ ប្រការនេះកំពុងធ្វើឲ្យព្រៃឈើដែលនៅសេសល់ក្នុងស្រុកកោះញែក ស្រុកកែវសីមា ស្រុកអូររាំង និងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ចៀសមិនផុតពីសេចក្ដីវិនាសសាបសូន្យឡើយព្រោះក្រុមឈ្មួញធំៗនៅតែដឹកជញ្ជូនឈើចេញពីខេត្តមណ្ឌលគិរី យ៉ាងពេញបន្ទុកដោយគ្មានខ្លាចក្រែងអ្វីទាំងអស់..? ៕





