(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពតបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តបន្តឆ្នាំ ២០១៩ ក្រោមអធិបតីភាព លោក ជាវ តាយ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត។
ក្នុងកិច្ចប្រជុំនេះមានរយៈមួយព្រឹកដោយមានសមាសភាពចូលរួម ពីប្រធានគណៈកម្មាធិការសាខា សមាជិក សមាជិកា គណៈកម្មាធិការសាខា ប្រធានកិត្តិយសនិងប្រធានគណៈកម្មាធិការអនុសាខាក្រុង ស្រុកទាំង៨និងក្រុមប្រតិបត្តសាខាសរុប៤២នាក់ដោយបានផ្ដោតលើរបៀប វារៈសំខាន់ៗ៖
១-ការពិភាក្សានិងអនុម័ត លើរបាយការណ៍ឆ្នាំ២០១៨ និងទិសដៅឆ្នាំ២០១៩។
២-ពិភាក្សារៀបចំសន្និបាតរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត អាណត្តិទី៥។
៣-ពិភាក្សារួមលើការរៀបចំទិវា៨ឧសភាឆ្នាំ២០១៩។
ជាមួយគ្នានេះ លោក ជាវ តាយ ប្រធានកិតិ្តយសសាខាកាកបាទក្រហម កម្ពុជាខេត្តកំពត បានឲ្យដឹងថា ជារួមលទ្ធផលការងារក្នុងវិស័យស្នូលទាំង៤របស់កាកបាទក្រហមកម្ពុជាដែលសាខាកាកបាទក្រហមខេត្តកំពតបានអនុវត្តនៅក្នុងឆ្នាំ២០១៨កន្លងមក ក្នុងនោះរួមមានការងារ លើការគ្រប់គ្រង គ្រោះមហន្តរាយ ការងារសុខភាពនិងការថែទាំសុខភាពក្នុងសហគមន៍ ការងារលើកកម្ពស់គោលការណ៍គ្រឹះនិងតម្លៃមនុស្សធម៌និង ការងារអភិវឌ្ឍស្ថាប័ននិងធនធានដោយក្នុងនោះសម្រេចបានលទ្ធផលគួរឲ្យកោតសរសើរផងដែរ។
ទន្ទឹមនឹងនោះក៏បានដាក់ចេញនូវទិសដៅបង្កើនការអនុវត្តសកម្មភាពបន្តទៀតក្នុងឆ្នាំ២០១៩ ដោយផ្សារភ្ជាប់នូវវិស័យស្នូលទាំង៤ខាងលើឲ្យបានកាន់តែចំគោលដៅនិងមានប្រសិទ្ធភាពល្អប្រសើរថែមទៀត។
សូមជម្រាបថា៖តាមរបាយការណ៍របស់ លោក កែវ សុផាន់ នាយកប្រតិបតិ្តសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានឲ្យដឹងដែរថា លទ្ធផលដែលសម្រេចបានក្នុងឆ្នាំ២០១៨កន្លងទៅនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពតបានទទួល សមាជិកភាពពីសប្បុរសជន តាមមន្ទីរ អង្គភាពចាប់ពីថ្នាក់កិត្តិយសរហូតដល់សមាជិកភាពពីថ្នាក់លេខ១ដល់ថ្នាក់លេខ៧សរុប ចំនួន ១០.២២២នាក់ និងទទួលបានទឹកប្រាក់សរុបចំនួន ៦៧.៣៧៥.០០០រៀល៕
សេង ណារិទ្ធ






